លោក ហ៊ុន សែន ថា​នរណា​សុំ​ទៅ​ទស្សន​កិច្ច​កំពង់​ផែរាម​មិន​បាច់​ឱ្យ​ទៅ​ទេ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ប្រកាស​ឱ្យ​​ឈប់​យោគ​យល់នូវ​​ការ​ទាម​ទារណាមួយ​ ពាក់ព័ន្ធ​​រឿង​​​សុំទៅ​ធ្វើ​ទស្សនកិច្ច​​នៅកំពង់​ផែរាម ក្នុង​ខេត្តព្រះសីហនុ ជាទីតាំងដែលសហរដ្ឋអាមេរិកធ្លាប់ចោទថា អាចជាតំបន់ឈរជើង​របស់​កង​ទ័ព​ចិន គំរាមកំហែងដល់សន្តិសុខតំបន់នោះ។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះធ្វើឡើង​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៧ខ្សែនៅខេត្តព្រះសីហនុនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងពិធីនោះ លោក ហ៊ុន សែន ថ្លែងថា លោកឈប់និយាយតទៅទៀតហើយ រឿងកំពង់ផែរាម នៅខេត្តព្រះសីហនុនេះ និងបង្ហើបថា ធ្លាប់បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឈប់​អនុញ្ញាតឱ្យទៅតំបន់នោះ ទោះ​មាន​ការសុំជាថ្មីពីនរណាក៏ដោយ។

លោកថា៖ «ខ្ញុំមិននិយាយតទៅទៀតអារឿងកំពង់ផែរាម ឈប់និយាយ។ ខ្ញុំបានប្រាប់ទៅលោក ទៀ បាញ់ ហើយឈប់និយាយរឿងកំពង់ផែរាម អ្នកណាចង់សុំទៅទស្សនកិច្ចអីមិនបាច់ឱ្យទៅទេ ព្រោះកំពង់ផែរាមមិន​មែនជាកន្លែងចោរលួចចោរប្លន់ទេ»។

លោកបន្តថ្លែងទាំងមិនបញ្ចេញឈ្មោះថា ភាគីកម្ពុជា ធ្លាប់បានអនុញ្ញាតឱ្យឱ្យទៅមើលហើយ តែភាគីនោះមិនអស់ចិត្ត។ លោកគូសបញ្ជាក់ថា ជាការអនុញ្ញាតឱ្យទៅទស្សនកិច្ច មិនមែនឱ្យទៅឆែកឆេរ ឬចុះធ្វើអធិការ​កិច្ច​នោះ​ទេ។

កាលពីអំឡុងខែមិនា ឆ្នាំ២០២១នេះ អនុព័ន្ធ​យោធា​ប្រចាំ​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា ត្រូវបាន​អនុញ្ញាតឱ្យទស្សនកិច្ចនៅសមុទ្ររបស់កម្ពុជា ដើម្បីបញ្ជាក់ពីមន្ទិលសង្ស័យរបស់ភាគីអាមេរិក ពីវត្តមានកងទ័ពចិននៅទីនោះ។ ប៉ុន្តែដំណើរទស្សនកិច្ចនោះ ត្រូវបានភាគីអាមរិកបាន​បញ្ឈប់ដំណើរទស្សនកិច្ច​​មុនការគ្រោងទុកដោយសារ ភាគីកម្ពុជាមិនអនុញ្ញាតឱ្យមើលកំពង់ផែរាមទាំងមូល ពិសេសចំណុចដែលពួកគេចង់ដឹង។

ការបើកផ្លូវឱ្យមានដំណើរទស្សនកិច្ច របស់អនុព័ន្ធយោធាអាមរិកទៅកាន់តំបន់សមុទ្ររាមនេះ ធ្វើឡើងតាមសំណើររបស់ ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោកស្រី Wendy Sherman ដែលបាន​ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ១ ខែមិថុនា ឆ្នាំ២០២១។

ក្នុងជំនួបនោះ​ លោកស្រី​  Sherman បានលើកឡើងថា អាមេរិកមានកង្វល់ជាខ្លាំង​ លើវត្តមានយោធា​របស់​​សាធារណរដ្ឋ​ប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។ 

លោកស្រី​​បាន​សុំការ​បំភ្លឺ​លើការ​វាយកំទេចអគារចំនួន២ ដែលបានទទួលជំនួយថវិកា​ពីសហរដ្ឋអាមេរិក នៅរាម ដោយគ្មានការជូនដំណឹង ឬ​ការពន្យល់ជាមុន ហើយ​​ថា «មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយ នៅ​កម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យ​ភាពរបស់កម្ពុជា គំរាមកំហែង​សន្តិសុខតំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ