រដ្ឋាភិបាល​បង្កើត​គណៈ​កម្មការ​រៀបចំ​ព្រះពិធីបុណ្យ​ព្រះសព​សម្ដេច​ក្រុមព្រះ

ព្រឹកថ្ងៃពុធ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធព្រះពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល ឧទ្ទិសព្រះកុសល ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ (ផ្ដល់ឱ្យ)

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយសហការជាមួយព្រះញាតិវង្សនៃព្រះសព។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនៅថ្ងៃទី២ ខែធ្នូនេះ បានឱ្យដឹងថា គណៈកម្មការនេះ មានលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ជាប្រធាន, ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ជាអនុប្រធាន និងអមដោយអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិកសរុបចំនួន២៦រូបទៀត។

គណៈកម្មការនេះមានភារកិច្ចរៀបចំព្រះពិធីបុណ្យព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ឱ្យប្រតិបត្តិបានល្អប្រសើរសមស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងព្រះរាជវង្សានុវង្ស។ គណៈកម្មការនេះមានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមជំនួយការតាមតម្រូវការចាំបាច់ និងមានសិទ្ធិប្រើប្រាស់ត្រារបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិថែមទៀតផង។

បើតាម​គម្រោង ព្រះសព​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នឹង​យាង​ដង្ហែ​មក​ដល់​ប្រទេស​កម្ពុជា នៅវេលាម៉ោង១១ ​ថ្ងៃ​អាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ ខាង​មុខ​នេះ។

មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រាប់ វីអូឌី ថាព្រះសពរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នឹងយាងដង្ហែមកកម្ពុជា តាមរយៈយន្តហោះពិសេសពីប្រទេសបារាំង។

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាទីមួយ ចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ បានយាងសោយព្រះទិវង្គតនៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយរោគាពាធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ