លោក ហ៊ុន សែន ព្រមាន​ដក​កម្មសិទ្ធិ​ដីធ្លី​ពី​ក្រុមប្រឆាំង​ដែល​តែង​រិះគន់​រឿង​ជម្លោះ​ដីធ្លី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​ថ្មី​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន អគារ​ទី​ស្តី​ការ​ថ្មី និង​វិទ្យាស្ថាន «តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន» ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ២ ខណ្ឌឫស្សីកែវ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

ប្រមុខរដ្ឋាភិបាលបានព្រមានដកយកកម្មសិទ្ធិដីធ្លីរបស់ក្រុមប្រឆាំង ដោយថា ដើម្បីឆ្លើយតបទៅនឹងការរិះគន់រឿងបញ្ហាជម្លោះដីធ្លីនាពេលកម្លងមក។

ក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅថ្ងៃ​ទី៨ ខែវិច្ឆិកា​ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កន្លងមក ក្រុមប្រឆាំងតែងតែនិយាយរិះគន់​រដ្ឋាភិបាលលើគម្រោងអភិវឌ្ឍន៍​ដែលធ្វើឱ្យប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋនិងតំបន់ការពារ។ លោកថា រាល់ការអភិវឌ្ឍ​នៅលើពិភពលោក គេចមិនផុសពីផលប៉ះពាល់បរិស្ថាននិងដីធ្លី​របស់ប្រជាពលរដ្ឋ​នោះ​ឡើយ។ 

លោកមានប្រសាសន៍ថា៖ «អាខ្លះអ្នកប្រឆាំង ប៉ុន្តែវាមកទិញដីនៅកន្លែងហ្នឹងដែរ វាមានដីនៅហ្នឹងដែរ! បើអ៊ីចឹង ​ដើម្បី​កុំឱ្យវាមានដី ទាល់តែដកកម្មសិទ្ធិវា! ហ្អែង​ពូកែទិតៀន អញដកកម្មសិទ្ធិហ្ហែងគ្រវាត់ចោល យកដីហ្អែងហ្មង! ប៉ុន្តែបើយកដីវា វាថាឯងដណ្ដើមដីវាទៀត»

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹ​ង​ការព្រមាន​របស់លោកនាយករដ្ឋមន្ត្រីនេះទេ។ លោកថា កន្លងមក​​ ពលរដ្ឋធម្មតាដែលប៉ះពាល់កម្មសិទ្ធិ​ដីធ្លីដោយ​​គម្រោង​អភិវឌ្ឍន៍​នានា ក៏រដ្ឋាភិបាលដកហូតដោយមិនបានដោះស្រាយសំណងត្រឹមត្រូវតាមផ្លូវច្បាប់​ដែរ។

លោកបន្ថែមថា៖ «យើងមិនមែនទើបឃើញនាយករដ្ឋមន្ត្រីគាត់ប្រកាសឥលូវនេះទេ ឃើញដកហូតជាហូរមកហើយ មិនមែនថាជាដីបក្សប្រឆាំង មិនប្រឆាំងទេ។ កន្លែងណាត្រូវអភិវឌ្ឍ កន្លែងណាដីថ្លៃ ដូចជានៅដី​ក្រហម បឹងកក់ កោះពេជ្រ​ គាត់ដក​ហូតជាហូរហែហើយហ្នឹង យើងមិនមានអីភ្ញាក់ផ្អើលទេ»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត បានបង្ហាញការសោកស្ដាយចំពោះការព្រមានដកកម្មសិទ្ធិដីធ្លីរបស់ក្រុមប្រឆាំងពីសំណាក់​ប្រមុខ​រដ្ឋាភិបាល​។ លោក​ថា តាម​គោលការណ៍ច្បាប់ គឺ​ពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើ​ភាពគ្នានៅចំពោះមុខច្បាប់ដោយ​គ្មាន​រើសអើងឡើយ។

មន្ត្រី​សិទ្ធិរូបនេះបន្ត​ថា ការរិះគន់មួយ​ចំនួន​មិនមែនជាការផ្ចាញ់ផ្ចាល ឬបន្ដុះ​បង្អាប់រដ្ឋាភិបាលនោះទេ តែ​​ ផ្ទុ​យ​ទៅវិញ មតិរិះគន់ទាំងនោះបាន​ជួយឱ្យរដ្ឋាភិបាលពិចារណាលើ​ការអភិវឌ្ឍ ដែលមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងផលប្រយោជន៍របស់ប្រជាពលរដ្ឋប៉ុណ្ណោះ។

លោកបន្ថែមថា៖ «យើងឃើញហើយថា រហូតមកដល់បច្ចុប្បន្ននេះ ច្បាប់របស់យើងគឺមិនបានបែងចែកថាពលរដ្ឋខាងបក្សប្រឆាំង និងមិនប្រឆាំងទេ។ សំខាន់ច្បាប់ គឺត្រូវតែអនុវត្តឱ្យបានស្មើភាពគ្នា។ ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់។ អ៊ីចឹង​សរុប​សេចក្ដីទៅ ប្រសិនបើមានសញ្ញាណនៃការដកហូត​ដីអី​ហ្នឹង អាហ្នឹងវាជាការមួយដែលគួរឱ្យសោកស្ដាយ។ រដ្ឋាភិបាលយើងគួរតែអនុវត្តតាមច្បាប់ដែល​មានស្រាប់ ជាពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជា​ណាចក្រ​កម្ពុជាយើង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ