WHO ចាត់​ទុក​វីរុស​បំប្លែងថ្មី​«អូមីក្រុង»​ជា​ហានិភ័យ​ខ្ពស់​មួយ ខណៈ​អាមេរិក​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន

អាមេរិកផ្ដល់ជំនួយវ៉ាក់សាំងប្រភេទ Johnson & Johnson ទៅដល់ប្រទេស Mozambique នៃដែនដីអាហ្វ្រិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Department of State)

អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា មេរោគកូវីដ-១៩​​បំប្លែង​ខ្លួន​ថ្មី​ «អូមីក្រុង» មានហានិភ័យខ្ពស់ ដែលអាចធ្វើឱ្យចំនួននៃការឆ្លងកើនឡើង។ ទោះជាយ៉ាងណា វីរុស​បំប្លែងខ្លួនថ្មីនេះពុំ​ទាន់​បង្កឱ្យមានជា​ករណី​ស្លាប់ណាមួយនោះទេ។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន ក៏បានជំរុញដល់ប្រជាជនរបស់ខ្លួនកុំឱ្យមានការភ័យស្លន់ស្លោ ខណៈលោកលើកឡើងថា រដ្ឋាភិបាលកំពុងតែធ្វើការជាមួយក្រុមហ៊ុនឱសថទាំងឡាយ ដើម្បីបង្កើតផែនការបន្ទាន់នានា ក្នុងករណីដែលវ៉ាក់សាំងថ្មីត្រូវការចាំបាច់។

ប្រធានាធិបតីរូបនេះបន្តថា ប្រទេសរបស់ខ្លួន​នឹងមិនវិលត្រលប់ទៅកាន់ការបិទខ្ទប់សម្រាប់រដូវរងានេះទេ ប៉ុន្តែលោកបានជំរុញបន្ថែមទៀតឱ្យប្រជាជនទៅទទួលវ៉ាក់សាំងការពារដូសជំរុញ និងពាក់ម៉ាស់។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក ចូ បៃឌិន ដែលបានថ្លែងនៅក្នុងសុន្ទរកថានៅឯសេតវិមានថា៖ «ការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីនេះ គឺរឿងដែលត្រូវព្រួយបារម្ភ មិនមែនជាការដែលត្រូវភ័យស្លន់ស្លោនោះទេ។ យើង​នឹង​ប្រយុទ្ធ​និង​យក​ឈ្នះលើវីរុសបំប្លែងខ្លួនថ្មី​នេះឱ្យបាន»។

ជាមួយគ្នានេះ អាមេរិកក៏​បានសម្រេច​បិទ​ការមកដល់​សម្រាប់​ភ្ញៀវ​ទេសចរ​​ពី​​​អាហ្វ្រិក​​ខាង​ត្បូង​ចំនួន៨ប្រទេស​ផង​ដែរ ខណៈ​ដែលពួកគេលើកឡើងថា ការដាក់កំហិតលើការធ្វើដំណើរនេះនឹង​ផ្ដល់​ពេលវេលាដល់ប្រទេសខ្លួនក្នុងការផ្ដល់វ៉ាក់សាំងការពារ​ដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា មនុស្សជាង២៦១លាននាក់​នៅក្នុងប្រទេសជាង​២១០ ត្រូវបានរាយការណ៍ថា បានឆ្លង​មេរោគកូវីដ-១៩ ក្នុងនោះមានជាង៥លាននាក់បានស្លាប់បាត់បង់ជីវិត គិតចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅក្នុងប្រទេសចិនក្នុងខែធ្នូ ឆ្នាំ​២០១៩។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ