HRW ទាមទារ​ឱ្យ​កម្ពុជា​ទម្លាក់​ការ​ចោទ​ប្រកាន់​និង​ដោះលែង​សកម្មជន​នយោបាយ​២នាក់

អតីតសកម្មជនបក្សសង្គ្រោះជាតិ លោក វឿន វាសនា (ហៅ ក្រញូងព្រៃឡង់)។ (ហ្វេសប៊ុកលោក វឿន វាសនា)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍​នៅថ្ងៃនេះ ដោយអំពាវនាវឱ្យអាជ្ញាធរ​កម្ពុជាទម្លាក់ចោលការចោទប្រកាន់និងដោះលែងសកម្មជននយោបាយ២នាក់វិញ ​ដោយឥតលក្ខខណ្ឌ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ​ពីទីក្រុងបាងកកប្រទេសថៃ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចាត់ទុកការចាប់បញ្ជូនជនភៀសខ្លួននយោបាយពីរនាក់ គឺលោក វឿន វាសនា ហៅ ក្រញូងព្រៃឡង់ និង​លោក វឿង សំណាង ដោយអាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ថា​ជាការដាក់ពួកគេឱ្យប្រឈមនឹងហានិភ័យខ្ពស់​នៃការកាត់ទោសដោយអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ អង្គការនេះបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា គួរតែទម្លាក់ចោលការចោទប្រកាន់តាមបែបនយោបាយនិងដោះលែង​ពួកគេ​វិញដោយឥតលក្ខខណ្ឌ។

លោក វឿន វាសនា និងលោក វឿង សំណាង ជា​សកម្មជនអតីតគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ន​ត្រូវបានគេដឹងថា កំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរ (ម១) បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា និងបានបញ្ជូនខ្លួនមកឱ្យអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក វឿង សំណាង បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃ នៅឆ្នាំ២០២០ បន្ទាប់ពីតុលាការបានចោទប្រកាន់លោកពីបទ «ញុះញង់ និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីខែកញ្ញា ឆ្នាំ២០១៩។

ចំណែកលោក វឿន វាសនា ហៅ ក្រញូងព្រៃឡង់ បានភៀសខ្លួនទៅកាន់ប្រទេសថៃ នៅដើមឆ្នាំ២០២០ បន្ទាប់ពីមានការបង្ក្រាបលើអ្នកនយោបាយអតីតបក្សប្រឆាំង។ នៅខែមេសា ឆ្នាំ២០២១ លោកត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ពីបទ «ញុះញង់ឱ្យវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងមាត្រា១១ នៃច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោក​ វឿន វាសនា បានប្រើគណនីហ្វេសប៊ុកឈ្មោះ «ព្រៃឡង់ ក្រញូង» ចូលទៅបញ្ចេញមតិរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានដឹកនាំប្រទេសឱ្យមានវិនាសកម្មព្រៃឈើ ការកែច្បាប់រដ្ឋធម្មនុ​ញ្ញ និងការអនុវត្តច្បាប់មិនត្រឹមត្រូវនៅកម្ពុជា រហូតធ្វើឱ្យលោកនាយករដ្ឋមន្ត្រីខឹងសម្បារ និងបានបញ្ជារឱ្យតាមរកចាប់ខ្លួនលោក វឿន វាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ