អ្នកនាំពាក្យ៖ ព្រះអង្គម្ចាស់​ចក្រាវុធ​ស្វាគមន៍​អតីត​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​មកវិញ នៅ​មុន​សមាជបក្ស​ដើម​ឆ្នាំ​ក្រោយ

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំដែលជារចនាសម្ព័ន្ធថ្នាក់ខេត្តនិងស្រុក នៃខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្ស ហ៊្វុនស៊ិនប៉ិច)

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រកាសស្វាគមន៍អតីតមន្ត្រីជាន់ខ្ពស់គណបក្សរាជានិយមនេះវិលត្រលប់មកវិញ នៅមុនពេលគណបក្សធ្វើសមាជនៅក្នុងខែមករា ឆ្នាំ២០២២ខាងមុខ។

អ្នកនាំពាក្យគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍ថា ការប្រកាសស្វាគមន៍របស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បុត្រាសម្ដេចក្រុមព្រះនេះ គឺបន្ទាប់ពីអតីត​អនុប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច និង​ជា​ស្ថាបនិក​គណបក្ស​ លោក ប៉ោ ប៊ុនស្រ៊ឺ បានប្រកាស​គាំទ្រ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជាព្រះ​ប្រធាន ដើម្បី​ដឹកនាំគណបក្សបន្តពី​សម្ដេច​​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលទើបចូលទិវង្គតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅនេះ។

លោក ញឿន រ៉ាដែន បានថ្លែងថា៖ «យើងឃើញអ្នកបោះដៃហ្នឹងមកមួយចំនួនធំហើយ។ ជាក់ស្ដែងដូចអ្វីដែលអស់លោកបានឃើញហើយ តាមរយៈសារព័ត៌មាន មានអ្នកចង់មកថ្វាយបង្គំ ហើយតាមគ្នាយើងមួយចំនួនហ្នឹងបានបង្ហើបថាចង់មកថ្វាយបង្គំលោក [ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ] ហើយលោកថា អត់ជាបញ្ហា លោកស្វាគមន៍ជានិច្ចចំពោះកូនចៅ ជាពិសេសកូនចៅអ្នកស្នេហាជាតិ ឬកូនចៅសម្ដេចក្រុមព្រះទាំងអស់ដែលមានបំណងមកថ្វាយបង្គំលោក បាទ»។

លោក ប៉ោ ប៊ុនស្រ៊ី អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចូលគាល់​​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ កាលពីថ្ងៃទី២៨ ខែធ្នូ និងបានសរសេរលិខិតគាំទ្រ​មួយច្បាប់កាលពី​ថ្ងៃទី​២៨​ ខែធ្នូ​ ថាលោកគាំទ្រ​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជា​ព្រះប្រធាន​គណ​​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដើម្បី​ដឹកនាំ​គណបក្សនិង​ថែរក្សា​កេរដំណែលដ៏​ពិសិដ្ឋ​របស់​សម្ដេច​តា ស្របតាម​ព្រះរាជតម្រិះដ៏​ថ្លៃថ្លារបស់​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ​។​

លោកបាន​សរសេរថា​៖ «​ក្នុងនាម​ខ្ញុំជា​ស្ថាបនិក​ដែល​បាន​ដង្ហែសម្ដេចក្រុមព្រះគ្រប់​កាលៈ​​ទេសៈ​កន្លងមក ហើយ​ដើម្បី​តបស្នង​គុណូបការៈ​ដែល​សម្ដេច​ក្រុមព្រះ​ធ្លាប់​ផ្ដល់​មក​រូបខ្ញុំ។ ខ្ញុំ​សូម​ដង្ហែ​ព្រះអង្គម្ចាស់​នរោត្ដម ចក្រាវុធ ជា​បុត្រា​ជា​រៀងរហូត​លុះ​អ​វ​សាន្ត​»​។​

បើតាមលោក ញឿន រ៉ាដែន គណ​​បក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំ​ធ្វើ​សមាជគណបក្ស​នៅក្នុងខែមករា ​ដើមឆ្នាំ​២០២២ខាងមុខនេះ ដើម្បី​សុំ​ការគាំទ្រ​ពី​សមាជិក-​សមាជិកា និង​អ្នកគាំទ្រ ថ្វាយ​តួនាទី​ដល់​ព្រះអង្គ​ម្ចាស់ នរោត្ដម ចក្រាវុធ ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្តពី​សម្ដេច​​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលទើបចូលទិវង្គតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះរោគាពាធនៅប្រទេសបារាំង និងទើបធ្វើព្រះរាជពិធីបុណ្យចប់កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ​។

ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមិនអាចប្រកួតប្រជែងជាមួយគណបក្សដទៃនៅក្នុងការបោះឆ្នោតនៅពេលខាងមុខនេះឡើយ ប្រសិនបើគណបក្សនេះមិនអាចបង្រួបបង្រួមឬដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរវាងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ និងសមាជិកគណៈកម្មាធិការនាយកនៅមុនពេលធ្វើសមាជមកដល់នាពេលខាងមុខនោះ។

លោកមានប្រសាសន៍ថា ៖ «ក្នុងករណីដែលគណបក្សហ្វ៊ុនស៊ិនប៉ិចមិនអាចបង្រួបបង្រួមក្នុងពេលនេះបានទេ​ ខ្ញុំគិតថា គណបក្សហ្វ៊ុនស៊ិនប៉ិចប្រហែលពិបាកនៅក្នុងការប្រកួតប្រជែងនយោបាយ ហើយក៏ពិបាកក្នុងការបង្រួបបង្រួមហ្វ៊ុនស៊ិនប៉ិចឱ្យក្លាយទៅជាគណបក្សធំមួយឡើងវិញបានណាស់។ ដោយសារយើងឃើញទំនាស់ផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចរវាងព្រះអង្គម្ចាស់ ចក្រាវុធ ហើយនិងថ្នាក់ដឹកនាំដែលជាសមាជិកគណៈកម្មាធិការនាយកពីមុនហ្នឹង»។

កាលពីខែកញ្ញាកន្លងទៅ គណបក្សហ្វ៊ុនស៊ិនប៉ិចបានជួបប្រទះនឹងបញ្ហាជម្លោះផ្ទៃក្នុង ដោយក្រុមមន្ត្រី​ជាន់ខ្ពស់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយក្រុម​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ចំនួន៣រូប បានប្រកាសប្ដឹង​ទៅ​​ក្រសួង​មហាផ្ទៃ​ ដើម្បីទាមទារ​ឱ្យ​ព្រះអង្គម្ចាស់​ក្សត្រិយ៍ នរោត្ដម ម៉ារី រណឫទ្ធិ ប្រគល់​ត្រា​គណបក្ស​មកវិញ។ ក្រោយមក គណបក្សបានសម្រេចបណ្ដេញមន្ត្រីជាន់ខ្ពស់៣នាក់ចេញពីគណបក្ស រួមមាន លោក ហេង ចន្ថា អនុប្រធានបក្ស, លោក សាយ ហាក់ អនុប្រធានគណបក្ស និងលោក ផាន់ សិទ្ធី អគ្គលេខាធិការរងគណបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ