លោក ហ៊ុន សែន ប្រាប់​មន្ត្រី​ឱ្យ​បន្ត​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​សុចរិតភាព

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និយាយជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន អំឡុងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរម្លឹក​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបន្ត​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដែល​នៅ​សេស​សល់ និង​​​ការ​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ ព្រមទាំង​ដោះស្រាយ​​​បញ្ហាដី​​សង្គមកិច្ច ហើយ​រាល់ការដោះស្រាយ​ត្រូវមាន​សុចរិត​ភាព។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ថ្ងៃ​ចន្ទនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានថ្លែងដោយណែនាំទៅក្រសួងមួយ​នេះបន្ត​ខិត​ខំ​ដោះ​ស្រាយ​ការ​ចេញ​បណ្ណកម្មសិទ្ធិ និង​ដោះស្រាយ​​បញ្ហាជម្លោះ​​​ដីធ្លី​ដែល​​នៅ​សេស​សល់​ជូន​ប្រជា​ពលរដ្ឋ ក្នុងនោះអាចប្រើ​យន្ត​ការ​សម្រប​សម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ។

លោកបន្តថា៖ «ហើយត្រូវមានសុចរិតភាពទៅលើការ​ដោះស្រាយ [ជម្លោះដីធ្លី] បើសិន​ជាមាន​សុចរិត​ភាព​ យើង​នឹង​ដោះ​ស្រាយ​​បាន​នូវ​បញ្ហា»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដល់ក្រសួង​រៀបចំដែនដី ខិតខំដោះស្រាយបញ្ហាដីសង្គមកិច្ចផងដែរ ដោយលោក​បានចាត់ទុក​​កិច្ច​ការ​ដី​សម្បទានសង្គមកិច្ចនេះ ថា​ជាការងារអាទិភាពរបស់​រដ្ឋាភិបាល។

លោក​បានរម្លឹកដែរ​ថា ប្រវត្តិនៃការអភិវឌ្ឍប្រទេសជាតិ តែងតែធ្វើឱ្យដីឡើងថ្លៃ ហើយនៅ​ពេល​ដីឡើងថ្លៃ ក៏តែងនាំឱ្យមានបញ្ហាទំនាស់ដីធ្លី តួយ៉ាងដូច​នៅសម័យសង្គមរាស្ត្រនិ​យម ដោយ​​សារ​តែ​ដី​ឡើង​ថ្លៃ ក៏មានមន្ត្រីមួយចំនួន​បាននាំគ្នា​សម្រុកស្នើសុំ​ដីធ្លីសម្រាប់​ទុកជា​កម្មសិទ្ធិ​ឯកជន​ផ្ទាល់​ខ្លួន ដែល​នាំឱ្យមានអំពើពុករលួយ​យកដីរបស់​ប្រជាពលរដ្ឋ​នៅតំបន់ខ្លះ និងបង្កបញ្ហាជាច្រើនដល់រដ្ឋាភិបាលនិងប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ