អ្នក​នយោបាយ​មិន​កាន់​អំណាច ជំរុញ​ឱ្យ​មាន​ការ​ផ្សះផ្សា​និង​ឯកភាពជាតិ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យជាតិ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីពាក់ព័ន្ធ ចូលរួមក្នុងការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។ (ញឹម សុខន)

ក្នុងឱកាសដែលរដ្ឋាភិបាលបន្តប្រារព្ធ​ពិធីបុណ្យឯករាជ្យជាតិ ដើម្បីរម្លឹកពីបូជនីយកម្ម​របស់​ព្រះបរមរតនកោដ្ឋនោះ​ អ្នកនយោបាយមួយចំនួនដែលមិនកាន់អំណាច បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​ផ្សះ​ផ្សាជាតិ ខណៈ​វិបត្តិនយោបាយនៅបន្តជាប់គាំង។

នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលបានរៀបចំប្រារព្ធពិធី​​រម្លឹក​ខួបអនុស្សាវរីយ៍​លើកទី៦៨ នៃ​ទិវា «បុណ្យឯក​រាជ្យជាតិ​ ៩វិច្ឆិកា» ដូចឆ្នាំមុនៗ​ដែរ ក្រោមវត្តមាន​​​ព្រះមហាក្សត្រ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

ក្រៅពីទៅចូលរួមប្រារព្ធ​ពិធីនៅឯវិមានឯករាជ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនៅលើ​បណ្ដាញ​​សង្គម​​​ហ្វេសប៊ុ​ក​ថា «៩វិច្ឆិកា» ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរបន្ត​ថា៖ «សម្ដេចព្រះនរោត្ដម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយ​កិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា»។

ដោយឡែក អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ​នៅឡើយនោះ​ បានបង្ហោះសារខ្លីលើបណ្ដាញសង្គមរបស់លោក ដោយ​ឡើងថា «អបអ​រ​​​សាទរខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០២១) ឯកភាពជា​​តិ នាំ​មកនូវឯករាជ្យជាតិ»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់​ សេដ្ឋា មានប្រសាសន៍ថា ការទាមទារឯករាជ្យពីបារាំងជាគុណតម្លៃ​ធំធេង​​របស់​​អតីត​​ព្រះ​មហា​ក្សត្រ ក្រោម​ព្រះបញ្ញាញាណ​បង្រួម​ជាតិ។ លោក​បន្តថា ដើម្បីដើរ​តាម​ព្រះ​​រាជ​តម្រិះ​ព្រះ​មហា​ក្សត្រ​ អ្នកនយោបាយបច្ចុប្បន្នគួរវិលទៅរកតុចរចា ដើម្បីដោះស្រាបញ្ហាប្រឈមរបស់​ជាតិ​ដែលកើតចេញពីវិបត្តិនយោបាយ។

លោកថា៖ «ជាការស្ដារមុខមាត់ប្រទេសជាតិយើងដែលកំពុងទទួលរងនូវការដាក់ទណ្ឌកម្ម ឬការថ្កោលទោសពីមជ្ឈដ្ឋានផ្សេង ដូច្នេះហើយសូមអំពាវនាវម្ដងហើយម្ដងទៀត សូមឱ្យមានការរួបរួមគ្នានិងចរចាគ្នាឡើងវិញ ដើម្បីឱ្យមានការផ្សះផ្សាជាតិពិតប្រាកដ បន្តវេនពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ហើយនិងគោរពទៅតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្របច្ចុប្បន្នផងដែរ»។

អតីតតំណាងរាស្ត្របក្សប្រឆាំង និង​បាន​ចេញ​មក​បង្កើត​គណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍​ថា ស្នាព្រះហស្ថព្រះបរមរតនកោដ្ឋជានិមិត្តរូបមួយដែលមានសារៈសំខាន់សម្រាប់អ្នកន​យោបា​យ​​និងពលរដ្ឋខ្មែរ។ ប៉ុន្តែលោក​ថា បើអ្នក​នយោបាយ​ជំនាន់​នេះមិន​បាន​ពង្រឹង​ស្មារតី​ជាតិ ជំរុញឱ្យមានការ​ឯកភាពជាតិទេ នោះ​ពួកគេ​អាចនឹងបន្សល់ទុកនូវស្នាដៃ​ដែលត្រូវក្មេងជំនាន់ក្រោយ​ស្ដីបន្ទោស ដូច​ករណី​កោះ​ត្រល់ និងរបបខ្មែរក្រហម ជាដើម។

លោកថា៖ «ដូច្នេះ យើងប្រឹងប្រែងធ្វើយ៉ាងម៉េចឱ្យប្រទេសយើងហ្នឹង ដំណើរការឯករាជ្យហ្នឹង ឱ្យបានរឹងមាំថែម​ទៀត ហើយប្រឹងប្រែងផ្សះផ្សាបង្រួបបង្រួមជាតិ ស្វែងរកឯកភាពជាតិឱ្យច្បាស់លាស់ទៅអនា​គ​ត»។

ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ បានលើកឡើង​ក្នុងសេចក្ដីថ្លែងការណ៍​ចុះថ្ងៃទី​៨ ខែ​វិច្ឆិកា​ ថាក្រោយឯករាជ្យជាតិ​តាំង​ពីឆ្នាំ១៩៥៣​ មកដល់បច្ចុប្បន្ន បទពិសោធន៍ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ភាពស្ថិតស្ថិររឹងមាំនៃឯករាជ្យនិងអធិបតេយ្យជាតិ គឺ​អាស្រ័យទៅ​​លើឯកភាពជាតិ។ គណបក្សនេះបន្តថា​ ដើម្បីធានាបាននូវឯកភាពជាតិ​​រឹងមាំ រដ្ឋាភិបាលត្រូវបើកលំហសេរីភាពនយោបាយ លុបបំបាត់ចោល​នូវ​ការបណ្ដុះផ្នត់​គំនិតគុំកួន​សង​សឹក​គ្នា និង​ត្រូវធានាឱ្យមានប្រព័ន្ធបោះឆ្នោត​មួយ​តាមគ​ន្លង​​ប្រជាធិប​តេយ្យដែល​មានលក្ខណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការលើកឡើងរបស់អ្នកនយោបាយ​ក្រៅរដ្ឋាភិបាល​នេះ ធ្វើឡើង​ចំពេលដែលស្ថានការណ៍នយោបាយ កំពុងបង្ហាញសញ្ញាពីភាពមិនច្បាស់លាស់​នៃ​ការ​វិល​ត្រលប់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញរបស់អតីត​មេដឹកនាំ​បក្សប្រឆាំង​ ទាំងលោក សម រង្ស៊ី និង​លោក កឹម សុខា ក្រោយពីតុលាការបានរំលាយគណបក្សនេះចេញពីឆាកនយោបាយចាប់តាំងពីចុងឆ្នាំ២០១៧មក។

ប្រធានក្រុមអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចបង្រួប​បង្រួម​ជាតិ រំលោភនីតិរដ្ឋបានទេ។

លោកថា៖ «យើងយកការផ្សះផ្សាជាតិ ដើម្បីបំភ្លេចនីតិរដ្ឋ បានសេចក្ដីថា វាមិ​នយុត្តិធម៌! ហើយក៏វាមិនគោរព​នូវភាពស្មើគ្នាចំពោះមុខច្បាប់»។

យ៉ាងណា​ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា កត់សម្គាល់​ថា នីតិរដ្ឋ​ដែល​រដ្ឋាភិបាល​កំ​​ពុ​ងអះអាង វាកើតចេញពីប្រព័ន្ធតុលាការមួយ​ដែលសហគមន៍អន្តរជាតិមើលឃើញថា ជាប្រព័ន្ធ​មិ​ន​ឯករាជ្យ ដែល​ការណ៍នេះ រដ្ឋាភិបាលត្រូវពិចារណាឡើងវិញ ដើម្បីបញ្ចៀសកម្ពុជាពីការដាក់ទណ្ឌ​កម្ម​ ឬការបាក់មុខនៅលើឆាកអន្តរជាតិ។

លោកថា៖ «គោលការណ៍នីតិរដ្ឋ វាទាល់តែតុលាការហ្នឹងឯករាជ្យ វាទាល់តែច្បាប់ហ្នឹងបង្កើតឡើងដើ​ម្បី​​បំពេញទៅនឹងគោលបំណងពិតប្រាកដ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ប៉ុន្តែបើយើងមើលពីការបង្កើតច្បាប់ ឬការធ្វើវិសោធនកម្មច្បាប់ក្រោយៗនេះ វាមិនមែនជាគោលដៅដើម្បីបម្រើនីតិរដ្ឋ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ