ម៉ាឡេស៊ី​គ្រោង​បើក​ទទួល​ភ្ញៀវ​អន្តរជាតិ​ឡើង​វិញ​នៅ​ដើម​ខែមករា​ឆ្នាំក្រោយ

ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin ចុះពិនិត្យនៅមណ្ឌលចាក់វ៉ាក់សាំងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី (MITEC) ដើម្បីសង្កេតពីដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែឧសភា។ (Twitter: Muhyiddin Yassin)

ក្រុមប្រឹក្សាមួយរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់ខ្លួនគ្រោងនឹងបើកច្រកព្រំដែនឡើងវិញ សម្រាប់ទទួលភ្ញៀវអន្តរជាតិ​នៅដើមខែមករាឆ្នាំក្រោយ ដើម្បីស្ដារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតឡើងវិញ។

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចាប់ផ្ដើមបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្ដើរៗ​ហើយ​ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈដែ​ល​អត្រាឆ្លងមេរោគកូវីដ-១៩នៅក្នុងប្រទេស​ថយចុះ ស្របពេលដែលកម្មវិធីចាក់វ៉ាក់សាំងកំពុងកើនឡើង។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ក្នុងចំណោមប្រជាជនចំនួន៣២​លាននាក់របស់ប្រទេស​ម៉ាឡេស៊ី ក្នុងនោះមានជាង ៧០% ហើយដែលទទួលបានការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) និង​បច្ចុប្បនជាប្រធានក្រុមប្រឹក្សាមានភារកិច្ចដឹកនាំកម្មវិធីស្ដារសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី មកផ្សព្វផ្សាយ​​ថា ឧស្សាហកម្មទេសចរណ៍ងើបឡើងវិញយឺត ដោយសារតែគ្មាន​វត្តមានជនបរទេស ហើយប្រតិបត្តិករនានាត្រូវការពេលវេលាបន្ថែមទៀតក្នុងការបន្តអាជីវកម្មឡើងវិញ។

ជាមួយគ្នានេះ លោកបន្តថា វិធានការត្រួតពិនិត្យមួយចំនួនដូចជា ការធ្វើតេស្តរកវីរុសកូវីដ-១៩លើអ្នកដំណើរដែលចូលមកកាន់ប្រទេស នឹងនៅតែត្រូវអនុវត្តដដែល ដោយផ្អែកលើស្ថានភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសដើមរបស់ពួកគេទាំង​នោះ និងកត្តាផ្សេងៗទៀត។

ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សារូបនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការប្រកាស​សម្រាប់​ការបើកដំណើរការឡើងវិញនោះទេ ខណៈដែលលោកលើកឡើងថា ការសម្រេចចិត្ត​កំពុង​តែស្ថិតនៅក្រោមការពិភាក្សាយ៉ាងលម្អិតនៅឡើយ ដោយភ្នាក់ងារសុខភាពនិងសន្តិសុខនានា។

គិតរហូតមកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានករណី​ឆ្លងវីរុសកូវីដ-១៩​សរុបនៅក្នុងប្រទេសចំនួនជាង២​លានករណី និងអ្នកស្លាប់បាត់បង់ជីវិតមានជាង២ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ