អត្ថបទ​ទស្សនៈ៖ នយោបាយ​ការបរទេស​របស់​លោក ចូ បៃឌិន អនុវត្ត​ភូមិសាស្ត្រ​នយោបាយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី​ទប់ស្កាត់​ការ​រះឡើង​របស់​ចិន

បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន ក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០នេះ។ (​ហ្វេសប៊ុក៖ Joe Biden )

តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដោយសារការតភ្ជាប់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងសន្តិសុខរវាងតំបន់ប៉ាស៊ីហ្វិកខាងលិច និងតំបន់មហាសមុទ្រឥណ្ឌា ដែលកំពុងប្រែក្លាយជា «ប្រព័ន្ធយុទ្ធសាស្ត្រតែមួយ»។ វិបាកយុទ្ធសាស្ត្រនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះញ៉ាំងឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទប់ស្កាត់ការរះឡើងរបស់ចិននៅក្នុងតំបន់។

អត្ថបទនេះវិភាគថា តើហេតុអ្វីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងរដ្ឋកាលរបស់លោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ជំនួសពាក្យអាស៊ីប៉ាស៊ីហ្វិកក្នុងរដ្ឋបាលលោក អូបាម៉ា មានសារៈសំខាន់ភូមិសាស្ត្រនយោបាយសម្រាប់ទប់ស្កាត់ការរះឡើងរបស់ចិនមិនឱ្យក្លាយជាមហាអំណាចអនុត្តរភាពតំបន់ និងជាមហាអំណាចពិភពលោកជំនួសសហរដ្ឋអាមេរិក។

ក្នុងទិដ្ឋភាពភូមិសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិកតំណាងឱ្យការរួមបញ្ចូលគ្នារវាងតំបន់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ដែលឆ្លុះបញ្ចាំងពីការកើនឡើងអំណាចរបស់ចិននិងឥណ្ឌានៅក្នុងតំបន់។ មិនត្រឹមតែឥណ្ឌានិងចិននោះទេ តំបន់នេះពាក់ព័ន្ធនឹងផលប្រយោជន៍ប្រសព្វគ្នារបស់ប្រទេសមហាអំណាចយ៉ាងតិចពីរទៀត រួមាន ជប៉ុន និង សហរដ្ឋអាមេរិក។

ការកើនឡើងនូវសកម្មភាពសេដ្ឋកិច្ច និងការឡើងកម្ដៅនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់សមុទ្រដ៏ធំនេះ ផ្ដល់នូវហេតុផលនៃប្រយោជន៍រដ្ឋ (raison d’état) ដែលបានផ្ដល់ទស្សនៈទានដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ពិសេសបំផុតមួយក្នុងសករាជសណ្ដាប់ធ្នាប់នយោបាយដែលកំពុងផ្លាស់ប្ដូរខ្លាំងនេះ។

ឥណ្ឌូប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីការពិតដែលថា មហាសមុទ្រឥណ្ឌាបានជំនួសមហាសមុទ្រអាត្លង់ទិច ជាច្រករបៀងពាណិជ្ជកម្មដ៏មមាញឹកបំផុត និងមានសារៈសំខាន់យុទ្ធសាស្ត្របំផុតរបស់ពិភពលោក ដោយផ្ទុកការដឹកជញ្ជូនប្រេងពីរភាគបី និងមួយភាគបីនៃទំនិញរបស់ពិភពលោក។ ប្រទេសមហាអំណាចនៅអាស៊ីបូពា៌ពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលប្រេងឆ្លងកាត់មហាសមុទ្រឥណ្ឌាពីមជ្ឈិមបូពា៌និងអាហ្វ្រិក។ 

អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់តំបន់នេះ ចិននាំចូលប្រេងប្រហែល ៨០%, កូរ៉េខាងត្បូងនាំចូលប្រេងប្រហែលជា ៩០% និង ជប៉ុននាំចូលប្រេង ៩០% ដោយដឹកជញ្ជូនពីមជ្ឈិមបូពា៌និងអាហ្វ្រិកដោយឆ្លងកាត់មហាសមុទ្រឥណ្ឌា។

គេមិនអាចបដិសេធបានទេថា ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនដែលកំពុងកើនឡើងនិងវិធីសាស្រ្តសើរើឡើងវិញ មិនត្រូវបានអត់ឱនដោយទីក្រុងវ៉ាស៊ីនតោននោះឡើយ ពីព្រោះការរះឡើងនោះអាចផ្ដល់លទ្ធភាពឱ្យចិនអាចគ្រប់គ្រងតំបន់អាស៊ីបាន ហើយចិននឹងអាចបង្ខំប្រទេសផ្សេងទៀតនៅអាស៊ីឱ្យស្របតាមរបៀបវារៈរបស់ខ្លួន ហើយទីបំផុតរុញច្រានអាមេរិកចេញពីទ្វីបអាស៊ី ដូចដែលអាមេរិកបណ្ដេញអឺរ៉ុបចេញពីទីធ្លាក្រោយផ្ទះរបស់ខ្លួននៅសតវត្សរ៍ទី១៩ ផងដែរ។

ឆ្លើយតបទៅនឹងកង្វល់នេះ អ្នកយុទ្ធសាស្ត្រអាមេរិកមួយចំនួនដូចជា លោក ចន មៀរស្ហេម័រ (John Mearsheimer), លោក រ៉ូប៊ើត កាបឡាន (Robert D. Kaplan), និងលោក រ៉ូប៊ើត អាត (Robert J. Art) ជាដើម បានអះអាងថា អាមេរិកកំពុងអនុវត្តយុទ្ធសាស្ត្រទប់ស្កាត់ការរះឡើងរបស់ចិនក្នុងសតវត្សរ៍ទី២១នេះ។ ពួកគេបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនដែលអត់ឱនឱ្យដៃគូប្រកួតប្រជែងរបស់ខ្លួន គឺប្រទេសចិននោះទេ។ ក្នុងន័យនេះ អាមេរិកកំពុងតែដឹកនាំគោលនយោបាយទប់ស្កាត់តំបន់ ដើម្បីទប់ស្កាត់មហិច្ឆតារបស់ចិនចង់ក្លាយជាមហាអំណាចអនុត្តរភាពតំបន់អាស៊ីបូពា៌ និងអាស៊ីអាគ្នេយ៍។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិអាមេរិក លោក ឃឺត ខេមប៊ែល (Kurt Campbell) បានលើក​ឡើង​ថា ការតម្រង់ឆ្ពោះមកកាន់អាស៊ី (Pivot to Asia) គឺជាយុទ្ធសាស្ត្រព្រនង់ធំមួយដែលបានប្រើប្រាស់ដោយរដ្ឋបាលលោក អូបាម៉ា ដើម្បីរក្សាភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក និងសណ្ដាប់ធ្នាប់សេរីដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ខ្លួននិងសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយនឹងការយកចិត្តទុកដាក់ចំពោះធនធានកាន់តែច្រើនសម្រាប់តំបន់ដែលមានភាពរឹងមាំនេះ។

យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិករបស់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុវត្តបន្តក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន ត្រូវបានគេចាត់ទុកថា ជាយុទ្ធសាស្ត្រព្រនង់ធំរបស់អាមេរិក ដើម្បីកម្រិតការកើនឡើងនៃអំណាចរបស់ចិន។ លើសពីនេះ ដើម្បីធ្វើឱ្យមានតុល្យភាពទល់នឹងអំណាចរបស់ចិនដែលកំពុងកើនឡើងនៅប៉ាស៊ីហ្វិកខាងលិច ព្រមទាំងដើម្បីទប់ទល់នឹងឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ចិនដែលកំពុងកើនឡើង។ បន្ថែមពីនេះ ដើម្បីរារាំងសមត្ថភាពរបស់ចិនក្នុងការរំលោភលើផលប្រយោជន៍របស់អាមេរិក និងធ្វើឱ្យខូចដល់សណ្ដាប់ធ្នាប់ដែលផ្អែកលើច្បាប់នៅអាស៊ីប៉ាស៊ីហ្វិក។

ហេតុដូច្នេះ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាយុទ្ធសាស្ត្រព្រនង់ធំមួយដែលសហរដ្ឋអាមេរិកអនុវត្តដើម្បីអូសទាញសម្ព័ន្ធមិត្តឱ្យចូលរួមក្នុងតំបន់របស់ខ្លួន ដើម្បីការពារផលប្រយោជន៍ទៅវិញទៅមក និងដើម្បីប្រឆាំងឬឡោមព័ទ្ធការរះឡើងរបស់ចិនផ្នែកការទូត យោធា និងសេដ្ឋកិច្ចនៅក្នុងតំបន់៕

អត្ថបទដោយ៖ បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា រាល់ខ្លឹមសារអត្ថបទជាការលើកឡើងរបស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងពីគោលជំហររបស់វីអូឌីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ