សហគមន៍​ព្រៃឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ រង​ការ​កាប់​បំផ្លាញ​អស់​ជាង​១០​ហិកតា

ស្ថានភាពសហគមន៍ព្រៃឈើក្បាល​អូរ​ធ្នង់ ស្ថិត​ឃុំដង​កាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រងការកាប់បំផ្លាញដោយជនមិនស្គាល់មុខ។ (សហគមន៍​ព្រៃឈើក្បាលអូរធ្នង់)

ប្រជា​សហគមន៍អះអាង​ថា ព្រៃឈើប្រមាណ១៥ហិកតា​របស់សហគមន៍ព្រៃឈើក្បាល​អូរ​ធ្នង់ ស្ថិត​ឃុំដង​កាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រងការកាប់បំផ្លាញជាបន្តបន្ទាប់​ ខណៈអាជ្ញាធរបញ្ជាក់​ថាខ្លួន​​កំពុង​ស៊ើប​រកជន​ល្មើស។

ប្រធាន​សហគមន៍​ព្រៃឈើក្បាលអូរធ្នង់ លោក ប៊ុត បាន ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ​ថា ព្រៃឈើក្នុង​សហគមន៍ក្បាល​អូរធ្នង់ ត្រូវបានជនមិនស្គាល់មុខចូលទន្ទ្រាននិងកាប់បំផ្លាញជាបន្តបន្ទាប់​រយៈពេល៤​ខែហើយ។ លោក​ថា លោក​បាន​រាយការណ៍​ករណី​នេះ​ទៅរដ្ឋបាលព្រៃឈើ និងអាជ្ញាធរឃុំ ឱ្យជួបទប់ស្កាត់ដែរ ប៉ុន្តែអាជ្ញាធរ​ទាំង​នោះហាក់មិនសកម្មក្នុងការចូលរួមទប់ស្កាត់ឡើយ។

ប្រធាន​សហគមន៍រូបនេះបារម្ភពីការបាត់បង់ដីនិងព្រៃឈើសហគមន៍មួយនេះ​ឆាប់រហ័ស ប្រសិនបើពុំមាន​ការចូលរួមទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធទា​ន់​ពេល​វេលា ខណៈសហគមន៍​ក៏ជួបបញ្ហាខ្វះខាតថវិកាសម្រាប់​ការ​ចំណាយផ្សេងៗលើការធ្វើដំណើរ​ចុះល្បាតព្រៃសហគមន៍នេះផងដែរ។

លោកបន្ថែមថា៖ «ពួកខ្ញុំបារម្ភពីការបាត់ព្រៃឈើយ៉ាងឆាប់រហ័សហ្នឹងហើយ បានជារាល់ថ្ងៃហ្នឹងខិតខំការពារ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ។ អ្នកដែលហ៊ានកាប់ ភាគច្រើនមានតែអ្នកមានអំណាច អ្នក​ក្រីក្រមិនសូវហ៊ានប៉ុន្មានទេ។ រដ្ឋបាលព្រៃឈើ គាត់មិនសូវសកម្មប៉ុន្មានទេ​ក្នុងការ​ចុះ​ល្បាត គាត់តែងយក​ព័ត៌មានពីយើងដែរ ប៉ុន្តែយើងរាល់ថ្ងៃហ្នឹងខ្វះថវិកាសម្រាប់ការធ្វើដំណើរចុះល្បាតដែរ អ៊ីចឹង​ហើយបាន​យើង​មិនសូវបានចុះល្បាត ហើយជនល្មើសចេះតែលួចកាប់»

សមាជិកសហគមន៍នេះ​ ​លោក សុខ ប្លោក បានដាក់ការសង្ស័យថា ករណីកាប់បំផ្លាញ​​ព្រៃឈើក្នុងសហគមន៍ក្បាលអូរធ្នង់ អាចមាន​ជាប់ពាក់ព័ន្ធ​រវាងជនល្មើសនិងអាជ្ញាធរផ្នែកណាមួយ ព្រោះ​ពេល​សហគម​ន៍រាយការណ៍​អំពីបញ្ហានេះ ខាង​អាជ្ញាធរ​មិនបានចុះទប់ស្កាត់ឱ្យ​បាន​ទាន់ពេលវេលា និងកោះហៅអ្នកពាក់ព័ន្ធមកធ្វើ​កិច្ចសន្យាបញ្ឈប់សកម្មភាពឡើយ។

លោក​បន្ត​​ថា បើសិន​ព្រៃសហគមន៍មួយនេះ​ត្រូវ​បាត់​បង់ នោះ​នឹងធ្វើឱ្យប៉ះពាល់ដល់មុខរបរមួយ​ចំនួន​របស់ប្រជា​សហគមន៍ ដូចជា បោចវល្លិ រកឃ្មុំ ដក​ផ្សិត និងរកផ្លែឈើព្រៃ ជាដើម។

លោកបន្ថែមថា៖ «អាជ្ញាធរភូមិឃុំ​យើង​ធ្លាប់រាយការណ៍ទៅគាត់ [រដ្ឋបាលព្រៃឈើ​] ដែរ ប៉ុន្តែពួកគាត់មិនព្យាយាមរកជនល្មើសជាមួយយើងជាប្រជាសហគមន៍ទេ។ អ្វីដែលជាការព្រួយបារម្ភរបស់ខ្ញុំ គឺព្រៃឈើវាមានសារៈសំខាន់សម្រាប់ពួកខ្ញុំដែលរស់នៅជាប់នឹងព្រៃ។ ពួកខ្ញុំចូលទៅដកអនុផលពីព្រៃហ្នឹងទៅតាមរដូវកាល ដូច​ជា រដូវកាល​ដក​ផ្សិត រដូវកាលបេះផ្លែឈើ រដូវកាលរកឃ្មុំ និងរកអីផ្សេងៗទៀត។ ប៉ុន្តែបើសិនជាបាត់បង់ព្រៃ​ទៅ ទី១ ​គឺបាត់បង់​អត្តសញ្ញាណ​មុនគេ និងទី២ បាត់បង់មុខរបរដូចខ្ញុំលើកឡើង»

នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុក​សណ្ដាន់ លោក តាន់ ផាន់នី ទទួលស្គាល់ថា មានករណីកាប់ព្រៃឈើក្នុងសហគមន៍ក្បាលអូរធ្នង់នេះ​ពិតមែន។ លោកថា ករណីនេះ លោកកំពុងស្រាវជ្រាវរកជនល្មើស និង​បានដាក់​ពាក្យ​បណ្ដឹង​ទៅតុលាការរួចហើយ​ដែរ។

នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ ​បន្តថា រូប​លោកនិងអាជ្ញាធរពាក់ព័ន្ធតែងតែចុះអន្តរាគមន៍ភ្លាមៗនៅ​ពេល​​ដែល​សហគមន៍រាយការណ៍ ជុំវិញ​ការ​ទន្ទ្រាននិង​ការកាប់ព្រៃសហគមន៍នេះ។ លោក តាន់ ផាន់នី ស្នើដល់​សហគមន៍​បន្តជួយស្រាវជ្រាវរកមុខជនល្មើស និងរាយការណ៍ជូនរដ្ឋបាលព្រៃឈើ ហើយក៏ស្នើដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការរុករានទន្ទ្រានយកដីនិងកាប់បំផ្លាញព្រៃសហគមន៍នេះបន្តទៀតផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំបានត្រៀមស្លាក​រួច​ជា​ស្រេច​ទៀត ដើម្បីសហគមន៍គាត់យកទៅវាយ[ដាក់]កន្លែង​កាប់​ហ្នឹង​ថា ព្រៃហ្នឹង​យើង​បាន​ប្ដឹង​ទៅ​តុលាការ​រួចហើយ ដើម្បីឱ្យអាអ្នកលួចកាប់វាដឹង។ ហើយខ្ញុំនឹងឱ្យមន្ត្រីខ្ញុំចុះពិនិត្យ​មើលថា វាកាប់រាលដល់ណាទៀត ពីព្រោះកាលខ្ញុំចុះទៅលើកមុន វាកាប់អស់ប្រហែលជាង​៩ហិកតាទេ»

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា សហគមន៍ព្រៃឈើជាច្រើននៅ​កម្ពុជាបានរងការ​កាប់បំផ្លាញនិង​ទន្ទ្រានយកធ្វើកម្មសិទ្ធិពីសំណាក់​ប្រជាពលរដ្ឋនៅ​ក្រៅខេត្ត​និងក្នុងខេត្ត។ លោកថា បញ្ហានេះកើតឡើងដោយសារកម្សោយ​នៃការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ។

លោកបន្ថែមថា៖ «ដូច្នេះ ក្នុងនាមយើងជាអ្នកធ្វើការងារលើបញ្ហាបរិស្ថាននិងព្រៃឈើ យើងបានទទូចនិងស្នើម្ដងហើយម្ដងទៀតឱ្យអាជ្ញាធរមេត្តាយកចិត្តទុកដាក់ការពារដីព្រៃសហគមន៍ដែលកំពុងតែរងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃនេះ។ បើសិនជាអាជ្ញាធរមិនយកចិត្តទុក​ដាក់​ការពារទេ មិនលើកកម្ពស់ការចូលរួមរបស់សហគមន៍ឬផ្ដល់តម្លៃដល់អ្នកការពារទេ ថ្ងៃអនាគត​ កម្ពុជាយើងនឹងរងវិបត្តិយ៉ាងច្រើនពី​ការបាត់បង់ព្រៃឈើដ៏ធ្ងន់ធ្ងរនេះ»។

បើតាមប្រធានសហគមន៍នេះ «សហគមន៍ព្រៃឈើក្បាលអូរធ្នង់» បានចុះបញ្ជី​ទទួលស្គាល់ដោយរដ្ឋាភិបាល​ កាល​ពីឆ្នាំ​២០១០ ដែលមាន​ផ្ទៃដី២ ៨៩១,៣៣ហិកតា មានប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំដងកាំបិត ដែល​បានចូលអាស្រ័យផលពីសហគមន៍មួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ