លោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងស្នងតំណែងនាយករដ្ឋមន្ត្រី

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មេដឹកនាំបក្សកាន់អំណាច ប្រកាសជាផ្លូវការគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់​លោក​​ ជា​បេក្ខភាព​​នា​យ​ក​​រដ្ឋមន្ត្រី សម្រាប់ស្នងតំណែងរបស់លោក​ទៅថ្ងៃអនាគត និង​បាន​ច្រានចោលការ​ចោទ​ពីការ​គំរា​មកំ​ហែ​ងដើម្បីបំបែ​កក្បាលម៉ាស៊ីនដឹកនាំរបស់មេដឹកនាំអ​តីតគណបក្សសង្គ្រោះជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ​៣៧ខ្សែ នៅ​ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​២០២១ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ថ្លែង​ថា ដើម្បីកុំឱ្យអ្នកវិភាគមួយចំនួន​មានមន្ទិល​សង្ស័យ​ថា លោក​បាន​ប្រើ​យុទ្ធ​សាស្ត្រ​បំបែក​ក្រុម​ប្រ​ឆាំ​ងដើម្បីពង្រឹងអំណាច សម្រាប់ផ្ទេរតំណែងទៅកូននោះ លោក​បាន​ប្រកាសជា​សាធារណៈនៅថ្ងៃនេះ ពីបេក្ខ​ជននាយករដ្ឋមន្រ្តីទៅថ្ងៃអនាគតសម្រាប់គណបក្សកាន់អំណាច។

លោកបានគូសបញ្ជាក់​ថា៖ «ហ៊ុន ម៉ាណែត មួយជាបេក្ខភាពក្នុងចំណោមបេក្ខភាពជានាយករដ្ឋមន្ត្រី មិនមែន​មាន​តែ​ម្នាក់​ទេ ប៉ុន្តែបានទទួល​ការគាំទ្រពីឪវា​ ពេលលេញ​គឺ ហ៊ុន សែន! មើល​អ្ហែងធ្វើអីអញ? អញ​សួរអ្ហែង អ្ហែង​ធ្វើអីអញ? អ្ហែងនិយាយ​ចេញ​មក! ហ៊ុន សែន វា​មាន​ថ្ងៃងាប់ ​ថ្ងៃចាស់ណា! ហើយចុះបើមានកូន ម៉េចមិនឱ្យវាធ្វើតទៅតាមរយៈបោះឆ្នោត»។

មួយវិញទៀត មេដឹកនាំបក្សកាន់អំណាចរូបនេះក៏បានវាយបកទៅនឹងការចោទប្រកាន់ថា លោកជាតួអង្គសំខាន់​មួយបំបែកអតីតមេដឹកបក្សប្រឆាំងផងដែរ។

លោកបានថ្លែងថា៖ «ស្អីក៏ ហ៊ុន សែនៗ! អ៊ីចឹង ហ៊ុន សែន ទៅជាមនុស្សខ្លាំងមហាអស្ចារ្យ​ហើយ​ ដែល​បំបែកពួក​អ្ហែង​បាន​នោះ។ ពួកអ្ហែង​ទាស់​គ្នា​អ្ហែង​តើ! រឿងអីមកទាក់ទងជាមួយអញ? […] អ្ហែងរួមក៏រួមទៅ អ្ហែងបែកក៏បែកទៅ ម៉ែអញ»។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី ហៅការប្រកាស​បេក្ខភាព​នាយក​រដ្ឋមន្ត្រីសម្រាប់​ស្នង​តំណែង​ថា​ជារឿង​ល្អ ព្រោះបានជម្រះមន្ទិលមន្ត្រីជាសមាជិកបក្សកាន់​អំណាចខ្លួន​ផង និងប្រាប់ទៅអ្នក​នយោបាយ​ផ្សេង​ទៀតឱ្យបាន​ដឹង​ពី​ការ​ត្រៀម​​ធ​ន​ធាន​មនុស្សសម្រាប់​ប្រកួត​ប្រជែងកៅអី​នាយករដ្ឋមន្ត្រីផងដែរ។

ប៉ុន្តែលោក​នៅតែមាន​មន្ទិល​ថា ការ​ស្នងតំណែងតាមរយៈបោះឆ្នោតនោះជាការបើកផ្លូវឱ្យមានការបោះឆ្នោ​តមា​នលក្ខណៈ​​​សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឬក៏អត់។

លោកថា៖ «យ៉ាងណាក៏ដោយ​ ឯកឧត្ដម ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីបានតាមរយៈការបោះ​​ឆ្នោត […] ប៉ុន្តែ​អ្វីដែលសំខាន់ វាទាល់តែការបោះឆ្នោតនេះ​ វាទទួលស្គាល់ពីគ្រប់ភាគីនៅក្នុងការចូ​​លរួម និងមាន​ការទ​ទួលស្គាល់ដោយអន្តរជាតិផង។ អ៊ីចឹងចំណុចសំខាន់ គឺនៅត្រង់ហ្នឹង»។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា គាំទ្រសាររបស់នាយករដ្ឋមន្ត្រីនេះ ដោយថា ពិភពលោក​នៃប្រទេស​លោក​សេរី ក៏តែងផ្ដល់ឱកាសឱ្យក្មេងជំនាន់ក្រោយដែរ។ ប៉ុន្តែលោក​ចង់ឃើញ​រដ្ឋាភិបាល​រៀបចំ​ទីលាន​ប្រកួតនា​ពេល​ខាងមុខ មានតម្លាភាព មានអាជ្ញាកណ្ដាលឯករាជ្យ និង​មិនលម្អៀង។

លោកថា៖ «យើងត្រូវការគណៈកម្មាធិការរៀបចំការបោះឆ្នោតមួយដែលជាអាជ្ញាកណ្ដាលហ្នឹង ជាអាជ្ញាកណ្ដាលអព្យាក្រឹត្យ​ ធ្វើយ៉ាងណាកសាងទំនុកចិត្តជូន​ប្រជាពលរដ្ឋ​ជាម្ចាស់​ឆ្នោត និងធ្វើ​ជា​អ្នករៀបចំឱ្យគណបក្សនយោបាយទាំងអស់ប្រកួតដោយស្មើភាព»។

ចំណែកនាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ ក៏យល់ឃើញ​ដូច​ការលើក​ឡើង​របស់លោកនាយករដ្ឋមន្ត្រីដែរ ដោយ​ថា ការបែកបាក់របស់គណបក្សមួយ មិនត្រូវចោទប្រកាន់អ្នកចូលទៅបំបែកទេ តែវាសំខាន់ទៅការពង្រឹងផ្ទៃក្នុងរបស់ខ្លួន។

លោកថា៖ «គណបក្សនយោបាយមួយៗ វាមានក្រុមនីមួយៗរៀងៗខ្លួន ដូច្នេះការដែលក្រុមហ្នឹងចេះស​ហ​ការគ្នា ធ្វើការជាមួយគ្នាបានកម្រិតណានោះ គឺជាសមត្ថភាពនៅក្នុងការបង្រួបបង្រួមផ្ទៃក្នុង ដើម្បីប្រ​ជែ​ងអំណាចជាមួយ​ដៃគូរបស់​ខ្លួន»។

យ៉ាងណា លោក សុជាតិ រម្លឹកថា បើ​ការ​ប្រកួតអំណាច​ណាមួយ​មិន​ដើរ​លើគន្លង​ប្រជាធិប​តេយ្យទេនោះ កម្ពុជា​នឹង​បន្ត​ខាត​បង់ ហើយប្រទេសជិតខាង​នឹងបន្តទាញយកប្រយោជន៍ពីការបែក​បាក់​នេះ ក្នុងនោះមាន​ទាំង​អ្នកវិនិយោគធំៗមកពីប្រទេសប្រជាធិបតេយ្យផងដែរ។

ប្រតិកម្មរបស់លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នេះ បានកើតឡើង៤ថ្ងៃ ក្រោយពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងដាក់ឱ្យស្ថិតក្រោមការតាមដានរបស់តុលាការ និងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បានស្ដីបន្ទោសគ្នាទៅវិញទៅមក ដែលការណ៍នេះបាន​ធ្វើឱ្យ​អ្នកឃ្លាំមើលអត្ថាធិប្បាយថា ពួកគេអាចនឹងដើរដល់ផ្លូវបំបែក។

​កាលពីថ្ងៃទី២៨ ខែ​វិច្ឆិកា លោក កឹម សុខា ដែល​​​តុលាការ​​ដក​​សិទ្ធិ​ធ្វើនយោបាយជាង៤ឆ្នាំ​មកនេះ ​បាន​ចេញសារនយោបាយដ៏កម្រមួយជាលើកដំបូង ដោយ​ចាត់ទុកទង្វើរបស់​លោក សម រង្ស៊ី ដែលបានយករូបថតគាត់ទៅភ្ជាប់នឹងសកម្មភាពនយោបាយ និងការចេញដំណើររបស់«គណបក្សភ្លើងទៀន»ជាដើមនោះ ថាជាការមិនគោរពគោលការណ៍រួបរួមអំឡុងឆ្នាំ២០១២។ លោក កឹម សុខា បានគូសបញ្ជាក់ថា ទង្វើនោះបង្ហាញថា «លោក​ សម រង្ស៊ី និង​លោក កឹម សុខា មិនមែនជាមនុស្សតែមួយទេ»

ចំណែកលោក សម រង្ស៊ី វិញ​បានចាត់ទុក​សារ​លោក កឹម សុខា នេះធ្វើឡើងក្រោមការ​គំរាមកំហែងពីលោក ហ៊ុន សែន និងបានបញ្ជាក់ថា លោក ហ៊ុន សែន ភ័យខ្លាចជាទីបំផុតចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើ​យយក​លោក កឹម សុខា ធ្វើជាចំណាប់ខ្មាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ