នាយករដ្ឋមន្ត្រី​ថា បុគ្គល​ដែល​រំលោភ​យក​ដីព្រៃលិចទឹក​ហើយ​ប្រគល់​ឱ្យ​រដ្ឋ​វិញ​គឺរួចខ្លួន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា អ្នកណាប្រគល់ដី​ដែលខ្លួន​​បាន​រំលោភ​យក​ពីដី​ព្រៃលិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​​ឱ្យរដ្ឋវិញ​ នឹង​​រួច​ខ្លួន ខណៈមន្ត្រីសង្គមស៊ីវិល​ដែលធ្វើការពាក់ព័ន្ធបរិស្ថាននិង​ព្រៃឈើ ទាម​ទារ​អនុវត្តច្បាប់​ឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ។

ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើបុគ្គលណា​ប្រគល់ដីដែលខ្លួន​បាន​ឈូស​ឆាយរំលោភពីព្រៃលិចទឹកនៅ​តាមបណ្ដាខេត្តក្នុងតំបន់បឹងទន្លេសាប​មកឱ្យ​រដ្ឋ គឺ​ពួកគេ​រួចខ្លួន ហើយ​ថា ប្រសិនបើបុគ្គលណានៅ​រឹងទទឹង ត្រូវវាយខ្នោះឱ្យខានតែបាន។

លោកបន្ថែមថា៖ «បើរឹងទទឹង វាយ​ខ្មោះភ្លាមៗ អត់ឱ្យ​មានរញ៉រញ៉ៃ។ ឥលូវឮថា ចុះហត្ថលេខា​ប្រគល់​ដី ប្រគល់​រួច​ខ្លួន ដក​ខ្លួន អ្នកណាមិនសារភាព តាមវាយខ្នោះ»

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មិនគាំទ្រ​ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះទេ។ លោកថា រដ្ឋាភិបាលគួរ​អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់និង​ស្មើភាពគ្នា​ចំពោះ​អ្នក​ពាក់​ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅជុំវិញបឹងទន្លេសាបនេះ មិនថាពួកគេ​បាន​សារភាពនិងប្រគល់ដីនោះជូនរដ្ឋវិញ​ទេ។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តច្បាប់ឱ្យស្មើភាពគ្នាទេ នឹងធ្វើ​ឱ្យ​​ប៉ះពាល់ធ្ងន់​ធ្ងរ​ដល់​យុត្តិធម៌​សង្គម ខណៈអ្នកមានលុយមាន​អំណាចបានបំផ្លិចបំផ្លាញដីព្រៃលិចទឹកក្នុងចំនួនច្រើន​ មិនត្រូវបានឃាត់ខ្លួន ប៉ុន្តែពលរដ្ឋធម្មតាដែលរំលោភបំពាន​តិចតួច​ ត្រូវជាប់ពន្ធនាគារនោះ។

លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យមានការអនុវត្តស្មើគ្នា បើទោះបីជាមន្ត្រីនោះជាមន្ត្រីរាជការមានតួនាទីកម្រិតណាក៏ដោយ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចជាពលរដ្ឋទូទៅដែលបានប្រព្រឹត្តបទល្មើសដែរ។ ហើយខ្ញុំស្នើដល់តុលាការចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនទាំងឡាយដែលបានយកតួនាទីនិងអំណាចរបស់ខ្លួន​ទៅបង្កើតប្រយោជន៍ឯកជន ដែលបង្ក​ឱ្យមានការបាត់ធនធានធម្មជាតិ»

លោក ហេង គឹមហុង ក៏ស្នើដល់រដ្ឋាភិបាលស្រាវជ្រាវនិងមានវិធានការច្បាប់ចំពោះអាជ្ញាធរខេត្តក្នុងដែនសមត្ថកិច្ច​នីមួយៗផងដែរ ដែល​បានធ្វេស​ប្រហែស​ឱ្យមានការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកដ៏ច្រើននេះ​ផង​ដែរ។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ និយាយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការច្បាប់តឹងរ៉ឹងចំពោះជនល្មើសទេ គឺពួកគេអាចមិនរាងចាល និង​ប្រព្រឹត្តបទល្មើសនៅពេលក្រោយទៀត។

លោក​បន្តថា ដើម្បីបង្ហាញ​ថា កម្ពុជា​ជាប្រទេសនីតិរដ្ឋពិតប្រាកដ គឺ​ជនដែលល្មើសទាំងអស់ត្រូវទទួលទោស​ទៅ​តាម​ច្បាប់ ហើយ​អ្នកគ្រប់​គ្រង​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក៏ត្រូវទទួលទោសផងដែរ ដោយសារពួកគេ​មិនបានទប់ស្កាត់បទល្មើសនេះ រហូតទាល់តែ​មាន​បទបញ្ជាពីនាយករដ្ឋមន្ត្រី។

លោកបន្ថែមថា៖ «ដំណើរការច្បាប់យ៉ាងម៉េច យើងត្រូវនាំគ្នាអនុវត្តតាមអ៊ីចឹង ទើបប្រទេសយើងជាប្រទេស​នីតិរដ្ឋពិតប្រាកដ។ អ៊ីចឹង​កាលណាប្រព្រឹត្តបទល្មើស ត្រូវទទួលទោស អត់មានពីណាមួយ​លូក​ដៃក្នុង​នីតិវិធីច្បាប់បានទេ ទោះបីពួកគេ​សារភាពឬប្រគល់ដីឱ្យរដ្ឋវិញក៏ដោយ។ ហើយការសារភាពនេះ គឺពួកគេធ្វើឡើងពេលមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី។ អ៊ីចឹង​បើលោកនាយករដ្ឋមន្ត្រីអត់មានការព្រមានទេ ពួកគេក៏មិនសារភាពដែរ ខណៈពួកគេបំផ្លាញព្រៃរហូតប្រកាសអាសន្នបែបនេះ។ ហើយមួយទៀត ការបន្ធូរបន្ថយ​ទោស​តាមផ្លូវច្បាប់ ទាល់តែអ្នក​ឯង​កសាងខ្លួន​ក្នុងពន្ធនាគារ​២ភាគ៣សិន»

បើតាមលោក ប៉ែន ប៊ុណ្ណារ៍ ច្បាប់ស្ដីពីតំបន់​​ការពារធនធានធម្មជាតិ បានកំណត់ថា តំបន់ជុំវិ​ញបឹងទន្លេ​សាប​ជាតំបន់ការពារធម្មជាតិ។ លោកថា ការកាប់រានព្រៃតំបន់ធម្មជាតិ គឺ​ជាប​ទ​ឧក្រិដ្ឋដែលត្រូវជាប់ពន្ធនាគារ​ពី៥ឆ្នាំ​ទៅ​១០ឆ្នាំ។

ពាក់ព័ន្ធ​នឹងវិធានការបង្ក្រាបនិងទប់ស្កាត់បទល្មើសរបស់រដ្ឋាភិបាលលើករណីទន្ទ្រានយកដីព្រៃលិចទឹកនេះ គឺអាជ្ញាធរខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជូនមនុស្ស៧នាក់ទៅតុលាការ ខណៈ​អាជ្ញាធរខេត្តសៀមរាបបាន​ឃាត់ខ្លួនមនុស្ស២៧៨នាក់ ក្នុងនោះ ២៦នាក់បានបញ្ជូនទៅតុលាការ។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប​ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា មានប្រសាសន៍ថា ប្រតិបត្តិការ​​បង្ក្រាបនិងទប់​ស្កាត់បទល្មើសព្រៃលិចទឹកនេះ គឺអាជ្ញាធរបានធ្វើការរារាំង​មិនឱ្យមានការចូលទៅឈូសឆាយ បង្កបង្កើន​ផល និងធ្វើសកម្មភាពផ្សេងៗនៅ​តំបន់ការពារនៅជុំវិញបឹងទន្លេសាបទៀតឡើយ។

លោក​បន្តថា ពាក់ព័ន្ធបទល្មើសព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនេះ មន្ត្រីរាជការនិងពលរដ្ឋចំនួន១៣នាក់ នៅខេត្តកំពង់​​ឆ្នាំង បានចេញមកសារភាពនិងប្រគល់ដីជាង២ ០០០ហិកតាជូនរដ្ឋាភិបាលវិញ។

លោក​បន្ថែមថា៖ «មានមនុស្ស១៣នាក់ដែលពួកគាត់គ្រប់គ្រងដីរង្វង់២ ០០០ហិកតា គឺបាន​សារ​ភាពនិង​ប្រគល់ដីហ្នឹងជូ​ន​រដ្ឋាភិបាល ដីដែលពួកគាត់បានរំលោភហ្នឹង។ ក្រៅពីនេះ សម្រាប់ខេត្តពាក់ព័ន្ធផ្សេងទៀត យើងនឹងធ្វើការងារនេះបន្តទៀតចាប់ពីថ្ងៃទី៥នេះទៅ»

បើតាម​កំណត់​ហេតុកិច្ចប្រជុំក្រុមការងារ​អនុវត្តបទបញ្ជា​នាយករដ្ឋមន្ត្រី របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់​ថា អ្នកកាន់កាប់អាស្រ័យផលដីព្រៃលិចទឹក១៣នាក់ ដែលបាន​សារភាពនិង​ប្រគល់ដីជូនរដ្ឋវិញនោះ រួមមាន ស្នងការរងនគរ​បាល​​ខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មាន​ដី៦៧៥ហិកតា, នាយការិយាល័យ លោក កែវ ណារុន មានដី៣២ហិកតា, មេបញ្ជាការសឹករងស្រុកកំពង់លែង​ លោក យឹម សារ៉ាត់ មានដី៦០ហិកតា និងពលរដ្ឋផ្សេងទៀត ដែល​មានផ្ទៃ​ដីសរុប២ ០៥៨,៥ហិកតា។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានចាត់វិធានការច្បាប់លើមន្ត្រី​ទាំងឡាយណាដែលពាក់ព័ន្ធ​ការរំលោភដីព្រៃលិចទឹកនៅជុំវិញតំបន់បឹង​ទន្លេ​សាប និង​​ព្រមាន​ដកហូត​​ទ្រព្យ​សម្បត្តិរបស់​ពួកគេ​ដាក់​ជា​សម្បត្តិរដ្ឋ។ លោកបានលើកឡើងចំឈ្មោះអតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដោយ​ថា បានទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ជាង២ ០០០ហិកតា ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល បានចែងថា ការកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ឬបំផ្លាញចោល។ ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះបានបញ្ជាក់ថា បើ​បទល្មើសនោះប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល។ 

កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពីការ​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​​៦​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន ​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ ។​ 

ក្នុង​មាត្រា​៣ ​នៃ​អនុក្រឹត្យ​នេះបាន​ចែង​ថា​ អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​ កាតព្វ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​​លើ​ការ​​គ្រប់គ្រង​ការ​ការពារ​និង​​​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ ហើយ​ចំពោះ​ការ​បាត់បង់​ដែន​​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្ត​ណា ​គណៈអភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​​មុខ​​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ