អាជ្ញាធរ​សន្និដ្ឋាន​បឋម​ថា ករណី​ឃាតកម្ម​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់​ជាករណីប្លន់

ទីតាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់)

សមត្ថកិច្ចសន្និដ្ឋានបឋមថា រឿង​ឃាតកម្មលើមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់​ ជា​ករណី​សម្លាប់​ប្លន់​យក​ទ្រព្យ ហើយ​ជនប្រព្រឹត្តអាច​​ជា​ក្មេងប្រុស​​​ម្នាក់ដែល​ជន​រង​គ្រោះ​ឱ្យ​ស្នាក់​នៅ​ជាមួយ។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ ត្រូវបានឃាតករប្លន់សម្លាប់ដោយកាប់៧កាំបិត រួចយកសម្ភារមួយចំនួនធំដូចជា ម៉ូតូឌ្រីមស៊េរី​២០១៩ ពណ៌ខ្មៅមួយគ្រឿង ទូរសព្ទដៃអាយហ្វូន៣គ្រឿង និងចិញ្ចៀន​ពេជ្រ១វង់ ហើយគេចខ្លួនបាត់។

ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក​ឧត្តមសេនីយ៍ទោ ស ថេង ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រោយ​​កើត​ហេតុ ​សមត្ថកិច្ច​បានចុះស្រាវជ្រាវនិង​​សន្និដ្ឋានជា​បឋម​ថា ករណីឃាត​កម្ម​ទៅលើ​ជន​រង​គ្រោះ​ឈ្មោះ សេង វិសាល នេះ ជនសង្ស័យ​អាច​ជា​ក្មេងប្រុស​​ម្នាក់​​អាយុ១៥ទៅ១៦ឆ្នាំ ដែល​ជន​រង​គ្រោះ​ហៅឱ្យមក​​ស្នាក់​​នៅ​ជាមួយគ្រាន់ជំនួសការងារផ្ទះដូចជាដាំបាយជាដើម។

លោកបន្ត​ថា៖ «រឿងហេតុហ្នឹងវាពិតប្រាកដហើយ! អ្នកដែលនៅជាមួយគាត់ហ្នឹង គាត់​ចង់​បាន​ទ្រព្យ​សម្បត្តិ​មន្ត្រី​រដ្ឋបាលព្រៃឈើហ្នឹង។ អ៊ីចឹងទៅ គាត់បាន [សម្លាប់] ហើយ​រត់​គេច​ខ្លួន។ ឥលូវ [សមត្ថកិច្ច] បាន​តម្រុយហើយ កំពុងតែតាមប្រមាញ់»។

ស្នងការរូបនេះបន្ថែម​​​ថា ​ការសន្និដ្ឋានរបស់សមត្ថកិច្ចបែបនេះ ដោយសារ​តែ​ក្មេងប្រុស​​ម្នាក់​នោះ​បាន​បាត់​ខ្លួន​ ស្របពេល​ដែលមន្ត្រីរដ្ឋបាលព្រៃឈើ​បាត់​បង់ជីវិត។

ស្នងការនគរបាលខេត្តពោធិ៍សាត់ ថាលោកមិនទាន់អាចវាយតម្លៃករណីឃាតកម្មនេះថាជាករណីគំនុំ ឬយ៉ាងណានោះទេ។ យ៉ាងណា លោកថា ជនសង្ស័យ​​អាចគ្រាន់តែចង់បានលុយ​កាក់ ដើម្បី​បំពេញ​តម្រូវការ​របស់​ខ្លួន ទើបឈានដល់ករណីសម្លាប់នេះ។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកវាលវែង លោក សូឡី មេសា ឱ្យដឹង​ថា សមត្ថកិច្ចបានឃើញសាកសពជនរងគ្រោះ នៅថ្ងៃទី​១០ ខែវិច្ឆិកា ២០២១ វេលាម៉ោង ២០ៈ៣១​នាទីយប់។

លោក សូឡី មេសា ប្រាប់ថា៖ «បន្ទប់គាត់ស្នាក់នៅតែម្នាក់ឯងទេ! គាត់ស្លាប់នៅលើគ្រែរបស់គាត់ក្នុងបន្ទប់របស់គាត់ ឯស្នាក់ការមេព្រៃ កន្លែងគាត់ធ្វើការនៅហ្នឹងបណ្តោះអាសន្ន។ គេយកកាំបិទផ្គាក់កាប់គាត់ ពេលកំពុងសម្រាន្តក្នុងបន្ទប់របស់គាត់ពេលយប់»។

លោកថា តំបន់នោះក៏ជាប្រជុំជនដែរ តែមិនសូវមានប្រជាជនចាប់អារម្មណ៍ថា មានករណីឃាតកម្ម​កើតឡើងបែបនេះទេ ខណៈកន្លងមកទីនោះមិនធ្លាប់មានបញ្ហាអ្វីកើតឡើង។

ចំណែកមន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់ លោកស្រី មិន សាមួន បាន​អំពាវ​នាវ​ឱ្យ​​អាជ្ញាធរ​​ពន្លឿន​​ការ​ស៊ើបអង្កេត ដើម្បីស្វែងរកចាប់ជនប្រព្រឹត្ត​មកផ្ដន្ទាទោស​តាមច្បាប់។

លោកស្រី​និយាយថា៖ «ពេលគាត់ស្ថិតនៅក្នុងការសង្ស័យ យើងគ្រាន់តែគិតទេថាតើក្មេង [វ័យ] ប៉ុណ្ណឹង មានការគិត​បាន​ប៉ុណ្ណា? អាហ្នឹងយើងគ្រាន់តែគិតទេ។ តែខ្ញុំមិនទាន់ច្បាស់ទេ ថា​ការផ្ដល់ព័ត៌មាន [សន្និ​ដ្ឋាន] ​​របស់​​សមត្ថកិច្ច វាជាការពិតឬវាម៉េចទេ! យើងអត់ទាន់ច្បាស់ទេ! ព្រោះ​ដំណាក់កាលនេះ ​វាស្ថិត​ក្នុង​ដំណាក់​កាល​​ស៊ើបអង្កេតទេ មិនអ៊ីចឹង?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ