តំណាង​ប្រទេស​មួយ​ចំនួន​សោកស្ដាយ​ចំពោះ​ការ​យាង​សោយ​ព្រះទិវង្គត​របស់​សម្ដេចក្រុមព្រះ

នាវេលាព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្ដម សីហឫទ្ធិ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានបំពេញមហាកុសឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាព្រះបិតា នាវត្តបុទុមធម្មយុត្តិ រាជធានីភ្នំពេញ។ (Royal du Cambodge)

ប្រទេសជប៉ុន និងតំណាងស្ថានទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា បានផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ ចំពោះការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច។

តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា (HAYASHI Yoshimasa) តំណាងឱ្យរដ្ឋាភិបាលជប៉ុន បានសម្ដែងនូវសមានទុក្ខក្រៀមក្រំនិងសោកស្ដាយជាទីបំផុត ចំពោះព្រះមរណទុក្ខជាមួយព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា រាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានរម្លឹកថា សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្ដារនិងអភិវឌ្ឍន៍​​ប្រទេសកម្ពុជាឡើងវិញ ក្នុងព្រះឋានៈព្រះអង្គជានាយករដ្ឋមន្ត្រីទី១ បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែល​ត្រូវបានរៀបចំឡើងជាលើកដំបូងក្រោមពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជាព្រះប្រធានរដ្ឋសភាពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។

ប្រទេសជប៉ុន ក៏បានចាត់ទុកសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ថា​ជាអ្នកដែលបានលើកស្ទួយសន្តិភាព និងការស្ដារប្រទេសឡើងវិញ ដោយមានកិច្ចសហការជាមួយប្រទេសជប៉ុន ហើយព្រះអង្គក៏បានចូលរួមចំណែកឱ្យមានការផ្លាស់ប្ដូររវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងសភានិងសភា នៃប្រទេសទាំងពីរ​ផង​ដែរ។

សេចក្ដីថ្លែងការណ៍បន្តថា រដ្ឋាភិបាលជប៉ុនបានចូលរួមព្រះមរណទុក្ខដ៏សែនក្រៀមក្រំនេះ និងឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ យាងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្រៅពីរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលបានផ្ញើសារចូលរួមព្រះមរណទុក្ខការយាងសោយព្រះទិវង្គត​សម្ដេចក្រុមព្រះ ក៏នៅមានស្ថានទូតបារាំង សហរដ្ឋអាមេរិក អង់គ្លេស និងស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។

ស្ថានទូតបារាំង បានចាត់ទុកសម្ដេចក្រុមព្រះ ថាជារដ្ឋបុរសមួយអង្គដែលបានដើរតួនាទីនៃការវិលត្រលប់មកវិញនៃសន្តិភាព ការស្ដារ និងការអភិវឌ្ឍប្រទេសកម្ពុជា។

ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានចាត់ទុក​ការ​រួមចំណែករបស់សម្ដេចក្រុមព្រះចំពោះនយោបាយកម្ពុជា ថានឹងស្ថិតក្នុងការចងចាំជានិច្ច ខណៈឯកអគ្គរាជទូតចក្រភពអង់គ្លេស លោកស្រី Tina Redshaw បានលើកឡើងពីគុណតម្លៃរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងនយោបាយកម្ពុជាកន្លងមក។

រីឯស្ថានទូតចិនប្រចាំនៅកម្ពុជាវិញ បានបង្ហោះព្រះឆាយាលក្ខណ៍របស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងសំណេរចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយព្រះទិ​វង្គតរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាទីមួយ ចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ បានយាងសោយព្រះទិវង្គតនៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយរោគាពាធ។ ព្រះសពព្រះអង្គគ្រោងនឹងយាងពីប្រទេសបារាំង មកធ្វើព្រះរាជពិធីបុណ្យនៅក្នុងប្រទេសកម្ពុជាវិញនាពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃអាទិត្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ