ឥស្សរជន​នយោបាយ​សំខាន់ៗ​ហៅ​ការ​យាង​ចូល​ទិវង្គត​សម្ដេច​ក្រុមព្រះ​ថា​ជា​ការ​បាត់បង់​វរជន​ដ៏ឆ្នើម

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងថ្ងៃសមាជវិសាមញ្ញបក្ស ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ (ជន ចាន់រ៉ែន)

ក្រោយដំណឹង​យាង​សោយ​ទិវង្គត​របស់សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ ឥស្សរជន​នយោបាយសំខាន់ៗនៅកម្ពុជាបានផ្ញើសាររំលែកព្រះមរណទុក្ខ​នេះភ្លាមៗ ដោយបានសម្ដែងភាពក្ដុកក្ដួល និង​សោកស្ដាយជាពន់ប្រមាណ និងចាត់ទុកការយាងពិលាល័យរបស់ព្រះអង្គថា ជាការបាត់បង់វរជនក្នុងសែរាជវង្សដ៏ឆ្នើម។

ក្នុងសាររំលែកព្រះមរណទុក្ខរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃទី២៩ ខែវិច្ឆិកា ដែល​​បានទូលថ្វាយនិង​ជម្រាបជូនព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ម៉ារី រណឫទ្ធិ ព្រះរាជបុត្រាបុត្រី និងសមាជិក-សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញក្ដីសង្វែកសោកស្ដាយស្រណោះអាឡោះអាល័យជាអនេកចំពោះការបាត់បង់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលជាព្រះស្វាមី ព្រះបិតា និងជាព្រះប្រធានជាទីគោរពស្រឡាញ់បំផុត។

លោក​ កឹម សុខា សរសេរបន្ត​ថា៖ «ក្នុងឱកាសនេះ ទូលព្រះបង្គំខ្ញុំសូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ សូមយាងទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ដោយឡែក សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ កាលពីយប់ថ្ងៃ​ម្សិលមិញ បានថ្វាយសាររំលែកព្រះមរណទុ​ក្ខជូនព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះការយាងសោយទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ផងដែរ។ ​

ក្នុងសាររំលែកព្រះមរណទុក្ខនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការបាត់បង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​ជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ។

លោកលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំនិងភរិយា សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគសោកស្ដាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា»។

សម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតមន្ត្រីក្រោមឱវាទរបស់សម្ដេចក្រុមព្រះ​ផងនោះ គឺលោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួន​ថា ព្រះអង្គ​ម្ចាស់ នរោត្ដម រណឫទ្ធិ ជាមេដឹកនាំចលនាតស៊ូមួយរូប​គួរឱ្យ​​គោរព កាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៩៣។

លោក សម រង្ស៊ី បន្តថា​៖ «ខ្ញុំសូមសម្ដែងការគោរពចំពោះវិញ្ញាណក្ខន្ធព្រះអង្គ»។

សម្រាប់សាររំលែកព្រះមរណទុក្ខរបស់​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានបង្ហាញសេចក្ដីរន្ធត់ តក់ស្លុត និងសង្វេគសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំនៃការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ។

អនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានចាត់ទុក​ការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ថាមិនត្រឹមតែជាការបាត់បង់សមាជិកព្រះរាជវង្សានុវង្សដែលជាបញ្ញវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ មិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្មបម្រើក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

សាររំលែកព្រះមរណទុក្ខរបស់លោក ស ខេង បញ្ជាក់ថា​៖ «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យបំផុតនេះ ទូលព្រះបង្គំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជបុត្រាបុត្រី និងសូមឧទ្ទិសបួងសួងនូវព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

បើតាមសេចក្ដីជូនដំណឹងរបស់គណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គត កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលា​ម៉ោង៩និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣និង៤០នាទីរសៀលថ្ងៃខែឆ្នាំដដែលនៅប្រទេសកម្ពុជា ក្នុងព្រះជន្មាយុ៧៧​ព្រះវស្សា ដោយព្រះរោគាពាធ។

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ​ប្រសូតថ្ងៃទី២ ខែមករា ឆ្នាំ​១៩៤៤​។ ព្រះអង្គ​ជាព្រះរាជបុត្រទី២ របស់ព្រះបាទសម្ដេច នរោត្ដម សីហនុ ជាមួយ​អ្នកម្នាង ផាត់ កាញ៉ុល​ ហើយ​ព្រះអង្គត្រូវជាព្រះរាមព្រះមាតាទីទៃនៃព្រះមហាក្សត្រកម្ពុជា​បច្ចុប្បន្ន គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី។

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្លាប់បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទី១ នៃប្រទេសកម្ពុជា ចន្លោះ​ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ដោយ​កាលណោះលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ ហើយប​ន្ទាប់​មក ព្រះអង្គក៏បានក្លាយជាព្រះប្រធានរដ្ឋសភា ចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។

​ក្នុងសេចក្ដីជូនដំណឹងរបស់គណបក្សរាជានិយមមួយនេះ បញ្ជាក់ទៀតថា ព្រះសពរបស់សម្ដេចក្រុមព្រះនឹងត្រូវយាង​ដង្ហែមកប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ