៩ខែឆ្នាំនេះ ពលករខ្មែរ​ជាង​៣៥០០​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ បន្ទាប់​ពី​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅថៃ

ថ្ងៃទី ១២ខែតុលា ឆ្នាំ ២០២១ សមត្ថកិច្ចខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធនានា បានចុះបង្រ្កាប​ទប់ស្កាត់ប្រជាពលរដ្ឋដែលប៉ុនប៉ងលបលួចឆ្លងដែន​ពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេ​ស​ថៃដោយខុសច្បាប់ ស្ថិតនៅ​ចំណុចភូមិអូរដាលើ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១នេះ​ អាជ្ញាធរកម្ពុជាបាន​ជួយសង្គ្រោះពលករខ្មែរបាន​ជាង​៣ ៥០០នាក់ បន្ទាប់​ពី​ពួក​គេ​បាន​លួចឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅរកការងារធ្វើនៅប្រទេសថៃ។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​ថា ពលរដ្ឋខ្មែរដែល​​លួច​ឆ្លងដែន​ដោយខុស​ច្បាប់​ជាង៣ ៥០០នាក់ដែល​​ត្រូវ​​សមត្ថកិច្ចថៃចាប់និង​​ជួយស​ង្គ្រោះម​កកម្ពុជាវិញ​នោះ ភា​គច្រើនជាពលករ​ដដែលៗ។

អ្នកនាំពាក្យរូបនេះបន្ត​ថា អាជ្ញាធរកម្ពុជាតែងតែ​ណែនាំនិងជួយពន្យល់​ដល់​ពលករទាំង​នោះ​អំ​ពីផ្លូវ​ច្បាប់ និង​បញ្ហាប្រឈមនានាពេលដែលពួកគេលួចឆ្លងដែនខុសច្បាប់ ប៉ុន្តែ​ពួកគេ​​មិនបាន​ស្ដាប់​ ហើយ​​នៅ​តែ​ប​ន្តលួច​ឆ្លងដែនទៅប្រទេសថៃ​​ម្ដង​ហើយ​​ម្ដង​​ទៀត។

លោកបន្ថែមថា៖ «ពេលដែលជួយសង្គ្រោះបាន អគ្គ​កុងស៊ុល​យើង​តែងតែនិយាយ​ពន្យល់​ពួក​គាត់ និងបាន​ជួយស​ង្គ្រោះ​ដោយ​បញ្ជូនគាត់​ត្រលប់​មក​វិញ។ ពេលខ្ លះឃើញគាត់ត្រលប់ទៅវិញ​ទៀត គេឃាត់ខ្លួនទៀត​ទៅ។ ពេលខ្លះ ច្រើនជាពលករដដែលទេ»

បើតាមលោក កុយ គួង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន៤៩​នាក់ដែលលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ​ ហើយ​ស្ថានអគ្គកុងស៊ុលកម្ពុជា​បានចុះទៅជួយអន្តរាគមន៍និងបញ្ជូនពួកគេ​​មកកម្ពុជាវិញ ​តាមច្រកទ្វារព្រំដែនអូរបីជាន់ និងច្រកទ្វារព្រំដែនប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ កាលពីយប់ថ្ងៃដដែល និង​នៅរ​សៀល​ថ្ងៃទី​៩ ​ខែវិច្ឆិកា​នេះ។

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំប្រទេសថៃ លោក លឹង សុផុន មានប្រសាសន៍ថា កត្តាដែលជំរុញពលករខ្មែរបន្តប្រថុយប្រថានឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃទាំងខុសច្បាប់ គឺដោយសារជីវភាពរបស់ពួកគេក្រីក្រ កង្វះការ​ងារ​នៅ​ក្នុង​ស្រុក ប្រាក់​ឈ្នួល​ការងារនៅក្នុងស្រុកតិចពេក និង​ការអូសទាញពីមេខ្យល់ ជាដើម។

លោកផ្ដល់ជាយោបល់​ថា៖ «ខ្ញុំយល់ឃើញថា ដើម្បីកុំឱ្យបងប្អូនប្រថុយប្រថានគ្រោះថ្នាក់ដូចពេលនេះ គឺរដ្ឋាភិបាល​នៃប្រទេសទាំងពីរគួរមានវិធានការណាមួយ ដើម្បីសម្របសម្រួលដល់បងប្អូនពលករខ្មែរយើងដែលចំណាក​ស្រុកមករកការងារធ្វើនៅប្រទេសថៃហ្នឹង ឱ្យពួកគាត់មានសុវត្ថិ​ភាព កុំឱ្យពួកគាត់មានបញ្ហា ដូចជាគេចាប់ដូចបច្ចុប្បន្ននេះ។ មួយវិញទៀត គួរតែធ្វើច្បាប់​ណាមួយឱ្យពួកគាត់បានចូលមកដោយស្របច្បាប់។ យើងឃើញហើយ​ រហូតមកដល់ពេលនេះ មិនទាន់មានវិធានការណាមួយ ដើម្បីជួយឱ្យពួកគាត់ចូលមកដោយស្របច្បាប់នៅឡើយទេ នៅអំឡុងពេលជំងឺកូវីដ-១៩នេះ»។

សង្គមស៊ីវិលដែលធ្វើការផ្ដោតលើសិទ្ធិពលករចំណាកស្រុក ក៏ធ្លាប់​បានលើកឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១​ដែរ​​ថា កង្វះខាតការងារក្នុងស្រុក និងតម្រូវការ​កម្លាំង​ពលកម្ម​នៅក្នុងប្រទេស​ថៃ ស្របពេលរដ្ឋាភិបាល​ថៃ​ផ្ដល់​ភាព​ស្របច្បាប់ដល់ពលករអន្តោប្រវេសន៍ជាថ្មីផងនោះ កំពុងជំរុញកំណើនពលករ​ខ្មែរ​ឱ្យ​ប្រថុយប្រថានឆ្លងដែនទៅរក​ការងារធ្វើក្នុងប្រទេសថៃ។

បើតាមប្រភពពីក្រសួងការបរទេសកម្ពុជាវិញ ឱ្យដឹងកន្លងមក​ថា មានពលរដ្ឋខ្មែរប្រមាណ១លាន​នាក់ កំពុង​រស់​នៅនិងធ្វើការក្នុងប្រទេស​ថៃ​​។ តួលេខនេះ គឺតិចជាងការប៉ាន់ប្រមាណរបស់អង្គការសង់ត្រាល់ ដែលថា ពលរដ្ឋខ្មែរប្រមាណជិត២លាននាក់កំពុងរស់នៅនិងធ្វើការក្នុងប្រទេសក្បែរខាងកម្ពុជា​មួយ​នេះ ទាំង​ស្រប​ច្បាប់​ និងមិនស្របច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ