សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា​២​រូប​ទៀត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក លើមន្ត្រីយោធាកំពូលៗកម្ពុជា២រូបទៀត ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ខណៈ​មន្ត្រីរដ្ឋាភិបាលបានចាត់ទុកថាជារឿងអយុត្តិធម៌។

ក្រសួងរតនាគារជាតិអាមេរិក ចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី​១០ ខែវិច្ឆិកា ថាមន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ ២​រូប រួមមាន លោកនាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ​អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារបច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និងលោក​នាយ​ឧត្ដមនាវី ទៀ វិញ ​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក បានប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្ត​អំពើពុករលួយ​ ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់និង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ នៅ​ក្រុង​ព្រះសីហនុ។

បើ​តាម​ក្រសួង​រតនាគារជាតិ​អាមេរិក ចាប់ពីឆ្នាំ២០២០ ដល់​ឆ្នាំ២០២១ លោក ចៅ ភិរុណ បាន​រួម​គំនិត​កេង​ចំណេញ​ពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការសាងសង់និង​កែ​លម្អ​បរិវេណនិង​អាគារ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។ បន្ថែម​លើ​នេះ​ទៀត លោក ចៅ ភិរុណ លោក ទៀ វិញ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត ក៏​ទំនង​ជា​បាន​រួម​គំនិត​គ្នា​បំប៉ោង​ថ្លៃដើម​នៃ​ការសាងសង់និង​កែ​លម្អ​បរិវេណនិង​អគារ​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ហើយ​ពួកគេ​បាន​ទទួល​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​គម្រោង​ទាំងនោះ។

នៅមិនទាន់មានប្រតិកម្មពីមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាទាំងពីរនាក់នៅឡើយទេ។

ក៏ប៉ុន្តែប្រធានអង្គភាព​​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ​លោក ផៃ ស៊ីផាន បានច្រានចោលនិងចាត់ទុកករណីនេះ​ថាជារឿងអយុត្តិធម៌។

លោកបានថ្លែងថា៖ «ការដាក់ទណ្ឌកម្មហ្នឹងជាការដាក់ទណ្ឌកម្មអយុត្តិធម៌ ដែលការសម្រេច​ហ្នឹង​ជាការសម្រេចមួយដែលមិនឆ្លើយតបនូវភាពជាក់ស្ដែងនៃមន្ត្រីទាំងអស់នោះប្រព្រឹត្ត​នោះទេ អានេះជាជំហររបស់កម្ពុជា។ ក៏ប៉ុន្តែការដាក់ទណ្ឌកម្មអ្វីៗហ្នឹង គឺជាអធិប​តេយ្យ​របស់​សហរដ្ឋអាមេរិក ក៏ប៉ុន្តែកម្ពុជាមិនទទួលស្គាល់ការដាក់ទណ្ឌកម្មហ្នឹងទេ»

យោងតាមទណ្ឌកម្ម​នេះ នឹង​បង្កក​ទ្រព្យសម្បត្តិ​ដែលមន្ត្រីយោធាជាន់ខ្ពស់ទាំង២រូបនេះអាច​មាន​នៅ​សហរដ្ឋអាមេរិក និង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេនិង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​​របស់​ពួកគេ​​​ធ្វើដំណើរ​ចូលទឹកដី​សហរដ្ឋអាមេរិក​ឡើយ។ ទណ្ឌកម្ម​នេះក៏​ហាមឃាត់​​មិន​ឱ្យ​ជនជាតិឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់រកស៊ីឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ ពាក់ព័ន្ធ​ដោយ​ផ្ទាល់ឬ​ប្រយោល​ជាមួយ​មន្ត្រីយោធាជាន់ខ្ពស់​ទាំង​ពីរ​រូប​នេះ​ដែរ។ ការ​ដាក់​ទណ្ឌ​កម្ម​​នេះធ្វើឡើង​ដោយ​ផ្អែក​តាម​ច្បាប់ ក្លូប៊ល ម៉ាកនីតស្គី (Global Magnitsky Act) របស់​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​ជន​ទាំង​ឡាយ​ណាដែល​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរនិង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ទូទាំង​សាកលលោក។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២១​​នេះ មន្ត្រី​ជាន់ខ្ពស់យោធាកម្ពុជា ៤រូប និងឧកញ៉ាម្នាក់ ត្រូវបានសហរដ្ឋអាមេរិកដាក់​ទណ្ឌកម្ម​ក្រោមច្បាប់ Global Magnitsky Act បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការមិនឱ្យចូលទឹកដី​សហរដ្ឋអាមេរិក ក្នុងនោះ​រួម​មាន លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកនាយឧត្ដមសេនីយ៍ គន់ គីម ​អនុប្រធានទី១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោកឧកញ៉ា ទ្រី ភាព

ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុនរដ្ឋចិន UDG នៅខេត្តកោះកុង និងចុងក្រោយនេះគឺការដាក់ទណ្ឌកម្មលើលោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ និង​លោក​នាយ​ឧត្ដមនាវី ទៀ វិញ ​មេបញ្ជាការ​កងទ័ព​ជើងទឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ