អាវុធហត្ថខេត្តបាត់ដំបង បញ្ជូនមនុស្ស៧នាក់ទៅតុលាការរឿងឈូសឆាយដីព្រៃលិចទឹកនៅបឹងទន្លេសាប

ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ (ហ្វេសប៊ុក៖ GRK News)

កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនមនុស្ស៧នាក់ទៅតុលាការ ពាក់ព័ន្ធនឹង​ការឈូសឆាយដីព្រៃលិចទឹកនៅតំបន់ការពារបឹងទន្លេសាប ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការច្បាប់លើមន្ត្រីទាំ​ងឡាយណាដែលពាក់ព័ន្ធ​ការរំលោភដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប និងបានបញ្ជាឱ្យអាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ចុះទ​ប់​ស្កាត់​ជាបន្ទាន់​ ចំពោះករណីទន្ទ្រានដីព្រៃលិចទឹកនេះ។

កម្លាំង​កងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានចុះស្រាវជ្រាវនិង​ទប់ស្កាត់​ការរំលោភបំពានដី​ព្រៃលិចទឹកក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់ ដោយឃាត់បានខ្លួនមនុស្ស៧នាក់ និងគ្រឿងចក្រមួយចំនួន ខណៈពលរដ្ឋទាំងនោះ​កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី ដើម្បី​បង្កបង្កើន​ផល ស្ថិត​ក្នុងភូមិ​អូរ​កំបុត ឃុំ​ព្រែក​ឆ្ដោរ ស្រុក​ឯក​ភ្នំ ​ខេត្តបាត់ដំបង។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក មាស សុវណ្ណ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ពលរដ្ឋ៧នាក់​នោះត្រូវ​បាន​អាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយកាលពីថ្ងៃ​ម្សិលមិញ និងកំពុងស្រាវជ្រាវតាម​ចាប់​អ្នកផ្សេងទៀត។ លោកថា អ្នកដែលឃាត់ខ្លួននិងបញ្ជូនទៅតុលាការនោះជាពលរដ្ឋធម្មតា មានឈ្មោះ ងួ​ន គក់, ងួ​ន វណ្ណៈ, ប៉ិ​ប ហាក់, គង់ សុរិន្ទ និងពលរដ្ឋផ្សេងទៀត ដោយពួក​គេ​រស់នៅ​ភូមិ​គោក​ដូង ឃុំ​​ពាម​ឯក ស្រុក​ឯក​ភ្នំ​។

លោក​បន្តថា ក្នុងប្រតិបត្តិការបង្ក្រាប​នោះ​ សមត្ថកិច្ចក៏បាន​ដកហូត​សម្ភារ​​មួយ​ចំនួនផងដែរ ដូច​ជា ត្រាក់ទ័រ​១​គ្រឿង គោ​យន្ត​កន្ត្រៃ​​​១​គ្រឿង កាណូត​ស្មាច់​មាន​ម៉ាស៊ីន​២​គ្រឿង ម៉ាស៊ីន​កាណូត​១​គ្រឿង និងវត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

យ៉ាងណា លោក មាស សុវណ្ណ មិនទាន់អាចបញ្ជាក់ពីទំហំដីព្រៃលិចទឹកដែលពលរដ្ឋទាំងនោះឈូសឆាយរំលោភយកបាននៅឡើយទេ។

លោកបន្ថែមថា៖ «យើងបញ្ជូនទៅតុលាការហើយតាំងពីម្សិលមិញ។ ឥលូវយើងកំពុងស្រាវជ្រាវតាម​ចាប់ទៀត ដោយសារកាលយើងចុះទៅហ្នឹង គាត់ដឹងខ្លួន គាត់រត់គេចខ្លួនអស់»

តែយ៉ាងណា អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង លោក ដួង សារ៉ន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។

អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកចំៗថា បានទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទេន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ជាង២ ០០០​​ហិកតាយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រហូតមកដល់ពេលនេះពុំទាន់មានការឃាត់ខ្លួននៅឡើយទេ។

ពាក់ព័ន្ធករណី​នេះ មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បាន​ស្នើដល់រដ្ឋាភិបាល​អនុវត្តច្បាប់​ឱ្យបានស្មើភាពគ្នារវាងប្រជាពលរដ្ឋ​និង​មន្ត្រីមា​នលុយមានអំណាច ដែល​​បានទន្ទ្រាន​យកដី​​ព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនេះ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តច្បាប់ឱ្យស្មើ​ភាព​គ្នារវាងពលរដ្ឋនិងងម​ន្ត្រី​ដែល​ធ្វើខុសនោះទេ នឹងធ្វើ​ឱ្យខុសពីគោលការណ៍ច្បាប់។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋនិងអាជ្ញាធរត្រូវបានរដ្ឋាភិបាលចោទថារំលោភយកដីរដ្ឋដូចគ្នា តែពេលដែល​អាជ្ញាធរចូលសារភាព ត្រូវបានលើកលែង ហើយប្រជាពលរដ្ឋបែរជាបញ្ជូនទៅតុលាការ។ នេះវាបង្ហាញ​ពីវិសមភាពនៃសិទ្ធិនៅចំពោះមុខច្បាប់រវាងពលរដ្ឋនិងមន្ត្រីអាជ្ញាធរដែលធ្វើខុសហ្នឹង។ អ៊ីចឹង​អាហ្នឹង​ធ្វើឱ្យប្រជាពលរដ្ឋកាន់មានសម្ពាធ​ធ្ងន់ធ្ងរ​ពីប្រព័ន្ធយុត្តិធម៌។ អ៊ីចឹង​រដ្ឋាភិបាលត្រូវតែអនុវត្តឱ្យស្មើ​ភាពគ្នា បើរដ្ឋាភិបាលធ្វើមិនស្មើភាពគ្នា វាខុសពីគោលការណ៍​ច្បាប់ជាតិ​និងអន្តរជាតិ»

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា អ្នកដែលពាក់ព័ន្ធបទល្មើសទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបនេះ នឹងត្រូវបន្ធូរបន្ថយទោស ប្រសិនបើពួកគេចេញមកសារភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ