WHO ជំរុញ​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ត្រៀម​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​វីរុស​បំប្លែងថ្មី «អូមីក្រុង»

ប្រធានអង្គការ WHO លោក Tedros Adhanom ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្ដីពីដំណើរវិវត្តស្ថានភាពមេរោគកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (Tedros Adhanom Twitter)

មន្ត្រី​អង្គការសុខភាព​ពិភព​លោក (WHO) នៅថ្ងៃសុក្រនេះ បានណែនាំដល់​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ឱ្យបង្កើនសមត្ថភាពវិស័យសុខាភិបាល និងជំរុញ​ការចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់ប្រជាជនរបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង»។

ទាក់ទងនឹងមេរោគកូវីដ​បំប្លែង​ខ្លួនថ្មី​ «អូមីក្រុង» ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាលពីខែមុន និង​ត្រូវ​បាន​ចាត់​ទុក​ដោយ​អង្គការសុខភាពពិភពលោក​ថាជាក្ដីបារម្ភថ្មី​មួយ អ្នកវិទ្យាសាស្ត្រនានា​បច្ចុប្បន្នក៏កំពុងតែបន្តប្រមូលទិន្នន័យ ដើម្បីកំណត់ពីកម្រិតឆ្លងនិងភាពធ្ងន់ធ្ងរនៃវីរុសបំប្លែងខ្លួនថ្មីមួយនេះផងដែរ។

មេរោគកូវីដ​បំប្លែង​ខ្លួនថ្មី​ «អូមីក្រុង» ដែលបានរីករាលដាលដល់ប្រទេសជាង​២០នេះ ក្នុងនោះក៏ មាន​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់អាស៊ីផងដែរ ដូចជា ប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌា ខណៈ​រដ្ឋាភិបាលជាច្រើននាពេលបច្ចុប្បន្នបានឆ្លើយតបទៅនឹងករណីនេះតាម​រយៈកា​ររឹតបន្តឹងវិធានធ្វើដំណើរនានា។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីនាយក​អង្គការ​សុខភាព​ពិភពលោក​ ​សម្រាប់​​តំបន់​ប៉ាស៊ីហ្វិក​​ខាង​​លិច លោក​ Takeshi Kasai ដែលបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «វិធាន​រឹតត្បឹត​តាម​ព្រំដែន​អាច​នឹង​កាត់​បន្ថយ​ការឆ្លង។ ទោះជាយ៉ាងណា គ្រប់ប្រទេស និងសហគមន៍ទាំងអស់ត្រូវតែត្រៀមបន្ថែមទៀតសម្រាប់ការកើនឡើងនៃករណីឆ្លងថ្មី»។

លោកបន្តថា៖ «ប្រជាពលរដ្ឋមិនគួរពឹងផ្អែកតែលើវិធានការ​តាមព្រំដែន​នោះ​ទេ។ អ្វីដែល​សំខាន់​បំផុ​ត គឺត្រូវត្រៀមទប់ស្កាត់វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ ខណៈដែលវាមានលទ្ធភាពនៃការឆ្លងក្នុងកម្រិតខ្ពស់»។

លោក​ Takeshi Kasai បន្ថែមថា បណ្ដាប្រទេសនានាត្រូវតែប្រើប្រាស់បទពិសោធន៍កាលពីពេលកន្លងទៅ ក្នុងការដោះស្រាយជាមួយនឹងវីរុសបំប្លែងខ្លួនប្រភេទ Delta ខណៈដែលលោកក៏បានជំរុញ​សារជាថ្មីឱ្យមានការចាក់វ៉ាក់សាំងពេញលេញដល់ក្រុមដែលងាយរងគ្រោះ និងអនុវត្តវិធានការបង្ការ ដូចជា ការពាក់ម៉ាស់ និងវិធានរក្សាគម្លាតសង្គម ជាដើម។

គិតត្រឹមថ្ងៃសុក្រនេះ អូស្ត្រាលីក្លាយជាប្រទេសចុងក្រោយ​គេដែលបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» នៅក្នុងប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា វីរុសបំប្លែងខ្លួនថ្មីនេះពុំ​ទាន់​បង្កឱ្យមានជា​ករណី​ស្លាប់ណាមួយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ