បក្សប្រជាជនកម្ពុជា នឹង​ដាក់​បេក្ខភាព​ច្រើន​រូប​ក្នុង​ការ​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្រ្តី​ជំនាន់ថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បេក្ខភាពជានាយករដ្ឋមន្រ្តីសម្រាប់គណបក្ស​​កាន់​​អំ​​ណា​​​ច មិនមែនមានតែកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ម្នាក់ទេ ដែលនឹងត្រូវប្រកួតប្រជែងសម្រាប់តំ​​ណែង​​​ជាប្រមុខរដ្ឋាភិបាល​​ដ៏សំខាន់មួយនេះ ខណៈ​ក្នុងជួរបក្សកាន់អំណាចមានធនធានមនុស្សដែល​​​មាន​​​សក្ដានុ​​ពល​​​ជាច្រើនរូបទៀតដែលនឹងត្រូវដាក់ឱ្យជ្រើសរើស។

មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា តាមពិតទៅ ការជ្រើសរើស​​នេះ គណបក្សគ្រប់គ្រងអំណាចនឹងផ្ដល់ឱកាសសម្រាប់យុវជននិងអ្នកដែលមានសមត្ថភាពផ្សេងទៀតក្រៅ​ពី​លោក ហ៊ុន ម៉ាណែត។ ប៉ុន្តែការសម្រេចបែបណា លោកថា អាស្រ័យលើការសម្រេចចិត្តពីគណៈអចិន្រ្តៃយ៍ និងសមាជគណបក្ស។

បើតាមលោក សុខ ឥសាន កូនប្រុសច្បងលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ជាយុវជន​​ដែល​​មាន​​សមត្ថភាព ចំណេះជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលតួនាទីដ៏សំខាន់មួយនេះ។

លោកបន្តថា៖ «ថ្ងៃមុន គាត់មានប្រសាសន៍ហើយថា មានយុវជនដែលមានសក្ដានុពល និងមានលក្ខណៈ​​សម្បត្តិ​​គ្រប់​​គ្រាន់មួយចំនួនទៀត មិនមែនអត់ទេ! អាហ្នឹងវាអាស្រ័យលើលក្ខណៈសម្បត្តិរបស់សាម៉ីជន។ ហើ​​​​យ​​ទី២ អាស្រ័យលើការជ្រើសរើសរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ជាមុខសញ្ញា។ ហើយទី៣ អាស្រ័យ​​លើ​​ការ​​​​បោះ​​ឆ្នោតមហាសន្និបាតរបស់គណបក្ស»។

លោក សុខ ឥសាន បញ្ជាក់ថា បេក្ខភាពជានាយករដ្ឋមន្រ្តី ដូចដែលលោក ហ៊ុន សែន ប្រកាសនេះ នៅមិន​​​​ដឹងថា​​នឹងត្រូវដាក់ឱ្យជ្រើសរើសសម្រាប់អាណត្តិខាងមុខនេះឬអាណត្តិបន្ទាប់ទៀតនោះទេ។

នៅក្នុងឆ្នាំ១៩៩៩ លោក ហ៊ុន ម៉ាណែត បានបញ្ចប់​ថ្នាក់​​បណ្ឌិត​​នៅ​​សាលា​យោធា West Point ក្នុងទឹកដី​​សហ​​រដ្ឋអាមេរិក មុននឹង​លោកទទួលបានបណ្ឌិតសេដ្ឋកិច្ចនៅសាលា Bristol នៃចក្រភពអង់គ្លេសក្នុង​​ឆ្នាំ​​២​០​​០៨។ លោក ហ៊ុន ម៉ាណែត ត្រូវគេមើលឃើញថា ជាមនុស្សជំនាន់ថ្មីដែលទទួលបានតួនាទីខ្ពស់និង​​យ៉ាង​​ឆាប់រហ័ស ទាំងក្នុងក្របខណ្ឌយោធា និងគណបក្ស។

បច្ចុប្បន្ន​ លោក ហ៊ុន ម៉ាណែត គឺជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាមេបញ្ជា​​ការ​​​​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាគណបក្សទើបកកើតថ្មី ថ្លែងដោយ​​មោទ​​​កភាពថា លោកមិនខ្វល់សោះឡើយចំពោះបេក្ខភាពនាយករដ្ឋមន្ត្រី​​ថ្មី​​​ដូចដែលមេដឹក​​នាំបក្សកាន់អំណាច​​ប្រកាស​​នេះ​​។ លោកបន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការប្រកាសពីបេក្ខភាពឬផ្គូផ្គងអ្នកណាជាមេដឹកនាំ​​ស្នង​​តំ​​​ណែ​ងបន្តនៅក្នុងបក្ស វាជារឿងធម្មតា។ លើសពីនេះទៀត លោកថា​ នឹងមិនប៉ះពាល់ទៅដល់​​ដំណើរការនៃ​​ការ​​បោះឆ្នោតនោះដែរ សំខាន់អាស្រ័យលើការសម្រេចចិត្ត របស់ប្រជាពលរដ្ឋប៉ុណ្ណោះ។

លោកបន្តថា៖ «ហើយចំពោះគណបក្សខ្មែរស្រឡាញ់ជាតិវិញ ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត ដូចមិនមាន​អីបារម្ភទេ។ វាអាស្រ័យទៅលើប្រជាពលរដ្ឋដែលប្រើសិទ្ធិជាម្ចាស់អំណាច និងជាម្ចាស់ប្រទេស ដែល​​ជ្រើ​ស​​​​​រើស​​មេដឹកនាំរបស់ខ្លួន»។

ប្រកាសចេញ​ពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែ​ធ្នូ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា លោក​​​នឹង​​គាំ​ទ្រ​​​កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជាប្រមុខរដ្ឋតពីលោក តាមរយៈ​ការ​បោះ​ឆ្នោត​នៅក្នុងផ្ទៃក្នុងបក្ស​។

ចំណែកមាត្រា១៩ នៃលក្ខន្តិកៈនៃគណបក្សប្រជាជនកម្ពុជា លើកឡើងថា មហាសន្និបាតទូទាំងប្រទេសរបស់គណបក្ស គឺជាអង្គការដឹកនាំខ្ពស់បំផុតរបស់គណបក្ស ហើយ​​មហាសន្និបាតនេះប្រជុំសាមញ្ញ៥ឆ្នាំម្តង ដោយគណៈកម្មាធិការកណ្ដាលជាអ្នកកោះអញ្ជើញ។ ក្នុងករណីពិសេស មហា​​សន្និ​​បាត​​​នេះអាចប្រជុំមុនឬក្រោយពេលកំណត់។ ភារកិច្ចនៃមហាសន្និបាត តំណាងទូទាំង​​ប្រទេសរបស់​​គណ​​បក្ស គឺពិនិត្យពិភាក្សានិងអនុម័តលើរបាយការណ៍នយោបាយរបស់គណៈកម្មាធិ​​ការកណ្ដាល អំពី​​ស​​ភាពការរួមរបស់គណបក្ស ព្រមទាំងសម្រេចកំណត់ពីគោលនយោបាយក្នុងប្រទេសនិងក្រៅ​​ប្រ​ទេស​​។

យ៉ាងនេះក្ដី សម្រាប់នាយកប្រតិបត្តិការ​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់​​ឃើញ​​ថា នេះជាពេលវេលាសមរម្យដែលលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើងពីអ្នកត្រូវស្នង​​តំណែង​​បន្ត ខណៈវ័យរបស់លោកនាយករដ្ឋមន្រ្តីកាន់​តែវិវត្តទៅមុខ​​​​។

បើតាម​លោក សេក សុជាតិ តាមពិតទៅ ក្នុងបក្សប្រជាជនកម្ពុជា មានខ្សែបណ្ដាញនិងបក្សពួកច្រើនផ្នែក ប៉ុន្តែ​គេសម្លឹងឃើញមានតែខ្សែខាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ដែលលេចធ្លោជាងគេ។ លោកបន្ត​ថា បើទោះជា​​​លោក​​​នាយករដ្ឋមន្រ្តីប្រកាសបើកចំហប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ក្នុង​ការជ្រើសរើសបេក្ខភាពក្ដី ក៏លោក​​មិន​​មាន​​ជំនឿថានឹងមានអ្នកដែលហ៊ានប្រកួតប្រជែងដែរ​ ដោយរួមទាំងឥស្សរជន​​នយោ​បាយ​​​កំពូល​​​ៗ​​ផង​​។

លោកបន្តថា៖ «នាយករដ្ឋមន្រ្តីបានប្រកាសក្ដែងៗថា លោកគាំទ្រកូនប្រុសច្បងលោកពេញទំហឹងហើយ ដូច្នេះ ខ្ញុំជឿជាក់ថា បេក្ខជននាយករដ្ឋមន្រ្តីផ្សេងៗដែលកំពុងតែកាន់អំណាចនៅក្នុងរាជរដ្ឋាភិបាលសព្វថ្ងៃនេះ គឺមិនហ៊ានប្រជែងទេ។ ហើយយើងនៅតែមើលឃើញថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីនៅតែជាបេក្ខជនទី១ដដែល។ នេះជាអ្វីដែលខ្ញុំមើលឃើញ »។

គិតមកដល់ពេលនេះ គេសង្កេតឃើញសារនយោបាយនិងញត្តិគាំទ្រព្រោងព្រាតចេញពីស្ថាប័នរដ្ឋ ថ្នាក់​​ដឹក​​នាំជាន់ខ្ពស់រដ្ឋាភិបាល នគរ​​បាល និងកងរាជអាវុធហត្ថ ត្រូវបានបង្ហោះនៅ​​លើ​​បណ្ដាញសង្គម ដែល​​បង្ហា​​ញ​​ពីការគាំទ្របេក្ខភាពលោក ហ៊ុន ម៉ា​​ណែត ធ្វើជានាយករដ្ឋមន្រ្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ