១០ខែឆ្នាំនេះ ក.ប.ប បង្រ្កាប​ទំនិញ​ខូច​គុណភាព​ជាង​៤១តោន និង​អាល់កុល​ក្លែងក្លាយ​ជាង​១៧៦តោន

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រមាណជិត១២តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា ក្នុងរយៈពេល​១០ខែ ឆ្នាំ២០២១នេះ មន្ត្រីជំនាញបាន​បង្ក្រាប និងបំផ្លាញចោលនូវទំនិញក្លែងក្លាយនិងខូចគុណភាពសរុបចំនួនជាង៤១តោន និង​អាល់កុលក្លែងក្លាយឬមេតាណុល​ជាង១៧៦តោន។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប លោក ផាន អូន បានឱ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា​ទំនិញ​ក្លែង​ក្លាយ​និង​ខូច​គុណ​ភាព​ដែល​មន្ត្រីជំនាញ​​បង្រ្កាប​បាន​នៅ​តាម​បណ្ដា​ផ្សារ​និងឃ្លាំង​ទំ​និញ​នានាទូទាំង​ប្រទេស​នោះ មាន​ដូចជា​ ផលិត​ផល​ម្ហូប​អាហារ​ និង​ភេសជ្ជៈ មាន​ចំនួនសរុប៤១​តោន​និង​​៨៤២​គីឡូ​ក្រាម​ និង​អាល់កុល​ក្លែង​ក្លាយ​​ឬ​មេតាណុល​ចំនួន១៧៦​តោន​និង​៧៩៧​លីត្រ។

លោក​បានបន្តថា ផលិត​ផល​ទាំង​នេះត្រូវ​បាន​រឹបអូស​មក​កម្ទេច​ចោល​ ព្រម​ទាំង​បាន​ធ្វើ​ការ​ពិន័យ​អន្តរការណ៍​ ស្រប​តាម​ច្បាប់​ស្ដីពី​«កិច្ច​ការពារ​អ្នក​ប្រើ​ប្រាស់​»ផងដែរ។

លោក​ ផាន អូន បន្ថែមថា ​អគ្គនាយកដ្ឋាន ក.ប.ប នឹង​បង្កើន​សកម្មភាព​ត្រួត​និត្យ​និង​ស្រាវ​ជ្រាវ​រក​ប្រភព និង​ទី​តាំង​ស្ដុក និង​ចែក​ចាយ​នូវ​ផលិត​ផលដែល​មាន​ភាព​មិន​អនុ​លោម​​តាមច្បាប់​ទាំង​នេះ​ ឱ្យ​​​បាន​ខ្លាំង​ក្លា​ថែម​ទៀត ​ដោយ​គួប​ផ្សំ​ជាមួយ​សកម្ម​ភាព​អប់​រំ​និង​ផ្សព្វ​ផ្សាយ​ ការ​យល់​ដឹង​អំពី​ច្បាប់​​ ឯក​សារគតិ​យុត្តិ និងបទ​ដ្ឋាន​បច្ចេក​ទេស​នានា​ ដល់​​អាជីវ​ករ​ ពាណិជ្ជករ​ ផលិត​ករ​ និង​ប្រជា​ជន​ ដើម្បី​រួម​គ្នាលើក​កម្ពស់​គុណ​ភាព​​ផលិត​​ផល​​ដែល​ចរាចរនៅ​លើ​ទី​ផ្សារ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ