មនុស្ស​១៨នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​និង​រអិល​បាក់ដី​នៅ​វៀតណាម

រូបថតពីលើអាកាសបង្ហាញពីផ្ទះដែលត្រូវបានបំផ្លាញនិងលិចក្នុងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង (typhoon) នៅស្រុក Le Thuy ខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម កាលពីឆ្នាំ២០២០។ (UNICEF/Pham/AFP-Services)

អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានជាគ្រោះទឹកជំនន់ និង​ការរអិលបាក់ដី​នៅភាគកណ្ដាលប្រទេស បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៨នាក់បាត់​ខ្លួន និងប្រឈមនឹងការបាត់បង់ជីវិត ខណៈដែលផ្ទះសម្បែងនិងផ្លូវថ្នល់នានាត្រូវបានបំផ្លិចបំផ្លាញនិងរងការខូចខាត។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ទោះជាយ៉ាងណា រដ្ឋាភិបាលបានបន្តឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់បានថម​ថយ​មក​វិញ​ហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងនានាកំពុងតែបន្តធ្វើឡើងដើម្បីកំណត់ទីតាំងអ្នកដែលបានបាត់ខ្លួនទាំងឡាយ។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ករណីគ្រោះធម្មជាតិនេះក៏បានបង្កឱ្យផ្លូវជាតិ ផ្លូវឆ្លងកាត់ខេត្ត និងផ្លូវក្នុងតំបន់មួយចំនួន ត្រូវបានបិទដោយផ្នែកផងដែរ ខណៈក្រុងជាប់មាត់សមុទ្រ Phu Yen និង Binh Dinh និងខេត្តដាំដំណាំកាហ្វេដ៏សំខាន់ Dak Lak ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

ជាមួយគ្នានេះ ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវសរុបចំនួន១៨០ហិកតា ប៉ុន្តែមិនមានរបាយការណ៍ណាមួយលើកឡើងអំពីការខូចខាតដល់ចម្ការកាហ្វេនៅក្នុងតំបន់នោះទេ។

គួរបញ្ជាក់ថា វៀតណាម គឺជាប្រទេសមួយដែល​ងាយរងគ្រោះដោយ​​ព្យុះនិង​ទឹក​ជំនន់ ខណៈដែលមជ្ឈមណ្ឌល​ឧតុនិយម​ជាតិបានព្យាករថា ​​ខេត្ត​ជាប់​មាត់សមុទ្រ និង​ភាគ​ខាងជើង អាចនឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំងនិងប្រឈមនឹងការជន់លិច​នៅ​ចុង​ឆ្នាំ​នេះ។

គ្រោះធម្មជាតិដែលភាគច្រើនបង្កឡើងដោយទឹកជំនន់និងការរអិលបាក់ដីដោយសារព្យុះនេះ ក៏បានសម្លាប់មនុស្ស៣៧៨នាក់កាលពីឆ្នាំមុនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ