អនុ​ប្រធាន​ទី១​រដ្ឋសភា លោក ងួន ញ៉ិល ទទួល​មរណភាព​ដោយ​រោគាពាធ

លោក ងួន ញ៉ិល ក្នុងពិធីចុះជួបមន្ត្រីមូលដ្ឋាននៅខេត្តកំពង់ធំ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ឯកឧត្តមបណ្ឌិត ងួន ញុិល – H.E Nguon Nhel)

អនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល បានទទួលមរណភាពនៅ​ម៉ោង១០​និង​៣៦នាទី​ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា​នេះ ក្នុងជន្មាយុ៧៩​ឆ្នាំ ដោយរោគាពាធ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា សពរបស់លោក ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីពុទ្ធសាសនា នៅគេហដ្ឋាននៃសព នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ងួន ញ៉ិល គឺជាតំណាងរាស្ត្រខេត្តកំពង់ធំ និងជាអនុប្រធានទី១ នៃរដ្ឋសភា។ លោកកើតនៅថ្ងៃទី​២២ ខែធ្នូ ឆ្នាំ១៩៤២​ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយ​​បច្ចុប្បន្ន​លោកមានទីលំនៅនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ លោកមានកូនចំនួន៦នាក់។

ក្រៅពីតំណែងជាអនុប្រធានទី១នៃរដ្ឋសភា លោកក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចន្លោះពីឆ្នាំ១៩៨៩ ដល់ឆ្នាំ​១៩៩៣។

តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានសរសេរសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបានចាត់ទុក​​ការបាត់បង់លោក ងួន ញ៉ិល ថា​ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប​របស់​កម្ពុជា ដែល​កន្លង​មក លោកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាច ក្នុងការបំពេញកិច្ចការជូនប្រទេសជាតិនិងប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ