លោក ស៊ី ជីនពីង៖ ចិន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​ជាមួយ​អាមេរិក

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងថា ប្រទេសរបស់ខ្លួនបានត្រៀមរួចជាស្រេចក្នុងការដោះស្រាយការខ្វែងគំនិតគ្នា​ឱ្យបានត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក មុនពេលជំនួប​ពិភាក្សា​តាម​រយៈ​ប្រព័ន្ធ​វីដេអូជាមួយ​ប្រធានាធិបតីអាមេរិក​ ​លោក ចូ បៃឌិន ដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់លោក ស៊ី ជីនពីង នៅក្នុងលិខិតមួយដែលអានដោយឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Qin Gang កាលពីថ្ងៃអង្គារថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើបញ្ហានានាក្នុងតំបន់និងពិភពលោក។

ទោះជាយ៉ាងណា កាលបរិច្ឆេទច្បាស់លាស់នៃការជួបពិភាក្សាគ្នារវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនេះនៅមិនត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

ប៉ុន្តែយោងតាមប្រភពមួយបានបញ្ជាក់​ថា ជំនួបពិភាក្សាដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនេះត្រូវបានរំពឹងថា នឹងកើតឡើងនៅក្នុងសប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីខែកញ្ញាកន្លងទៅ ក៏ធ្លាប់បានជួបពិភាក្សាគ្នា​តាម​រយៈ​ទូរសព្ទផងដែរ ខណៈដែលកិច្ចពិភាក្សានៅពេលនោះផ្ដោតសំខាន់អំពីតម្រូវការដើម្បីធានាឱ្យបានថា ការប្រកួតប្រជែងរបស់ប្រទេសទាំងពីរមិនធ្លាក់ចូលទៅក្នុងជម្លោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ