វៀតណាម​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ឱ្យ​បាន​ឆាប់

ពលរដ្ឋវៀតណាមមកទទួលសេវាគាំពារនិងពិនិត្យពាក់ព័ន្ធកូវីដ-១៩។ (un.org)

នាយករដ្ឋមន្ត្រីវៀតណាម បានឱ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់ខ្លួន​នឹងព្យាយាមដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលបណ្ដាលមកពីករណីជំងឺរាតត្បាតនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

អាជីវកម្មនានា​បច្ចុប្បន្ន​ កំពុងតែជួបប្រទះបញ្ហាក្នុងការវិលត្រលប់មកកាន់ប្រតិបត្តិការពេញលេញឡើងវិញ​នៅក្នុងប្រទេសវៀតណាម ដោយសារតែកង្វះកម្លាំងពលកម្ម បន្ទាប់ពីការចាកចេញរបស់កម្មករ​រាប់សែននាក់ពីមជ្ឈមណ្ឌលឧស្សាហកម្មក្នុងខែតុលា នៅពេលដែលវិធានការទប់ស្កាត់វីរុសកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីនាយករដ្ឋមន្ត្រី លោក ផាម មិញជិញ (Pham Minh Chinh) ដែលបានថ្លែងថា៖ «រលកទី៤ នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារការងារ ជាមួយនឹងអត្រាគ្មានការងារធ្វើខ្ពស់»។

លោកនាយករដ្ឋមន្ត្រីបន្តថា ការចាកចេញរបស់កម្មករក្នុងចំនួនដ៏ច្រើនពីមជ្ឈមណ្ឌលឧស្សាហកម្មទៅកាន់ស្រុកកំណើតនានារបស់ពួកគេកាលពីពេលកន្លងទៅ ​ស្របពេលដែលវិធានទប់ស្កាត់ការធ្វើដំណើរត្រូវបានដកចេញ ក៏បានបង្កជាបញ្ហាដល់អាជីវកម្ម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះផងដែរ។

ទាក់ទិននឹងករណីនេះ លោក ផាម មិញជិញ បន្តថា៖ «អាជ្ញាធរមូលដ្ឋាននឹងសហការជាមួយធុរកិច្ចនិងកម្មករនានា ដើម្បីអនុវត្តវិធានការចាំបាច់ទាំងឡាយក្នុងការធានាឱ្យបាននូវការផ្គត់ផ្គង់កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ»។

ជាមួយគ្នានេះ អាជ្ញាធរក៏នឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការធ្វើដំណើរ ការស្នាក់នៅរបស់កម្មករ និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម គឺជាទីតាំងផលិតដ៏ធំមួយរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលផ្គត់ផ្គង់ដល់ម៉ាកយីហោល្បីៗមួយចំនួន ដែលរួមមាន Zara, Ralph Lauren, North Face, Lacoste និង Nike ខណៈដែលខ្លួនក៏ជាមជ្ឈមណ្ឌលផលិតសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិចយក្សដូចជា Samsung ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ