លោក ស៊ី ជីនពីង ប្រាប់​មេដឹកនាំ​អាស៊ាន​ថា​ចិន​គ្មាន​បំណង​ប្រើ​អំណាច​គាបសង្កត់​តំបន់​នោះទេ

លោក ស៊ី ជីងពីង ប្រធានាធិបតីចិន។ (fmprc.gov.cn)

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ ទាំង១០​ប្រទេស នៅក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃចន្ទនេះថា ចិននឹងមិនធ្វើទុក្ខបុកម្នេញ​លើប្រទេសជិតខាង​តូចៗ​ក្នុងតំបន់របស់ខ្លួននោះទេ ស្របពេលដែលភាពតានតឹងនៃសមុទ្រចិន​ខាងត្បូងកើនឡើង។ នេះបើតាមការ​ផ្សព្វផ្សាយ​របស់​​ទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ការទាមទារទឹកដីរបស់ចិនក្នុងសមុទ្រចិន​ខាងត្បូង បានបង្កើតឱ្យមានជាការប៉ះទង្គិចគ្នាជាមួយបណ្ដាប្រទេស​អាស៊ីអាគ្នេយ៍មួយចំនួន ខណៈ​ករណីនេះក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីសំណាក់​សហរដ្ឋអាមេរិក និងជប៉ុនផងដែរ។

ទោះជាយ៉ាងណា លោក ស៊ី ជីនពីង បានថ្លែងថា ចិននឹងមិនស្វែងរកអនុត្តរភាព ឬទាញយកផលប្រយោជន៍ពីទំហំអំណាចរបស់ខ្លួន ដើម្បី​បង្ខិតបង្ខំប្រទេសតូចៗនោះទេ ហើយខ្លួននឹងធ្វើការជាមួយអាស៊ាន ដើម្បីលុបបំបាត់ «ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង»

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានស្រង់សម្ដីប្រធានាធិបតីរូបនេះដែលបានលើកឡើងថា៖ «ប្រទេសចិន នឹងតែងតែជាអ្នកជិតខាងល្អ មិត្តល្អ និងជាដៃគូដ៏ល្អរបស់អាស៊ានជានិច្ច»។

គួរបញ្ជាក់ថា អាមេរិកបានថ្កោលទោសម្ដងហើយម្ដងទៀតចំពោះទង្វើរបស់ចិនក្នុងការទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង ដែលពាក់ព័ន្ធជាមួយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ