ក្រុមយុវជនខេត្តកំពង់ចាម ៣០នាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយទីក្រុងគ្មានផ្សែងបារី

ក្រុមយុវជននៅខេត្តកំពង់ចាម ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»។ (អភិបាលរងក្រុងកំពង់ចាម លោកស្រី រិន ធារ៉ា)

ក្រុមយុវជននៅខេត្តកំពង់ចាមជាង៣០នាក់ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»

នេះជាលើកទី៧ហើយដែលក្រុមយុវជនធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារផ្សែងបារី។ អ្នករៀបចំយុទ្ធនាការនេះ បង្ហាញពីគោលបំណងថា សកម្មភាពនេះគឺធ្វើឡើងដើម្បីបណ្ដុះគំ​​និ​ត​​​ឱ្យប្រ​​ជា​​​​ពលរដ្ឋចេះស្រឡាញ់សុខភាព និងបញ្ឈប់ការជក់បារី។ ជាការសង្កេត រកឃើញថាពលរដ្ឋ​​ខ្មែរ​​នៅតែបន្តទម្លាប់ក្នុងការជក់បារីនៅទីសាធារណៈ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភា​​ព​​កុ​​មា​​​​​​​​រតូចៗ​ និងមនុស្សនៅជុំវិញខ្លួន។ ហើយយុទ្ធនាការនេះត្រូវបានរៀបចំ​​ឡើង​​ចាប់ពីថ្ងៃទី ១៨ ខែ​​វិច្ឆិកា ឆ្នាំ២០២២ នឹង​​បញ្ចប់ទៅវិញក្នុងខែកម្ភៈ ឆ្នាំ២០២៣។

កញ្ញា លីម ស៊ាងឡេង ដែលបានចូលរួមបំផុតគំនិតឱ្យពលរដ្ឋចេះស្រឡាញ់សុខភាព បានប្រាប់ វីអូ​​ឌី ថាមូលហេតុដែលនាំឱ្យរូបគេចូលរួមក្នុងយុទ្ធនាការ «ទីក្រុងគ្មានផ្សែងបារី» នេះ ដោយសារចង់ឱ្យ​​​ប្រ​​ជាពលរដ្ឋដែលរស់នៅក្នុងក្រុងកំពង់ចាម យល់ដឹងពីផលប៉ះពាល់ដែលមកបណ្ដាលមកពីជក់​​បារី និងឱ្យបញ្ឈប់រាល់សកម្មភាពនៃការជក់បារីនៅតាមទីសាធារណៈ។ កញ្ញាបន្តថា សម្រាប់​យុទ្ធ​​នាការ​​នេះមិនមែនចង់ឱ្យអ្នកដែលកំពុងតែជក់បារី ហើយបញ្ឈប់ការ​ជក់តែម្តងនោះទេ ដោយគ្រា​​ន់តែ​ចង់​​ព​​ញ្ញា​ក់​ស្មារតីអ្នកប្រើប្រាស់បារីយល់ដឹងពីទីតាំងដែលច្បាប់អនុញ្ញាត​​នៅទីសាធារណៈ​​ប៉ុណ្ណោះ​​​។

​​កញ្ញាបន្តថា៖ «ពេលដែលយើងផ្សព្វផ្សាយទៅ គាត់យល់ដឹង កន្លែងហ្នឹងគាត់ធ្លាប់ជក់បារី តែគាត់បា​​ន​​ផ្លា​ស់ប្តូរ អត់ជក់បារីវិញ ដោយសារតែខ្ញុំបានប្រាប់ថាកន្លែងហ្នឹងមិនគួរជក់បារី ហើយយើងមាន​​បិទ​ផ្លាកហាមជក់បារី មានទាំងបារីអេឡិចត្រូនិចអីអ៊ីចឹងទៅ»។

កាលពីឆ្នាំ២០១៨ មន្ទីរសុខាភិបាល​ខេត្តកំពង់ចាម បានប្រកាសដោយតម្រូវ​ឱ្យម្ចាស់​អាជីវកម្ម ​ត្រូវ​ដាក់​បម្រាម​ដោយ​សសេរ​ថា «ហាម​ជក់​បារី ​ឬ NO SMOKING» ដោយ​អម​ជា​មួយ​នឹង​សញ្ញា​បម្រាម​ដែល​មានរូប​ភាព​បារី​មួយ​ដើម​នៅ​ក្នុង​រង្វង់​ក្រហម​ និង​មាន​បន្ទាត់​ក្រហម​មួយ​គូស​ចំ​អង្កត់​ផ្ចិត​បញ្ឆិ​​ត​​​​​ពី​ខាងលើ​នៃ​ផ្នែក​ខាង​ឆ្វេង​មក​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ។ តាមរយៈយន្តការនេះ ​នៅ​លើកញ្ចប់​​បារី​​នៃ​​​​ប​ម្រាម​នោះ​​​ទៀ​​​ត​​សោត ​ត្រូវ​ដាក់​សារព្រមាន​ថា «​ជន​ណា​ជក់​បារី​នៅ​កន្លែង​ហាម​ឃាត់ ​ត្រូវ​ពិន័យ​២​ម៉ឺន​រៀល»។ 

ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀតដែលបានចូលរួមក្នុងយុទ្ធនាការដែរនោះ គឺកញ្ញា ពុធ នាពីសះ ជាជនជាតិខ្មែរអ៊ីស្លាម ឱ្យដឹងថា នៅពេលចុះទៅផ្សព្វផ្សាយនៅកន្លែងណាមួយក្នុងក្រុងកំពង់ចាម គឺអ្នករៀបចំយុទ្ធនាការចង់ឱ្យអាជ្ញាធរសហការល្អជាមួយក្រុមយុវជន ដើម្បីធានាពីសុវត្ថិភា​​ព​ឱ្យបានត្រឹមត្រូ​​វ។ ប្រភពបន្តថា យុទ្ធនាការនេះ វាជាផ្នែកមួយដែលអាចជួយបណ្តុះគំនិតឱ្យពល​​រដ្ឋ​​យល់ដឹងពីផលប៉ះពាល់នៃផ្សែងបារី និងជំរុញឱ្យពលរដ្ឋកាត់បន្ថយការជក់បារីបានកាន់តែច្រើន។

កញ្ញាបន្តថា៖ «ខ្ញុំចង់សំណូមពរ នៅពេលយើងចុះទៅ ឧទាហរណ៍ថា កន្លែងផ្ទះសំណាក់អីហ្នឹងសូមឱ្យអាជ្ញាធរសហការ[ជាមួយយុវជន]គ្នាជាមុនសិន មុនពេលយើងចុះទៅ ខ្លាចមានបញ្ហាអី សូមឱ្យអាជ្ញាធរជាអ្នកធានាខុសត្រូវ»។

ជុំវិញរឿងនេះ អភិបាលរងក្រុងកំពង់ចាម លោកស្រី រិន ធារ៉ា ឱ្យដឹងថា សកម្មភាពក្រុមយុវជនចុះផ្សព្វផ្សាយក្រោមទិសស្លោកទីក្រុងគ្មានផ្សែងបារីនេះ រដ្ឋបាលក្រុងកំពង់ចាមបានសហការល្អជា​​មួ​​​យ​​ពួកគាត់ហើយ។ លោកស្រីបន្តថា តាមរយៈកិច្ចសហការនេះ រដ្ឋបាលក្រុងបានបង្កើនសកម្ម​​ភា​​ព​​​​​ជា​​​​និច្ចជាមួយក្រុមយុវជន ដើម្បីឱ្យប្រាកដថា ការចុះអប់រំនិងណែនាំពលរដ្ឋក្នុងមូលដ្ឋាន ប្រព្រឹត្តទៅ​​​​​​​ដោយគ្មានឧបសគ្គជាយថាហេតុណាមួយកើតឡើង។

មិនតែប៉ុណ្ណោះ អភិបាលរងក្រុងកំពង់ចាមរូបនេះ ឱ្យដឹងថា ក្នុងនាមអាជ្ញាធរដែនដី មានតែជួយ​​រក​​​វិធីធ្វើយ៉ាងណា​​​ជំ​​រុញ​​​​ឱ្យយុវជនមានវិធីសាស្រ្តក្នុងការបន្តផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំ​​​ពី​​ច្បា​​ប់​​ទ​​​ម្លា​ប់​ទៅដល់ពលរដ្ឋ និង​​បម្រាមនៃការ​ជក់​​បា​​​រី ​​ជា​​ដើម ​ឱ្យមាន​​ប្រ​​សិទ្ធភាព​​ថែម​​ទៀត។

លោកស្រីបន្តថា៖ «រដ្ឋបាលក្រុង បានសហការជាមួយនឹងយុវជន ស.ស.យ.ក តែម្តងទៅ ហើ​​យរាល់ការចុះហ្នឹង គឺក្រុមការងារបានហៅណាត់ជាមួយមេភូមិ អនុភូមិ និងជាមួយក្រុមគ្រូពេទ្យ មា​ន​ក្រុមគ្រូពេទ្យទៅតាមសង្កាត់ទៀត អ៊ីចឹងមានមណ្ឌលទាំង៤»។

បើតាមភិបាលរងក្រុងកំពង់ចាម គិតមកដល់ពេលនេះ អាជ្ញាធរបានចូលរួមសហកការ​​ក្នុងកា​​រ​​អប់​​រំ​​ជាមួយក្រុមយុវជន «ទីក្រុងគ្មានផ្សែងបារី»នេះ បាន៧លើកមកហើយ ក្នុងសង្កាត់ទាំង៤ និង៣២ ភូមិ​​ នៅទូទាំងក្រុងកំពង់ចាម។

ជាងនេះទៀត លោកស្រី រិន ធារ៉ា ថ្លែងថា ដើម្បីរឹតបន្តឹងអ្នកជក់បារីនៅ​​ទី​​​​តាំ​​ងសាធារណៈ គឺយុទ្ធ​​​នា​ការនេះក៏បានភ្ជាប់នឹងគោលការណ៍មួយចំនួនរបស់មន្ទីរសុខាភិបាល​​ខេ​​ត្តកំ​​ពង់ចាមដែរ។ នៅ​ក្នុ​​ង​​ខ្លឹមសារនៃបម្រាមរបស់មន្ទីរសុខាភិបាលនេះ គឺ​​មានពាក្យស្លោកដែល​​ដាក់​​ថា ហាមជក់បារី ជា​​ដើម យកទៅបិទនៅតាមអាហារដ្ឋាននានាក្នុងក្រុងកំពង់ចាម។​​ លើស​​​ពី​នេះ​ទៅទៀត ប្រសិន​​បើ​រក​​​​ឃើញ​​ថានៅតែមានអ្នកប្រព្រឹត្តបទល្មើសកើតឡើងទៀត ឬម្ចាស់អាជី​​វ​​​ក​ម្ម​​ណាមួយមិនអនុវត្ត​តា​​ម​​​​​​​គោលការណ៍នេះ នឹងត្រូវប្រឈមមុខនឹងការផាក់ពិន័យ។ គោលការណ៍នៃការ​ផាក់ពិន័យនេះ ចំ​​ពោះ​​​​ម្ចាស់​​អាជីវកម្ម ៥០ ០០០រៀល និងអ្នក​​ជក់​​បារី ២០ ០០០​​រៀ​​ល​។

ដោយឡែក ប្រធានការិយាល័យកម្មវិធីថ្នាំជក់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជ​​​បណ្ឌិ​​ត ថើ សុផាន់ណា ឱ្យដឹងថា ដើម្បីអាចធានាទៅដល់ការ​កាត់បន្ថយ​​អត្រានៃការប្រើប្រាស់​​សេវា​​ថ្នាំ​​ជ​ក់​​​​នេះបាន គឺភាគី​​ពា​​​​ក់​​ព័ន្ធ​​បានកំណត់ឱ្យអ្នកលក់បារីអាចដាក់តាំងលក់បាន៣កញ្ចប់ក្នុង​មួយ​​តូប​​​។

លោកបន្តថា អាជ្ញាធរក៏បានដាក់គោលការណ៍កំណត់ មិនអនុញ្ញាតឱ្យក្រុមហ៊ុនបារីដើរផ្សព្វ​​ផ្សា​​យ​ផលិតផលបារីនេះ​​​​នៅ​​តាមទីសាធារណៈដូចមុនទៀតដែរ។ ប្រភពដដែលបន្តថា ចំពោះម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន ដែលមិនអនុវត្តតាមការណែនាំនេះ នឹងត្រូវរងការផាកពិន័យក្នុងកម្រិតមួយដែល​​ធ្ងន់​​។

លោកបន្តថា៖ «ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន យើងបានហា​ម​ឃាត់ ក៏បានចេញលិខិតទៅដល់ក្រុង​​-ស្រុក ទាក់ទងទៅនឹងសេចក្តីណែនាំពីការតាំងលក់ផលិត​​ផលថ្នាំជក់ហ្នឹង ហើយនឹងបារីអេឡិច​ត្រូនិច នៅតាមបណ្ដាសាលារៀន ជាពិសេសអ្នកលក់បារីអេឡិចត្រូនិច ត្រូវបានហាមឃាត់ »។

ទាក់ទងបញ្ហានេះ លោក សុខ វណ្ណរ៉ា ប្រធានរដ្ឋបាល នៃអង្គការដើម្បីព្រះពុទ្ធសាសនា និង​​ការអ​​ភិវឌ្ឍ គាំទ្រចំពោះសកម្មភាពរបស់ក្រុមយុវជនដែលផ្សព្វផ្សាយ និងរៀបចំឱ្យមាន​​យុទ្ធ​​នា​​​​​​ការ «ទីក្រុងគ្មានផ្សែងបារី» នេះ។ លោកបន្តថា ឥទ្ធិពលរបស់បារីនេះមិនត្រឹមតែប៉ះពាល់ចំពោះសុ​​ខ​​ភាពអ្នកជក់​​ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យមនុស្សនៅជុំវិញខ្លួនក៏ទទួលរងផល​​មិនល្អ​​ពី​​​សារ​​ធាតុ​​បារីនេះ​​​ដែរ​​។

បន្ថែមពីលើនេះទៀត ក្នុងនាមអង្គការក្រៅរដ្ឋាភិបាល លោក សុខ វណ្ណរ៉ា ចង់ឃើញយុទ្ធនាការនេះប្រព្រឹត្ត​​ទៅដោយ​មានសកម្មភាពផុសផុលជាងនេះទៀត ហើយរួមគ្នាក្នុងទិសដៅតែមួយ ដើម្បី​​ឈា​​ន​​ទៅកាត់​​បន្ថយអត្រា​​ប្រើ​​ប្រា​​ស់​​​​​​ថ្នាំជាក់នេះឱ្យស្ថិតនៅក្នុងកម្រិតមួយទាបក្នុងពេលខាងមុខ។

លោកបន្តថា៖ «ខ្ញុំគិតថា អាជ្ញាធរគួរតែបង្កើនកិច្ចសហការ គាំទ្រទៅដល់យុវជនឱ្យពេញទំ​ហឹង ហើ​​​យ​​​សម្រួល ទីតាំងណា កន្លែងណា ក្រុមយុវជនទៅ គួរតែអាជ្ញាធរជម្រាបដល់ទីកន្លែ​ង​មុន ដើ​​ម្បីធា​​​នា​ពីការហៅថាសុវត្ថិភាពរបស់យុវជនដែរ»។

ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅក្នុងបញ្ញត្តិមាត្រា១០ ចែងថា ផលិតករថ្នាំជក់​​ក្នុង​​ស្រុ​​​ក និងអ្នកនាំចូលពីក្រៅ ហើយធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ត្រូវបោះពុម្ពសារព្រមាន​​ពីសុខ​​ភា​​ព​​​​​​​​ជាភាសាខ្មែរនៅលើរូបកញ្ចប់ផលិតផលថ្នាំជក់ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់​​ផលិតផលថ្នាំ​​ជក់​​។​ ហើយសារព្រមានអំពីសុខភាពនេះត្រូវបោះពុម្ព​មានទំហំ៥០ភាគរយ​​យ៉ាង​​តិច៕


អត្ថបទ​​ដោយ​​លោ​​ក សុខ ហេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ