សកម្មជន​នយោបាយ​និង​សង្គម​៥នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ

បុរសម្នាក់ឈរសម្លឹងមើលទៅអគារសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

តុលាការកម្ពុជា បានដោះលែងសកម្មជននយោបាយនិងសង្គម៥នាក់នៅថ្ងៃសុក្រនេះ បន្ទាប់ពីតុលាការបានកាត់តម្រឹមទោសជាប់ពន្ធនាគាររយៈពេល១៤ទៅ១៥ខែ ខណៈសកម្មជន​មាតាធម្មជាតិ​៣នាក់ទៀត ត្រៀម​នឹងដោះលែងដែរនៅក្នុង​ថ្ងៃជាមួយគ្នានេះ។

សកម្មជនសង្គម៣នាក់ដែលត្រូវបានដោះលែងនៅថ្ងៃនេះ រួមមាន សមាជិកយុវជនខ្មែរថាវរៈ អតីតព្រះតេជគុណ កើត សារ៉ាយ, លោក ថា ឡាវី និងលោក មាន ព្រហ្មមុនី និងសកម្មជននយោបាយអតីតគណបក្សប្រឆាំងពីរនាក់ គឺលោក ជុំ ពុទ្ធី និងលោក ឈួរ ផេង។ ពួកគេត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគារយៈពេល១៤ខែ។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា បានកាត់ទោសអតីតព្រះសង្ឃ កើត សារ៉ាយ, លោក ថា ឡាវី និងលោក មាន ព្រហ្មមុនី រួមជាមួយសមាជិកខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរផ្សេងទៀតដូចជា កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក មួង សុភ័ក្រ និងកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់ម្នាក់២ ០០០ ០០០រៀលពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសតែ១៤ខែប៉ុណ្ណោះ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងរយៈពេល២ឆ្នាំ។ លើកលែងតែកញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ត្រូវអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៥ខែ។

ចំណែកសកម្មជនអតីតគណបក្សប្រឆាំង២នាក់ គឺលោក ជុំ ពុទ្ធី និងលោក ឈួរ ផេង រួមជាមួយសមាជិកអតីតគណបក្សប្រឆាំងម្នាក់ទៀត គឺលោក គង់ សំអាន ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២០ខែ និងពិន័យជាប្រាក់ម្នាក់ចំនួន២លានរៀល (២ ០០០ ០០០រៀល) ដូចគ្នា ប៉ុន្តែលោក ជុំ ពុទ្ធី និងលោក ឈួរ ផេង ត្រូវអនុវត្តទោសជាប់ពន្ធនាគារចំនួន១៥ខែ ខណៈទោសដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

បើតាមលោក សំ ចំរើន មេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថាន សិទ្ធិមនុស្ស និងយុវជនខ្មែរថាវរៈ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ការដោះលែងនេះ បន្ទាប់ពីពួកគាត់អនុវត្តទោសចប់តាមការកំណត់របស់តុលាការ។ លោកបន្តថា ចាប់ពីថ្ងៃនេះទៅ នឹងមានការដោះលែងយុវជនខ្មែរថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរជាបន្តបន្ទាប់។

លោកថា៖ «យុវជនខ្មែរថាវរៈហ្នឹង គឺគាត់អនុវត្តទោសគ្រប់ចំនួន អ៊ីចឹងសម្រាប់ថ្ងៃ ៥នាក់​នេះ ដោះលែង ៣នាក់ តេជគុណ កើត សារ៉ាយ, លោក ថា ឡាវី និងលោក មាន ព្រហ្មមុនី។ សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា [នឹងដោះលែង] កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា។ ហើយថ្ងៃទី១១ ដោះលែងលោក មួង សុភ័ក្រ និងថ្ងៃទី១២ ខែវិច្ឆិកា ដោះលែង ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ហ្នឹងហើយ ព្រោះគាត់ផុត​កំណត់​​ទោស ព្រោះសាលាដំបូងកាត់ឱ្យគាត់ជាប់ពន្ធនាគារ១៤ខែ ហើយពេលវេលា១៤ខែ ដូចខ្ញុំបានបញ្ជាក់មិញហើយ ច្បាស់ហើយណាស់»

ក្រៅពីការដោះលែងសកម្មជនសង្គមនិងនយោបាយ ៥នាក់ នៅថ្ងៃនេះ ចៅក្រមសាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះ ក៏បានកាត់ក្ដីតម្រឹមទោសឱ្យសកម្មជនមាតាធម្មជាតិ ៣នាក់ ជាប់ពន្ធនាគារចំនួន១ឆ្នាំ២ខែ ដោយទោសដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលដីកា នៅថ្ងៃសុក្រនេះ ដោយសម្រេចឱ្យសកម្មជនបរិស្ថានទាំង៣​នាក់ រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី អនុវត្តទោសនៅក្នុងពន្ធនាគារចំនួន១ឆ្នាំ២ខែ និង​បានដាក់ឱ្យពួកគេ​ទាំង៣នាក់នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​រយៈពេល៣ឆ្នាំ។

ក្នុងសម្លៀកបំពាក់ពណ៌ទឹកប៊ិក ដៃជាប់ខ្នោះ ដើរចេញពីបន្ទប់សវនាការ បន្ទាប់ពីស្ដាប់ចៅក្រមប្រកាសសាលដីការួច កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី បានប្រាប់អ្នកសារព័ត៌មាន វីអូឌី ថា ទោះបីជាសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសពួកគាត់ឱ្យអនុវត្តទោស១ឆ្នាំ២ខែ នឹងត្រូវលែងនៅថ្ងៃនេះក្ដី ប៉ុន្តែពួកគាត់នៅតែមិនសប្បាយចិត្តចំពោះការសម្រេចក្ដីរបស់តុលាការឡើយ។

កញ្ញា ភួន កែវរស្មី និយាយថា​៖ «ពួកខ្ញុំចាត់ទុកការសម្រេចរបស់តុលាការនៅតែជារឿងអយុត្តិធម៌សម្រាប់ពួកខ្ញុំ ព្រោះពួកខ្ញុំមិនបានធ្វើខុសដូចការចោទប្រកាន់»

ចំណែកសកម្មជនមាតាធម្មជាតិម្នាក់ទៀត គឺលោក ថុន រដ្ឋា ក៏បានលើកឡើងក្នុងទឹកមុខមាំមកកាន់អ្នកសារព័ត៌មានដែរថា រូបលោក​​មិន​​តក់ស្លុតឡើយ ដោយសា​រសកម្មភាពដែលពួកគាត់បានធ្វើកន្លងមក គឺដើម្បីការពារផលប្រយោជន៍​ប្រទេសជាតិទាំងមូល។ លោកថា ពួក​គាត់នៅតែមិនទទួលយកការសម្រេច​របស់​តុលាការដែលបានកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារ និងដាក់ពួកគាត់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​តាមផ្លូវតុលាការ​ ទាំងដែលពួកគាត់​មិន​បាន​ប្រព្រឹត្ត​កំហុសនោះទេ។

លោក ថុន រដ្ឋា បន្តថា ពួកគាត់នឹងពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងជំទាស់ជុំវិញការសម្រេចរបស់តុលាការ។

លោកថា៖ «ខ្ញុំនៅតែរឹងមាំ ព្រោះរឿងនេះជារឿងប្រទេសទាំងមូល។ ខ្ញុំមិនសប្បាយចិត្តការសម្រេចរបស់តុលាការទេ ព្រោះខ្ញុំមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់»។

សាលាដំបូងរាជធានីភ្នំពេញ សម្រេច​ផ្ដន្ទាទោស​​​​សកម្មជនបរិស្ថានទាំង៣នាក់ កាលពី​ខែ​ឧសភា ឆ្នាំ២០២១ ដាក់ពន្ធនាគារ​ចន្លោះពី១៨ខែទៅ២០ខែ ពីបទ «ញុះញង់» និងពិន័យជាប្រាក់ម្នាក់ៗ ៤ ០០០ ០០០រៀល។

បើទោះបីជាយុវជនបរិស្ថានទាំង៣​នាក់នឹងត្រូវដោះលែង បន្ទាប់ពី​អនុវត្តទោស​តាម​ការកំណត់​របស់តុលាការក៏ពិតមែន ប៉ុន្តែពួកគេ​ក៏នៅជាប់​ចោទ​​មួយ​ករណី​​ទៀត ​ពីបទ «រួមគំនិត​ក្បត់​» ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់១០ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស។

ការចោទប្រកាន់លើពួកគេមួយករណីទៀតនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ឃុំខ្លួន​យុវជន​បរិស្ថាន​មាតា​ធម្មជាតិ​ ៣រូប​ផ្សេង​ទៀត ក្នុងនោះ​មាន​​កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុធ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ដែលបច្ចុប្បន្ន ពួកគេ​កំពុងជាប់ឃុំក្នុងពន្ធនាគារ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា កន្លងមក អង្គការសង្គមស៊ីវិលបានទទូចឱ្យមានការទម្លាក់ចោលបទចោទប្រកាន់និងដោះលែងសកម្មជនបរិស្ថាននិងសិទ្ធិមនុស្ស​ដែលត្រូវបានចាប់ខ្លួនទាំងអស់ឱ្យមានសេរីភាពវិញ ដោយសារសកម្មភាពដែលពួកគាត់ធ្វើ គឺ​ដើម្បីការពារធនធានធម្មជាតិ និងការអនុវត្ត​សិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

លោកស្រីថា៖ «ការងារចូលរួម​នៅក្នុងការការពារបរិស្ថាន ​ការខ្វាយខ្វល់ពីធនធានធម្មជាតិ ឬការអនុវត្តនូវសេរីភាពមូលដ្ឋាន ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញយើង ​និងសិទ្ធិមនុស្សអន្តរជាតិ មិន​គួរតែក្លាយជាបទល្មើសទេ។ កិច្ចការទាំងអស់ហ្នឹងគួរតែត្រូវបានទទួលការសាទរ ជាជាងការដែលមានការ​បង្រ្កាបឬ​ផ្ដន្ទាទោសអីជាដើមហ្នឹង។ អ៊ីចឹង​ការផ្ដន្ទាទោសបែបនេះ គឺជាការ​បង្អាក់ដល់ការចូលរួមរបស់យុវជន​ និងសម្រាប់យុវជនដទៃទៀត»

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចំនួន៣​រូប បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការ​​​កាត់​ទោស​លើអ្នកហ៊ាន​ក្រោក​ឈរ ដើម្បីសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ