សកម្មជន​សង្គម លោក មួង សុភ័ក្រ ប្ដេជ្ញា​បន្ត​ធ្វើ​ការងារ​សង្គម​បន្ទាប់​ពី​ដោះលែង​ពី​ពន្ធនាគារ

សកម្មជនសង្គម លោក មួង សុភ័ក្រ (កណ្ដាល) កាន់បាច់ផ្កាលើកដៃនៅមុខមណ្ឌលអប់រំកែប្រែទី១ ក្រោយពេលតុលាការដោះលែងចេញពីពន្ធនាគារ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សកម្មជនសង្គមម្នាក់ទៀត លោក មួង សុភ័ក្រ ត្រូវបានអាជ្ញាធរកម្ពុជាដោះលែងចេញពីពន្ធនាគារនៅប្រមាណជាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកានេះ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១៤ខែ។

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា បានកាត់ទោសយុវជន មួង សុភ័ក្រ សមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនសង្គមចំនួន១៤នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន២ ០០០ ០០០រៀល ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសតែ១៤ខែប៉ុណ្ណោះ ខណៈទោសដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

បន្ទាប់ពីចេញពីពន្ធនាគារ យុវជន មួង សុភ័ក្រ បានអះអាងថា រូបគេប្ដេជ្ញាបន្តធ្វើសកម្មភាពការងារសង្គមបន្តទៀត ដោយមិនភ័យខ្លាចចំពោះការចាប់ចងទៀតនោះឡើយ។

លោក មួង សុភ័ក្រ បន្តថា៖ «ខ្ញុំនៅតែប្ដេជ្ញាចិត្តថា ខ្ញុំនៅតែបន្តបញ្ហាការងាររបស់ខ្ញុំទៅមុខទៀត»

ចាប់ពីដើមខែវិច្ឆិកាមក តុលាការកម្ពុជាបានដោះលែងសកម្មជនសង្គម បរិស្ថាន និងនយោបាយជាបន្តបន្ទាប់ ក្រោយពីពួកគេត្រូវបានតុលាការកាត់តម្រឹមទោសនិងព្យួរទោសសាកល្បងជាបន្តបន្ទាប់។

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចំនួន៣​រូប បានអំពាវនាវកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការ​​​កាត់​ទោស​លើអ្នកហ៊ាន​ក្រោក​ឈរ ដើម្បីសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ