អាជ្ញាធរ​ដោះលែង​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ពី​ពន្ធនាគា​រ​នៅព្រឹកនេះ

កូនអតីតសកម្មជនបក្សសង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីរូបគេជាប់ពន្ធនាគារអស់រយៈពេល៤ខែនិង១៥ថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ (គួយ ឡង់ឌី)

អាជ្ញាធរកម្ពុជាបានដោះលែងក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ កូនអតីតសកម្មជន​បក្ស​សង្គ្រោះជាតិ​ ចេញពីពន្ធនាគារ នៅព្រឹកមិញនេះ បន្ទាប់ពីរូបគេ​ជាប់ពន្ធនាគារអស់​រយៈពេល៤ខែនិង​១៥ថ្ងៃ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា បានសម្ដែងការខកចិត្តជាខ្លាំង ដែលអាជ្ញាធរមិនទាន់ដោះលែងក្មេងប្រុសរូបនេះ ដោយបានពន្យាររហូតដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ បើទោះបីជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ នឹងដោះលែងនៅថ្ងៃទី៨ ខែវិច្ឆិកា​ក្ដី។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានកាត់ទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដាក់ពន្ធនាគាររយៈពេល៨ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជ​ការ​សាធារណៈ»។ ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៤ខែនិង១៥ថ្ងៃ ចំណែកទោស​ដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៣រូប បានថ្កោលទោសចំពោះការកាត់ទោសអនីតិជន​វ័យ១៦​ឆ្នាំរូបនេះ ដោយបានចាត់ទុកថា ការផ្តន្ទាទោសលើ​អនីតិជន​ដែលមាន​បញ្ហា​ស្មារតី​មិន​ប្រក្រតីដោយជំងឺអូទីហ្សឹមនេះ គឺជារូបភាពដ៏អាក្រក់នៃយុទ្ធនាការជាបន្តបន្ទាប់របស់អាជ្ញាធរ ក្នុងការបំភិតបំភ័យនិងការ​ប្រើ​ប្រាស់​​ហិង្សាប្រឆាំងនឹងសង្គមស៊ីវិល និងសកម្មជនបក្សជំទាស់ ព្រមទាំងសមាជិករបស់ក្រុមទាំងនេះ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស បាន​អំពាវ​នាវ​​ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការកាត់ទោសលើអ្នកហ៊ានក្រោកឈរ ដើម្បីសិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ