មន្រ្តី​អតីត​បក្ស CNRP ប្ដេជ្ញា​យក​ទីស្នាក់ការ​បក្ស​មក​វិញ បើ​ទោះ​តុលាការ​ដាក់​លក់​ដោយ​បង្ខំ

អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់អតីតគណបក្ស​សង្គ្រោះជាតិ (CNRP) បញ្ជាក់ជំហរថា ខ្លួននឹងយកទីតាំងស្នាក់​ការ​អតីតគណបក្សដែលតុលាការ​ដាក់​លក់​ដោយ​បង្ខំមកប្រើប្រាស់វិញ នៅពេលណា​​លោ​​​ក សម រង្ស៊ី បាន​​ចូល​​ទៅ​​ប្រទេសកម្ពុជា។

ដីការបស់តុលាការដែលដាក់លក់ដោយបង្ខំនូ​​វ​ស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ​ ត្រូវបានមន្រ្តីនគរបាលយុត្តិធម៌យកទៅបិទនៅទីស្នាក់ការបក្ស នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ​ ​នៅព្រឹក​​ថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២១ ដោ​យ​ក្នុងដីកា​​បញ្ជាក់​ថា ថ​វិកាដែលលក់បានដោយបង្ខំនេះនឹងត្រូវបង្វិល​ឱ្យទៅម្ចាស់បំណុលដែលជា​ភាគីដើម​​បណ្ដឹង​​ក្នុង​​ទំហំ​​ទឹក​​​​ប្រាក់​​​រាប់​​ម៉ឺនដុល្លារអាមេរិក។

មន្រ្តីដែលស្និទ្ធនឹង​​លោក សម រង្ស៊ី គឺ​លោក ម៉ែន សុថាវរិន្ទ្រ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រចាំមណ្ឌលសៀមរាប ប្រតិកម្មតប​ទៅនឹងដីកានេះ ដោយ​ចោទ​​រដ្ឋាភិបាល​​​របស់​​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា​ភ័យខ្លាច​ចំពោះទណ្ឌកម្មអន្តរជាតិ ក្នុ​ងនោះមានទាំងសហរដ្ឋអាមេរិកនិងអឺរ៉ុប ទើបធ្វើ​ឱ្យ​លោកនាយករដ្ឋមន្រ្តីបាន​ចេញ​បញ្ជាបែបនេះ។

លើសពីនេះទៅទៀត លោក ម៉ែន សុថាវរិន្រ្ទ អះអាងថា បើទោះជានៅពេលនេះ ទីស្នាក់ការកណ្ដាលរបស់អតីតគណបក្សត្រូវ​​បាន​​ដាក់លក់ ហើយពិតជាមានអ្នកហ៊ានទិញមែននោះ​ ក៏វាគ្មានន័យអ្វីឡើយសម្រាប់ទិញ។ បើតាមអតីតតំណាងរាស្រ្តរូបនេះ នៅពេល​ណាលោក សម រង្ស៊ី បានវិលចូលប្រទេសកម្ពុជា​ពេល​ណា លោកនឹងប្រើប្រាស់សិទ្ធិរបស់លោកក្នុងនាមជា​​ម្ចាស់​​កម្ម​​សិទ្ធិអចលនទ្រព្យទាមទារយកមកវិញ។

លោកបន្តថា៖ «អ្នកណាទិញឱ្យគេទិញទៅ អ្នកណាហ៊ានទិញក៏ទិញទៅ។ ប៉ុន្តែបើលោក សម រង្ស៊ី គាត់ត្រលប់ទៅវិញ គាត់​​នឹង​​យក​​មក​​វិញ​​ហើយ ព្រោះជាផ្ទះរបស់គាត់។ គាត់មានប្លង់រឹងប្លង់អីត្រឹមត្រូវ ក្រែង​ប្រទេសមានច្បាប់»។

ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានចេញដីកាដែល​ពុំឃើញមានកាលបរិច្ឆេទ បញ្ជាក់​ថា ម្ចាស់បំណុល​នៃសំណុំរឿងនេះ រួមមាន ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, លោក ហេង សំរិន ប្រធាន​​រដ្ឋ​​សភា, លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល។ ដោយឡែក កូន​​បំណុល រួមមាន​ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងសហកូនបំណុល​ម្នាក់​ទៀត លោកស្រី ជូឡុង សូមូរ៉ា ដែលជា​ភរិយារបស់លោក សម រង្ស៊ី។

បើតាមកម្មវត្ថុក្នុង​ដីកាដដែលនេះ​ សុំ​ឱ្យ​អនុវត្ត​តាម​វិធាន​បង្ខំដោយផ្ទាល់ លក់ដោយបង្ខំនូវអចលនវត្ថុមាន​បណ្ណ​សំគាល់​​សិទ្ធិ​កាន់​កាប់​អចលន​វត្ថុ ចេញដោយមន្ទីររៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិត​នៅ​សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុល​ គឺលោក សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។

ក្នុងដីកានីមួយៗបានបញ្ជាក់នូវទឹកប្រាក់ដែលម្ចាស់បំណុលនីមួយៗទាមទារពីកូនបំណុល ក្នុងនោះ លោក ហេង សំរិន បានទាមទារ​នូវទឹកប្រាក់ជាង៦ម៉ឺន២ពាន់ដុល្លារអាមេរិក, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមាណ១លានដុល្លារ, រដ្ឋាភិបាលប្រមាណ៤៥ម៉ឺន​ដុល្លារ និងលោក ស ខេង ប្រមាណ៥០ម៉ឺនដុល្លារ។

សម្រាប់លោក គឹម សុខ អ្នកវិភាគនយោបាយ យល់ឃើញថា នេះមិនមែនជាការអនុវត្តតាមនីតិវិធីច្បាប់ទេ ផ្ទុយទៅវិញ​​​ ជា​​ការ​​រំលោភទាំងស្រុងទៅនឹង​បទដ្ឋាន​នានា និងជារឿងអយុត្តិធម៌មួយសម្រាប់ អតីតគណបក្សប្រឆាំង។ អ្នកវិភាគរូបនេះបន្ថែម​​ថា នេះជាយុទ្ធសាស្រ្តបំផ្លាញ​អតីតគណបក្សប្រឆាំង​ឱ្យដល់ទីបំផុត ហើយរដ្ឋាភិបាលក៏ចង់​​បង្ហាញសារទៅ​​សហគមន៍​​អន្តរ​ជា​តិ ជាពិសេសសហរដ្ឋអាមេរិក ពីភាពខ្លាំងរបស់ខ្លួនផងដែរ។

បើតាមលោក គឹម សុខ នេះជាផែនការដ៏មុតស្រួចក្នុងរូបមន្ត​​បំ​​បែក​​​​​​​​​​អតីត​គណបក្សប្រឆាំងដ៏មានប្រសិទ្ធភាពថែមទៀតផង។

លោកបន្តថា៖ «ដូច្នេះ គេគ្មានគោលដៅឯណាក្នុងការពង្រឹងប្រជាធិបតេយ្យទេ ម៉្លោះហើយអ្វីដែលជាមូលដ្ឋានសំខាន់​របស់អ្នក​​​ប្រជាធិបតេយ្យ មានតែហ៊ានតវ៉ាជាចំហតែប៉ុណ្ណោះ! ប្រសិនបើនៅស្ងៀម​ទៀត គឺ​លោក ហ៊ុន សែន នឹងកម្ទេច​​ទាល់​តែ​​វាលតែ​ម្ដង»។

បើតាមលោក គឹម សុខ នេះ​ជាឱកាសល្អទៅវិញទេ ដែលក្រុមអតីតគណបក្សប្រឆាំងហ៊ានងើបតវ៉ា នៅអំឡុងពេលនៃកិច្ចប្រ​​ជុំ​​កំ​​ពូល​អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងន័យនេះ លោកថា ប្រសិនបើសំឡេង​តស៊ូមតិកើតឡើង មាន​ន័យ​ថា វេទិកា​អាស៊ាននឹ​ង​​ក្លាយ​​ទៅជាវេទិកាសួរដេញដោលពីសហគមន៍អន្តរជាតិអំពីវិបត្តិនយោបាយនៅកម្ពុជា។ 

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២១ បានប្រកាសសាលក្រម​កំបាំងមុខដាក់​ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ហាមមិន​ឱ្យបោះឆ្នោតនិងឈរឈ្មោះ ​ក្រោមបទចោទ​ «ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល»។

ក្រៅពីលោក សម រង្ស៊ី សាលក្រមនៅពេលនោះក៏បានសម្រេចដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ។ ដោយឡែក លោកស្រី ជូឡុង សូមូរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ផ្ដន្ទាទោសដាក់​ពន្ធនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំ។ 

តែយ៉ាងណា ការប្រកាសសាលក្រមនៅពេលនេះ ជំរុញឱ្យមានប្រតិកម្មពីស្ថានទូតលោកសេរីប្រចាំនៅកម្ពុជា ក្នុងនោះ​មានទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអាល្លឺម៉ង់​ផង​ដែរ ដោយពួកគេចាត់ទុកវិធានការ​នោះថា ជា​ការ​ព្រួយ​បារម្ភអំពី​ការកាត់ទោសក្រុមមេដឹកនាំអតីត​គណបក្សប្រឆាំងនៅកម្ពុជា ដែល «ធ្វើឡើងក្រោមដំណើរការនីតិវិធីខ្វះភាពត្រឹមត្រូវ» និងជំរុញឱ្យបើកលំហនយោបាយឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ