ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កណ្ដាល​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី

មន្ត្រីប្រចាំការនៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកទទួលញត្តិរបស់ពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋជាង២០នាក់ តំណាង​៦៦គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅ​ឃុំ​បឹង​ខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាទៅដាក់ញត្តិ​នៅ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ជួយដោះស្រាយរឿង​ដីធ្លី​ ក្រោយអាជ្ញាធរចុះវាស់ដីផ្ទះ​និងដីស្រែចម្ការ​​របស់ពួកគេ។

ក្នុងញត្តិដាក់នៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ​នៅថ្ងៃទី​១៦ ខែវិច្ឆិកានេះ បានលើក​ឡើង​ថា ចាប់​តាំងពីក្រុមហ៊ុនធ្វើការសាងសង់​ព្រលាន​យន្តហោះថ្មី​ រហូត​មក​ដល់ពេលនេះ ខាង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តែ​កំណត់​តម្លៃត្រឹមតែ​ «៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» សម្រាប់ការផ្ដល់​សំណងជូន​ពលរដ្ឋ ដែល​សំណង​នេះ អ្នកភូមិមិនអាចទទួលយកបាន។ ញត្តិដដែល បន្តថា ដីធ្លី​របស់​ពួកគាត់​ដែល​រងផល​ប៉ះពាល់ជាដី​មាន​បណ្ណកម្មសិទ្ធិ និងបច្ចុប្បន្នដីនៅតំបន់ពួកគាត់រស់នៅមានតម្លៃចន្លោះពី «៨០ដុល្លារ ទៅ១០០ដុល្លារ ​ក្នុងមួយម៉ែត្រការ៉េ»។

ក្នុងញត្តិដដែលបានឱ្យដឹងទៀត​​ថា សំណងដែលអ្នកភូមិចង់បាន គឺតម្លៃសំណងទៅតាមទីផ្សារឬប្រហាក់ប្រហែល​ ហើយថា ការផ្ដល់សំណងត្រឹម៨ដុល្លារនោះ មិនអាចឱ្យពួកគេទៅរកដីនៅក្នុងតំបន់ពួកគេរស់នៅនិងក្បែរនោះបានឡើយ។

ញត្តិពលរដ្ឋ បន្ថែមថា៖ «ទន្ទឹមគ្នានេះ​ដែរ យើងខ្ញុំជា​ម្ចាស់​កម្មសិទ្ធិសូម​គោរព​ស្នើ​សុំ​សម្ដេច​ពុក [លោក ហ៊ុន សែន] មេ​ត្តា​ជួយរក្សាទុក​ភូមិ​កំពង់​តាឡុង ជូនប្រជាពលរដ្ឋ​ដែលកន្លងម​ក តំណាង​ក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធអះ​អាង​ថា គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនេះនឹងកាត់មកលើភូមិ​កំពង់តាឡុង​យើងខ្ញុំ ហើយយើងខ្ញុំជា​ប្រជាពលរដ្ឋ​​នៅក្នុងភូមិមានក្ដីបារម្ភ​ចំពោះ​ការបាត់បង់លំនៅឋាន។ ហើយដឹងថា តម្លៃសំណងមិនសមាមាត្រទៅនឹងតម្លៃទីផ្សារជាក់ស្ដែង។ ដូច្នេះ ប្រជាពលរដ្ឋមិនអាចទៅរកដីសម្រាប់លំនៅឋានថ្មីវិញបានទេ។ អ៊ីចឹង​ទេ សូមសម្ដេចជួយឱ្យក្រុមហ៊ុនទិញក្នុងតម្លៃសមរម្យដែលពួកយើងអាចទទួលយកបាន»

លោក ណៃ ភន រស់នៅភូមិកំពង់តាឡុង អះអាងថា គ្រួសារគាត់បានប៉ះពាល់ដីស្រែទំហំ១ហិកតា ផ្ទះ និងដីជុំវិញផ្ទះទំហំ​៦អា។ លោកថា នៅក្នុងភូមិកំពង់តាឡុង បានប៉ះពាល់ផ្ទះពលរដ្ឋ៦៦ខ្នង​ ស្មើនឹង៦៦គ្រួសារ និងដីធ្លីជាង៣២​ហិកតា។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យគម្រោងអភិវឌ្ឍន៍នេះ គេវាងផ្ទះឬក៏ភូមិឋានរបស់ពួកខ្ញុំ និងសំណងប៉ះពាល់ដីធ្លីឱ្យប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ ទើបពួកខ្ញុំយកលុយនោះទៅទិញកន្លែងផ្សេងបាន»។

ពលរដ្ឋរស់នៅភូមិកំពង់តាឡុងម្នាក់ទៀត អ្នកស្រី ឃឹម ម៉ាលី ដែលអះអាងថាបានប៉ះពាល់ដីស្រែទំហំ៣៧អា និងដីជុំវិញផ្ទះ​ទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រផងនោះ បាននិយាយថា អាជ្ញាធរមិនទាន់បានដោះស្រាយផលប៉ះពាល់ដីស្រែជូនពលរដ្ឋចប់ផង ឥលូវចាប់ផ្ដើមវាស់វែងដីលំនៅឋាន​ទៀត ដោយមិនបាន​ផ្ដល់​ព័ត៌​មានច្បាស់​លាស់​ជុំវិញ​ការ​ផ្ដល់​សំណងលើ​ផលប៉ះពាល់នេះនៅឡើយទេ។

អ្នកស្រីបន្ថែមថា៖ «គាត់មិនទាន់បានដោះស្រាយសំណងផលប៉ះពាល់ដីស្រែឱ្យពួកខ្ញុំទទួលយកបានផង ឥលូវ​គាត់​បែរ​ជា​មក​វាស់វែងផ្ទះ​ មក​ដាក់​សម្ពាធលើពួកប្រជាជនទៀត។ បើសិនគាត់នៅតែផ្ដល់សំណងត្រឹម​៨ដុល្លារហ្នឹង​ដដែល ពួកខ្ញុំប្ដេជ្ញាចិត្តថា​ នៅ​តែតវ៉ារហូតព្រលានចេញ»

បើតាមពលរដ្ឋ ការដាក់ញត្តិ​របស់ពួកគាត់នេះ គឺមានអ្នកដែលអះអាងថា​ជាមន្ត្រីប្រចាំការភូមិគ្រឹះ លោកនាយករដ្ឋមន្ត្រី មក​ទទួល និងបានសន្យាបញ្ជូនញត្តិ​នោះទៅខុទ្ទកាល័យ ដើម្បីពិនិត្យនិងឆ្លើយតបវិញក្នុង​ពេល​ឆាប់ៗនេះ។

អភិបាលខេត្តកណ្ដាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា រហូតពេលនេះ ការដោះស្រាយពុំមានការផ្លាស់​ប្តូរ​ទេ គឺសំណង៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងការដោះដូរដី​ដដែល ដែលលោកថា​ នេះជាគោលការណ៍របស់រដ្ឋាភិបាល។

អភិបាលខេត្តរូបនេះបញ្ជាក់ថា ករណីអាជ្ញាធរចុះវាស់វែងដីលំនៅឋាននិងផ្ទះពលរដ្ឋនោះ ដើម្បីយកទៅសិក្សា​ពីទំហំ​នៃ​ផល​ប៉ះពាល់ ដើម្បីឈានទៅរកការដោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ លោក​អះ​អាង​ថា រហូតមកដល់​ពេលនេះ ពលរដ្ឋបានមកទទួលយកសំណង​ជិតអស់ហើយ ដោយ​នៅសល់ពលរដ្ឋ​តិចតួចប៉ុណ្ណោះដែលមិនទាន់មកទទួលយកសំណងនេះ។

លោកបន្ថែមថា៖ «សំណងដែលយើងផ្ដល់ឱ្យនេះ វាគោលការណ៍របស់រដ្ឋាភិបាល គឺ៨ដុល្លារ[ក្នុងមួយម៉ែត្រការ៉េ] និងដូរ​ដី បើគាត់អត់យកលុយ គាត់អាចយកដី! ហើយអ្វីដែលចុះទៅវាស់វែងផ្ទះពលរដ្ឋ វាជាគោលការណ៍ដែរ ដែលមានការដឹកនាំត្រឹមត្រូវពីប្រធានដោះស្រាយផលប៉ះពាល់ ដោយគាត់បានបង្កើតក្រុមការងារមួយចុះសិក្សាអង្កេត​ឱ្យបានច្បាស់លាស់ កុំឱ្យការវាយតម្លៃអីមួយខ្វះ​ការចុះពិនិត្យ និងអង្កេតផ្ទាល់ និងស្តាប់មតិរបស់ប្រជាជន ហើយបានយើងពិគ្រោះពិភាក្សាជាមួយគាត់ ដើម្បីឈានទៅរកការផ្ដល់ដែលត្រឹមត្រូវជូនគាត់»

កាលពីខែកញ្ញា ឆ្នាំ២០២១នេះ ក្រុម​អង្គការសង្គមស៊ីវិលជាង៣០ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ​ផ្ដល់​សំណង​តាម​តម្លៃ​ទីផ្សារ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុ​ងរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ នៅខេត្តកណ្ដាល ក្រោយ​ផ្ទុះហិង្សានិងមានការចាប់ខ្លួន​ពលរដ្ឋ៣០​នាក់

ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ​ក្រុមហ៊ុន​អម​​ដោយ​កម្លាំងអាជ្ញាធរបានដាក់គ្រឿងចក្រឈូសឆាយដីធ្វើព្រលានយន្តហោះថ្មី ដោយ​ប៉ះពាល់លើដី​កម្មសិទ្ធិ​ស្រប​ច្បាប់របស់ប្រជាពលរដ្ឋ ខណៈមិនទាន់ឯកភាពគ្នាលើតម្លៃសំណងផលប៉ះពាល់សមស្រ​​ប​មួយនៅឡើយ ​ហើយ​តម្លៃសំណងដែលកំណត់ដោយ​​ឯក​តោ​ភាគី ដោយ​​ក្រុម​​ហ៊ុននិងអាជ្ញាធរ​ជូនពលរដ្ឋនោះ ខុសឆ្ងាយពីតម្លៃ​ទីផ្សារបច្ចុប្បន្ន។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លាន​ម៉ែត្រ​ការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ