រដ្ឋសភា​គ្រោង​បោះឆ្នោត​ជ្រើសតាំង​លោក ជាម យៀប ជា​អនុប្រធាន​ទី១​រដ្ឋសភា​ក្នុងសប្ដាហ៍នេះ

(កណ្ដាល) លោក ជាម យៀប ​តំណាងរាស្ត្រ​នៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។

រដ្ឋសភា​គ្រោង​បើក​សម័យ​ប្រជុំ​របស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបោះឆ្នោត​ជ្រើស​តាំងលោក ជៀម យៀប ជា​អនុប្រធានទី១ថ្មីនៃរដ្ឋសភា និង​ការតែងតាំងនិង​ដោះ​ដូរ​តួនាទី​សមាជិក​ខ្លះ​នៃ​គណៈ​កម្មការមួយចំនួនរបស់រដ្ឋសភា។

នៅព្រឹក​ថ្ងៃចន្ទនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាបាន​បើក​កិច្ច​ប្រជុំ​ ដោយ​ពិភាក្សានិង​អនុម័ត​​លើ​របៀបវារៈមួយចំនួន។

ក្រោយ​កិច្ច​ប្រជុំនោះ រដ្ឋសភាបានចេញ​សេចក្ដីប្រកាសព័ត៌មានមួយជុំវិញលទ្ធផលនៃ​កិច្ចប្រជុំ​គណៈ​​កម្មការ​អចិន្ត្រៃយ៍នោះ ដោយ​អង្គ​ប្រជុំ​បានអនុម័តទទួលស្គាល់លោក អ៊ុន ប៊ុន​ហាន ជា​តំណាង​​រាស្ត្រ​ថ្មីមណ្ឌល​ខេត្តកំពង់ធំ ជំនួយ​លោក ងួន ញ៉ិល ដែលបានទទួល​មរណភាព និង​​សម្រេច​​លើ​​សំណើ​​សុំជ្រើ​សតាំង​តំណាងរាស្ត្រ​នៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ជាអនុ​ប្រធាន​ទី១រដ្ឋសភា ដើម្បីដាក់​ជូន​សម័យ​ប្រជុំរដ្ឋសភានាពេលខាង​មុខ បោះឆ្នោត​ផ្ដល់​សេចក្តីទុកចិត្ត​។

ក្រៅពីនោះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បាន​អនុម័ត​សំណើសុំជ្រើសតាំង​តំណាង​រាស្ត្រ​នៃគណបក្សប្រជាជន​កម្ពុជា ​​រួមមាន លោក ឈាង វុន ជាសមាជិកគណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង​លោក ជៀប ស៊ីវន ជាសមាជិក​គណៈកម្ម​ការ​កិច្ច​ការ​បរទេស​ សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមនឹង​ដាក់បញ្ចូល​សេច​ក្ដីព្រាង​​ច្បាប់​​មួយ​ចំនួនក្នុង​របៀបវារៈសម័យ​ប្រជុំ​រដ្ឋសភានាពេល​ខាងមុខ​ផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គប្រជុំ​បាន​អនុម័ត​កាល​បរិច្ឆេទបន្ត​សម័យ​ប្រជុំរដ្ឋសភា​លើកទី​៦ នីតិ​កាលទី៦ នៅព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បី​សម្រេច​សុពលភាព​អ្នកតំណាង​រាស្ត្រ​ថ្មី​នៅ​មណ្ឌល​កំពង់​ធំ ការ​បោះឆ្នោតជ្រើ​សតាំងអនុប្រធានទី១ថ្មីនៃ​រដ្ឋសភា ការជ្រើសតាំង​សមា​ជិក​គណៈ​កម្មការ​​ចំនួន​​២ខាងលើ និងការពិភាក្សានិងអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយចំនួន​ទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ