ក្រសួងព័ត៌មាន​ស្វែងរក​វិធាន​ទប់ស្កាត់​ការយាយី​លើ​អ្នកកាសែត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងព័ត៌មាន ស្វែងរកវិធានទប់ស្កាត់ការយាយីលើអ្នកកាសែត ដោយហេតុថា ដើម្បីលើកកម្ពស់សេរីភា​ពសារព័ត៌មាននៅកម្ពុជា តបតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រោយពីកត់សម្គាល់ថា ថ្មីៗនេះមា​ន​អ្នករាយ​ការ​ណ៍​ព័ត៌មាន២រូបត្រូវបានឃាត់ខ្លួនទាំងបំពាន។

នេះជាការលើកឡើងរបស់​​​រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័​ត៌​មានក្នុងក្របខណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា» កាលពីម្សិលមិញ នៅ​រាជធានីភ្នំពេញ ដែលមានការចូលរួម​ពី​តំណាង​អាជ្ញាធរ​ខេត្ត សមត្ថកិច្ចពាក់ព័ន្ធ​របស់ក្រសួងមហាផ្ទៃ និងក្រ​សួងយុត្តិធម៌ រួមទាំងតំណាងសមាគមក្រុមអ្នកសារព័ត៌មានផងដែរ។

លោក ខៀវ កាញារីទ្ បានថ្លែង​ថា សារព័ត៌មានឯករាជ្យដែលមិនមានជំហរប្រឆាំងដាច់ខាតឬគាំទ្រដាច់មុខ បានដើរតួសំខាន់ណាស់ក្នុងការជំរុញដំណើរការប្រជាធិបតេយ្យ ហើយថា បើគ្មានសារព័ត៌​មា​​​ន​បែបនេះក៏មិនអាចមានសង្គមប្រជាធិបតេយ្យដែរ។

ជាមួយគ្នានេះដែរ​ លោក​​រដ្ឋមន្ត្រីក៏​បានថ្លែងដោយ​​​មិនបញ្ចេញឈ្មោះថា ថ្មីៗនេះមាន​អ្នកកាសែត២រូប ត្រូវបាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ពួកគេទាំងបំពាន ដោយគ្រាន់តែធ្វើសេចក្ដីរាយការណ៍ផ្ទាល់ និងថតរូប នៅមុខសាលា​ខេត្ត។

លោកថា៖ «បើ [អ្នកសារព័ត៌មាន] ថតមុខសាលាខេត្ត ម៉េចមិន​ឱ្យគេថត? ចាប់ហ្នឹង​គឺខុស គឺថាបំពានហើយអាហ្នឹង! អ៊ីចឹងរដ្ឋបាល​យើង​ក៏មានការបំពានអ៊ីចឹងដែរ យើងអត់យល់! ឬ​ដូច​អភិបាល​ខេត្តមួយបាននិយាយថា អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរនៅកន្លែងហ្នឹងដើម្បីគេដឹង មិនមែនអីចឹងទេ»។

លោកបន្ថែម​ថា៖ «មាត្រា៤០ [នៃរដ្ឋធម្មនុញ្ញ] បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ អ៊ីចឹងគេទៅណា គេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ។ ប៉ុន្តែបើគេចង់សរសេរពាក់ព័ន្ធសមត្ថកិច្ចឬអាជ្ញាធរ​នៅកន្លែងណា អាហ្នឹងគេអាចទាក់ទងអាជ្ញាធរសុំសួរ សុំសម្ភាស នេះវាជាការងារទាក់ទង និងដាច់ដោយឡែក​ពីគ្នា»

យ៉ាងណា លោក ខៀវ កាញារីទ្ធ លើកឡើងថា អ្នកសារព័ត៌មាន​​នៅកម្ពុជា៨០ភាគរយមិន​បានរៀន​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និងមិនបានឈ្វេងយល់ទៅលើច្បាប់ស្ដីពីរបបសារព័ត៌មាននិងច្បាប់ព្រហ្មទណ្ឌជាដើម ដោយ​​ពួកគេចាប់ផ្ដើមប្រកបអាជីពនេះតែម្តង។

ប្រធានក្លឹបអ្នក​កាសែតកម្ពុជា លោក ប៉ែន បូណា មើលឃើញថា ភាព​ចម្រូង​ចម្រាស​រវាង​អ្នក​រាយ​កា​រណ៍​​ព័ត៌​មាន ពិសេសក្រុមអ្នករាយការណ៍តាម​អន​ឡាញ និងអាជ្ញាធរ បានកើតឡើងយូរណាស់មកហើយ ដោយ​សា​​រតែមិនយល់គ្នា។

បើតាមលោក បូណា បញ្ហា​​បាន​កើត​ឡើង​ដោយ​សារ​ព័​ត៌មាន​ខ្លះបង្ហាញឥរិយាបថឆ្គាំឆ្គង រីឯអាជ្ញាធរ​​​​វិញមិន​សហការ ហើយបែរជាចាត់ទុកអ្នកសារព័ត៌មានថាបានបង្កភាពរញ៉េរញ៉ៃក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន​ទៅ​វិញ។ តែយ៉ាងណា លោកថា ករណីនេះ​នឹងប្រសើរ​ឡើងវិញ ក្រោយពីរដ្ឋមន្ត្រីបានក្រើនរម្លឹក។

លោកថា៖ «ខ្ញុំជឿថា ការអំពាវនាវរបស់ឯកឧត្ដមរដ្ឋមន្ត្រី អាចនឹងជួយឱ្យទាំងអាជ្ញាធរ ទាំងអ្នកសារព័ត៌​មាន​យើង​ កាន់​តែ​យល់​គ្នា ហើយធ្វើការឱ្យចុះសម្រុងគ្នា​ ដើម្បីធ្វើម៉េចឱ្យសេរីភាពសារព័ត៌មានហ្នឹង​វាមានលក្ខណៈ​ពេញ​លេញ»។

នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ដែលបានចូលរួមសិក្ខាសា​លា​​​នេះ បានឱ្យដឹងនៅថ្ងៃពុធនេះថា ក្នុងពិធីនោះ លោកបានលើកយកបញ្ហា៥ចំណុច ដែលអ្នកសារព័ត៌មា​ន​​កំ​ពុ​ង​រង​ការ​រំលោភ​បំពាន និងជំរុញឱ្យមានដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធ។

បើតាមលោក ណុប វី បញ្ហាទាំងនោះរួមមាន​ ការប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មាន ការឃាត់ខ្លួនអ្នកសារព័ត៌មាន​ដោយមិនអនុលោម​តាម​ច្បាប់​ស្ដីពីរបបសារព័ត៌មាន និង​ការបៀតបៀនទៅអ្នកសារព័ត៌មាន​ដែល​ជា​ស្ត្រី។ តាមរយៈ​ជំនួប​​ជាមួយ​ក្រសួងពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​​នេះ លោកថា ជាការចេញដំណើរទៅរក​ភា​ព​ជោគ​ជ័យ​ បើក្រសួងព័ត៌មានមានយន្តការតាមដានអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធពិតប្រាកដមែននោះ។

លោកថា៖ «ខ្ញុំគិតថា កាលណាយើងយល់ដឹងអំពីតួនាទីនិងភារកិច្ចគ្នាបានកាន់តែទូលំទូលាយ ហើយយើង​មាន​ការបើកចិត្តគោរពគ្នាទៅវិញទៅមក វាជាជោគជ័យមួយ វាជាផលផ្លែផ្កាមួយ ដែលនឹងក្លាយទៅជាប្រយោជន៍ ហើយនឹងធ្វើឱ្យការអនុវត្តភារកិច្ចនិងតួនាទីការងារអ្នកសារព័ត៌មាន និងមន្ត្រីនគរបាល និងអាជ្ញាធរ​នៅមូលដ្ឋាន កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត»។

សូមរម្លឹក​ថា កាលពីដើមខែវិច្ឆិកានេះ អ្នកសារ​ព័ត៌មាន LSN TV ចំនួន​២នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពតចាប់ខ្លួន ក្រោយពួកគេធ្វើសេចក្ដីរាយការណ៍ផ្ទាល់ និងសម្ភាសអ្នកតវ៉ាដីធ្លី នៅមុខសាលាខេត្ត​នេះ ដោ​​យ​សមត្ថកិច្ចចោទពួកគេ​ថា​ ការធ្វើសេចក្ដីរាយការណ៍នោះជំរុញឱ្យពលរដ្ឋបង្កើនសកម្មភាព​ចូលទន្ទ្រានកាន់កាប់ដីមា​​នបណ្ណ​កម្មសិទ្ធិស្របច្បាប់។ ក៏ប៉ុន្តែអ្នកសារព័ត៌មានទាំង២នាក់​នោះត្រូវបានដោះលែងវិញ ក្រោយពីបញ្ជូនទៅតុលាការ។

របាយការណ៍ឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) ស្តី​ពី «ស្ថាន​ភាព​អ្នកសារព័ត៌មាននៅកម្ពុជា» បានរកឃើញថា មាន​អ្នកសារព័ត៌មាន​ជិត១០នាក់បាន​រ​ង​​នូវ​ការ​យាយី និងជាប់ពន្ធនាគារ ដោយ​សារ​​តែ​រាយការណ៍ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី​ ​ក្នុង​រយៈពេល៣ខែចុងក្រោយ​នេះ។

របាយការណ៍ដដែលនេះបញ្ជាក់​ថា វិធាន​នេះធ្វើឡើង​បន្ទាប់​​​ពី​ក្រសួង​​ព័ត៌មានបាន​​ចេញសេចក្ដីជូនដំណឹងមួយ ​ដោយ​បើក​ផ្លូវ​​ឱ្យ​អាជ្ញាធរ​​អាច​ចោទប្រកាន់ទៅលើ​​អ្នកសារព័ត៌មាន ដែលអាជ្ញាធរ​ថាបាន​​រំខានដល់ការងាររបស់ពួកគេ។

ដោយឡែក អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្ដល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាន​នៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេស​នៅ​លើពិភព​លោក។ សេរីភាពសារព័ត៌មានដែលអង្គការនេះ​វាយតម្លៃ បង្ហាញ​ថា កម្ពុជា​បានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ