សង្គមស៊ីវិលនិងសាកលវិទ្យាល័យមួយ ស្នើរដ្ឋាភិបាលដំឡើងពន្ធលើផលិតផលថ្នាំជក់

បុរសម្នាក់កំពុងជក់បារី។ (ហ៊ុយ ឧស្សាហ៍)

សង្គមស៊ីវិល និងសាកលវិទ្យាល័យ​ជាតិ​មានជ័យ ស្នើរដ្ឋាភិបាលដំឡើងពន្ធលើ​ផលិតផលថ្នាំជក់យ៉ាងហោចណាស់​​៧០ភាគរ​យ​​នៃតម្លៃលក់​រាយ​ ដើម្បីកាត់​បន្ថយអាត្រានៃការស្លាប់របស់ពលរដ្ឋដោយ​សារ​ថ្នាំ​ជក់ និង​ការកើនឡើងនៃប្រាក់ចំណូលជាតិ។

តាមរយៈគោលនយោបាយ​​​សង្ខេបស្ដី​ពី ​«ពន្ធ​​​​លើ​ផលិផល​​ថ្នាំ​ជក់​​នៅ​កម្ពុជា» ​របស់​​គណៈកម្មការទទួលបន្ទុក​ស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិមានជ័យ ដែល​បាន​ផ្សព្វ​ផ្សាយ​ក្នុងសប្តាហ៍​នេះ ​បាន​​លើក​ឡើង​​ថា ​ប្រជា​ជន​​កម្ពុជា​​​ចំនួន១៥ ០០០នាក់​បានស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដែលបណ្ដាលមក​ពីការប្រើប្រាស់​​ថ្នាំ​ជក់​ ហើយ​​​លើសពី​​នេះ បញ្ហានេះ​​ធ្វើ​ឱ្យ​កម្ពុជា​ខាត​ប្រាក់​ប្រមាណជាង​ ២,៧១ទ្រីលានរៀល ឬស្មើនឹង ​៣% ​​នៃ​ផលិផលក្នុងស្រុកសរុប (GDP)។

​គោលនយោបាយ​សង្ខេប​ដដែលបន្ត​​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ​៩៩ភាគរយ ​សុទ្ធ​​​តែ​ដឹង​​​​ពី​ភាព​គ្រោះ​​ថ្នាក់​​នៃ​​បារី​និង​ផលវិបាក​នៃការ​ជក់​បារី​ទៅលើសុខភាព​និង​សង្គម។

ការ​ស្រាវ​ជ្រាវ​របស់សាកល​​​វិទ្យាល័យជាតិមានជ័យ រកឃើញដែរថា ពលរដ្ឋបាន​​គាំទ្រ​ឱ្យ​​ដំឡើង​​អត្រា​ពន្ធ​​ដល់ ​៦២ភាគរយ ​នៃតម្លៃលក់​រាយ​ ដែលច្រើន​ជាង​អត្រាពន្ធនាពេលបច្ចុប្បន្ននេះ​២ដង។ ដូច្នេះ ​​​​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​ជក់​បារី​ ​នឹង​​សម្រេចចិត្ត​ឈប់​​ជក់​ ក្នុង​ករណីដែល​បារី​ឡើងថ្លៃ​រហូត​​ដល់៤ដង ​ធៀបនឹង​​តម្លៃ​ដែល​បាន​ទិញ​​ចុង​ក្រោយ​​ (៣០០០រៀល​ក្នុងមួយ​កញ្ចប់​)។

តាម​រយៈ​​​​ការ​​ស្រាវ​ជ្រា​វ​​នេះ សាកល​​​វិទ្យាល័យជាតិមានជ័យ ​បានស្នើ​ដល់រដ្ឋាភិបាលគួរ​តែ​​ដំឡើងពន្ធ​លើ​ផលិផល​​ថ្នាំជក់​​ឱ្យបានទាប​បំផុត៧០ភាគរយ។

​សាកល​​​វិទ្យាល័យជាតិមានជ័យ ​លើកឡើងថា៖ «កម្ពុជា​គួរពិចារណាក្នុងការដំឡើងពន្ធលើផលិផលថ្នាំជក់​​ឱ្យបានសមស្រប ​ដើម្បីជា​យន្តការ​ទៅកាត់បន្ថយ​អត្រា​អ្នកគ្រោះថ្នាក់​ដោយផលិផលថ្នាំជក់​ និងក៏ដូចជា​ការខាតបង់​​សេដ្ឋកិច្ច​​ផ្សេងៗ​»។

នាយក​ប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាព លោក មុំ គង់ មានប្រសាសន៍នៅថ្ងៃទី០៤ ខែវិច្ឆិកា ថាការ​ដំឡើងពន្ធ​ផលិត​ផល​ថ្នាំជក់​ ជា​យុទ្ធ​សាស្រ្ត​​ឈ្នះៗ​​ ដែល​​អា​ច​ធ្វើឱ្យ​ចំណូលជាតិ​កាន់​​តែកើន​ឡើង ហើយ​​អត្រាអ្នកស្លាប់កាន់​តែ​ថយ​ចុះ​។

លោកលើកឡើងថា​៖ «​ការដំឡើងពន្ធថ្នាំជក់ហ្នឹង​ត្រូវបាន​សកលលោកទាំងមូល​​បង្ហាញ​ច្បាស់​ថា ​ជា​យុទ្ធសាស្រ្ត​ឈ្នះ​ៗ! ​ឈ្នះ​ទី១​ គឺមាន​ន័យ​ថា ​រដ្ឋាភិបាលដែល​ដំឡើងពន្ធថ្នាំជក់​ បានកម្រិត​៧០ភាគរយ​នៃតម្លៃ​​លក់​រាយ​ នឹងកាត់​បន្ថយចំនួន​ប្រជា​ពលរដ្ឋ​ដែល​ស្លាប់ ​ឈឺ ពិការ ​ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំជក់​ កាត់​បន្ថយទុក្ខវេទនារបស់ប្រជាជន។​ ហើយទន្ទឹមនឹងនោះ​ រដ្ឋ​នឹង​ប្រមូលថវិកាពន្ធបាន​ច្រើន​​បន្ថែម​​ទៀត​»។

អគ្គនាយក​​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល​ លោក​ ហុក គឹមចេង បដិសេធឆ្លើយ​តប​ចំពោះករណីនេះ ខណៈ​​​អ្នក​នាំពាក្យសុខាភិបាល​ លោកស្រី​ ឱ វណ្ណឌីន ប្រាប់​ថាជាប់រវល់ប្រជុំ។ ​​

បើតាមរយៈគោលនយោបាយ​​​សង្ខេបរបស់​សាកលវិទ្យាល័យជាតិមានជ័យ បច្ចុប្បន្ន​នេះ ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​នៅកម្ពុជា​ មានចន្លោះពី ​២៥​ភាគ​រយ ទៅ ៣១​ភាគរយ ​​នៃត​ម្លៃល​ក់​​រាយ។​ ហើយកម្ពុជាស្ថិតក្នុង​បណ្ដាប្រទេស​មានអត្រាពន្ធលើ​ផលិត​ផល​ថ្នាំជក់​នៅ​ទាប​នៅ​ឡើយ ​បើប្រៀ​ប​ធៀប​ជាមួយប្រ​ទេសមួយចំនួន​​ក្នុង​​តំបន់​​អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ