តម្លៃ​ប្រេង​ឥន្ធនៈ​ធ្លាក់​ចុះ​បន្តិច​នៅ​ដើម​ខែធ្នូ ដោយសារ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅដើមខែធ្នូនេះចាប់ផ្ដើមធ្លាក់ចុះថ្លៃបន្តិច ហើយការឡើង​ឬចុះ​តម្លៃប្រេងនៅកម្ពុជានោះអាស្រ័យទៅលើទីផ្សារអន្តរជាតិមានការប្រែប្រួល។

ក្នុងចេញសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃ​លក់​រាយ​ប្រេងឥន្ធនៈនៅតាមស្ថានីយនីមួយៗ បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះ​បន្តិច​ ដោយគិត​ពីថ្ងៃទី០១ ដល់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនោះ ​​តម្លៃលក់រាយបាន​ចុះមក​ត្រឹម​៤ ២០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៣ ៨៥០រៀល​ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍នៅថ្ងៃទី០២ ខែធ្នូនេះ​ថា ដោយសារកម្ពុជាមិនទាន់ផលិតប្រេងដោយខ្លួនឯងនៅឡើយទេ ហើយប្រេងឥន្ធន:គ្រប់ប្រភេទសុទ្ធតែនាំចូលពីបរទេសនោះ បានធ្វើ​ឱ្យ​តម្លៃប្រេង​ឡើងចុះទៅតាម​តម្លៃ​ប្រេងលើទីផ្សារអន្តរជាតិ។

មួយវិញទៀត លោក​ថា ​មូលហេតុដែលធ្វើឱ្យថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងឬចុះ ព្រោះកា​រ​ផ្គត់​ផ្គង់និងតម្រូវការ​បែងចែកទៅតាមតំបន់ ព្រមទាំង​នយោបាយរបស់អង្គការនៃក្រុមប្រទេសនាំប្រេងចេញ (OPEC) ជាដើម។

ប្រភពដដែលបានឱ្យដឹងទៀតថា កន្លងមក ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែ បានសហការគ្នាចរចាជាមួយក្រុមហ៊ុននាំចូលប្រេងទាំងអស់ ដើម្បីកំណត់រូបមន្តគណនាថ្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយយកតម្លៃមធ្យមភាគលើទីផ្សារសិង្ហបុរីធ្វើជាគោលសម្រាប់គណនា​ថ្លៃលក់រាយទូទាំង​កម្ពុជា ក្នុងរយៈពេល១៥​ថ្ងៃម្ដង ដូចដែលមានបង្ហាញក្នុងលិខិតជូនដំណឹង។

លោកបន្តទៀតថា៖ «សូមជម្រាបថា ក្រសួងពាណិជ្ជកម្មមិនកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈទេ គឺគ្រាន់តែគណនាថ្លៃលក់រាយដោយផ្អែកលើរូបមន្តដែលបានឯកភាពគ្នាតែប៉ុណ្ណោះ»។

​កាលពីអំឡុងខែតុលា តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ម៉ាស៊ូតតម្លៃ៤ ០០០រៀល ប្រេងឥន្ធនៈធម្មតាមានតម្លៃ៤ ៣០០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែ តម្លៃ៤ ៨៥០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមតារាងតម្លៃប្រេងឥន្ធនៈតាមបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយចំនួនដូចជា តូតាល់ (Total) កាល់តិច (Caltex) តេឡា (Tela) និង ភីធីធី (PTT) ក្នុងរាជធានីភ្នំពេញពេលនោះ ហើយក្រោយមកតម្លៃនេះក៏ឡើងបន្ថែមទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ