កិច្ចចរចា​ដោះស្រាយ​បញ្ហា​នៅ​ស៊ូដង់​កំពុង​តែ​វិវត្ត​ទៅមុខ ស្របពេល​មាន​សម្ពាធ​ពី​អន្តរជាតិ​

លោក Abdalla Hamdok នាយករដ្ឋមន្ត្រីស៊ូដង់។ (ហ្វេសប៊ុក៖ عبد الله حمدوك Abdalla Hamdok)

ប្រភពស្និទ្ធនឹងនាយក​រដ្ឋមន្ត្រីប្រទេសស៊ូដង់ លោក Abdalla Hamdok បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិល​មិញ​ថា ការពិភាក្សានានារវាងនាយករដ្ឋមន្ត្រីរបស់ខ្លួន និងមេដឹកនាំនៃរដ្ឋប្រហារយោធា កាលពី​ថ្ងៃទី​២៥ ខែតុលា កំពុងតែដំណើរការទៅមុខ ស្របពេលដែល​សហរដ្ឋ​អាមេរិក និង​អង្គការ​សហ​​ប្រជាជាតិ ​​បាន​​ដាក់​សម្ពាធ​ឱ្យ​មានជា​ដំណោះស្រាយលើបញ្ហានេះ។

ប្រភពមួយផ្សេងទៀតបានបន្ថែម​ថា ស៊ូដង់អាចនឹង​បង្កើតក្រុមប្រឹក្សា​អធិបតេយ្យថ្មី​មួយដែល​មានសមាជិក​ចំនួន១៤​រូបក្នុងពេលឆាប់ៗនេះ ក្នុងជំហានដំបូងដោយយោធា ឆ្ពោះទៅរកការបង្កើតស្ថាប័ន​អន្តរ​កាល​ថ្មី។

ជាសញ្ញាចុងក្រោយនៃការបង្កើនសម្ពាធអន្តរជាតិ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក Antonio Guterres បានថ្លែងទៅកាន់មេបញ្ជាការ​យោធា​ប្រទេស​ស៊ូដង់​ លោក​ឧត្ដម​សេនីយ៍ Abdel-Fattah Burhan នៅថ្ងៃព្រហស្បតិ៍​ ដោយបានជំរុញឱ្យមេបញ្ជាការ​យោធារូបនេះស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងដំណើរការអន្តរកាល។

ជាមួយគ្នានេះ ក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​ជាមួយរដ្ឋមន្ត្រីការ​បរទេស​​អាមេរិក លោក Antony Blinken ​ក្នុងថ្ងៃព្រហស្បតិ៍ដដែល លោក Abdel-Fattah Burhan ក៏បានយល់ព្រមលើតម្រូវការក្នុងការពន្លឿនដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ការិយាល័យលោក Abdel-Fattah Burhan យកមកចុះផ្សាយថា៖ «ភាគីទាំង២ បានឯកភាពគ្នាលើភាពចាំបាច់ក្នុងការរក្សាឱ្យបាននូវមាគ៌ានៃការផ្លាស់ប្ដូរប្រកបដោយប្រជាធិបតេយ្យ តម្រូវការក្នុងការបំពេញរចនាសម្ព័ន្ធនៃរដ្ឋាភិបាលអន្តរកាល និងជំរុញការបង្កើតរដ្ឋាភិបាល»។

យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ថែមថា នៅក្នុងការអំពាវនាវរបស់លោក Antony Blinken នេះ ក៏បានជំរុញឱ្យលោក Abdel-Fattah Burhan ដោះលែងភ្លាមៗនូវឥស្សរជននយោបាយ​ទាំងអស់ដែលត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារ ត្រលប់ទៅរកការសន្ទនាដោយអនុញ្ញាតឱ្យលោក Abdalla Hamdok ចូលទៅកាន់កាប់តំណែងវិញ និងស្ដារអភិបាលកិច្ចដែលដឹកនាំដោយជនស៊ីវិលនៅស៊ូដង់។

ទាក់ទិននឹងករណីនេះ អង្គការសហប្រជាជាតិ ក៏បាននិងកំពុងព្យាយាម​សម្រុះសម្រួល​ ដើម្បី​បញ្ចប់វិបត្តិ​នយោបាយដែលកើតឡើងក្រោយរដ្ឋប្រហារនៅក្នុងប្រទេសស៊ូដង់ផងដែរ ខណៈដែលអ្នកនយោបាយស៊ីវិលកំពូលមួយចំនួនត្រូវបានឃុំខ្លួន ហើយលោក Abdalla Hamdok ក៏ត្រូវបានកងកម្លាំងយោធាដាក់នៅក្រោមការឃុំខ្លួននៅក្នុងផ្ទះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ