ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យារពេលដំណើរការរៀននិងបង្រៀននៅកម្រិតមត្តេយ្យសិក្សាគ្រប់ប្រភេទ និងសេវាអប់រំកុមារតូច ខណៈកុមារក្រោមអាយុ៦ឆ្នាំនៅមិនទាន់ចាក់វ៉ាក់សាំងនៅឡើយ។
យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានណែនាំដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទ ដូចជា មត្តេយសិក្សាសាធារណៈ មត្តេយសិក្សាឯកជន និងមត្តេយ្យសហគមន៍ ក៏ដូចជាសេវាអប់រំកុមារតូច ត្រូវពន្យារពេលសម្រាប់ដំណើរការរៀននិងបង្រៀនផ្ទាល់នៅគ្រឹះស្ថានសិក្សា។
ក្រសួងបន្តថា សម្រាប់កាលបរិច្ឆេទចូលរៀនវិញ ក្រសួងនឹងចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ៥ឆ្នាំ លុះត្រាតែកុមារអាយុ៥ឆ្នាំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួច។
កាលពីថ្ងៃម្សិលមិញ ក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងរៀបចំដែនដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំកុំឱ្យទាន់បើកដំណើរការរៀននិងបង្រៀនសម្រាប់មត្តេយ្យសិក្សានេះ ដោយសារកុមារតូចៗនៅមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅឡើយ។
លោកបានថ្លែងថា៖ «មត្តេយ្យកុំអាលលឿនពេក ខ្ញុំចង់ឱ្យបើកបឋម មត្តេយ្យអត់ទាន់ចាក់ថ្នាំ វាមានរឿងរបស់វា ប្រយ័ត្នប្រយែង មត្តេយ្យកុំអាលលឿនពេក! អីចឹងបានឱ្យចាក់៥ឆ្នាំ ព្រោះវារំកិលចូលបឋម ហើយអាយុ២ឆ្នាំ ៣ឆ្នាំ ៤ឆ្នាំ យើងអត់ទាន់ឱ្យចាក់ទេ។ អ៊ីចឹងយើងកុំអាលលឿនពេក បើកបឋម អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយរក្សាគម្លាត»៕