គណបក្ស​កែទម្រង់​កម្ពុជា​នឹង​ធ្វើ​សមាជ​នៅ​ចុង​ខែមករា​ខាងមុខ

មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា រួមនឹងសមាជិកបក្សប្រចាំខេត្តតាកែវ ចុះលើកស្លាកគណបក្សនៅក្នុងតំបន់មួយនៃខេត្តតាកែវ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា ខេត្តតាកែវ)

គណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម នឹងធ្វើសមាជនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ខាងមុខនេះ បើគ្មានការប្រែប្រួលទេនោះ។

គណបក្សនេះធ្លាប់បានលើក​ពេលធ្វើសមាជរបស់ខ្លួនម្ដងរួចហើយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលត្រូវនឹងខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់ វីអូឌី នៅថ្ងៃទី២៤ ខែវិច្ឆិកា​ ថាការ​កំណត់យកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ជាថ្ងៃធ្វើសមាជគណបក្ស គឺមិនមែនជាថ្ងៃពិសេសអ្វីនោះទេ។ ក៏ប៉ុន្តែលោកគូសបញ្ជាក់ថា ជាពេលវេលាដើម្បីងាយស្រួលក្នុងការធ្វើសមាជ ដែលមានការចូលរួមពីសមាជិកទាំងក្នុងនិងក្រៅប្រទេស និងងាយស្រួលក្នុងការបញ្ជូនសារនយោបាយទៅកាន់ប្រជាពលរដ្ឋ ព្រោះជាពេលវេលាខិតជិតការបោះឆ្នោតឃុំ-សង្កាត់ផង និងដើម្បីរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ផង។

គណបក្សកែទម្រង់កម្ពុជា បង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ដែលរួមមាន លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ និងលោក ប៉ុល ហំម អតីតតំណាងរាស្ត្រ និងជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ។ គណបក្សកែទម្រង់កម្ពុជា ត្រូវ​បាន​ក្រសួង​មហាផ្ទៃទទួល​ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ