ក្រុមសង្គមស៊ីវិល​ផ្ញើសារ​ទៅ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស ខណៈ​សេរីភាព​បញ្ចេញមតិ​និង​នយោបាយ​នៅ​តែ​បន្ត​រឹតត្បិត

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំតវ៉ានៅមុខស្ថានទូតអូស្ត្រាលី ស្វែងរកអន្តរាគមន៍ជំរុញទៅរដ្ឋាភិបាលដោះលែងសាច់ញាតិដែលជាអតីតសកម្មជនឬមន្ត្រីបក្សសង្គ្រោះជាតិ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ក្រុមអង្គការសង្គមស៊ីវិល ផ្ញើសារទៅកាន់រដ្ឋាភិបាលនៅមុនទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ​ ដើម្បីទាមទារឱ្យកម្ពុជាគោរពសិទ្ធិមនុស្សពេញលេញ ពិសេសសិទ្ធិក្នុងការជួបជុំ ការសម្ដែងមតិ ស្របតាមច្បាប់ជាតិនិង​អន្តរជាតិ ខណៈសេរីភាពបញ្ចេញមតិនិងសិទ្ធិនយោបាយនៅតែបន្តរងការរឹតត្បិតនៅឡើយ។

អ្នកនាំពាក្យ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក លោក ​ស៊ឹង សែនករុណា មានប្រសាសន៍ថា ក្នុងឱកាសខួប៧៣ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២១នេះ អង្គការសង្គមស៊ីវិលមួយចំនួននឹងចេញសាររួមគ្នា ដើម្បីឱ្យ​កម្ពុជាងាកមកគោរពសិទ្ធិមនុស្សពេញលេញ ដូចដែលកម្ពុជាបាន​ផ្ដល់សច្ចាប័នទៅលើ​សន្ធិសញ្ញាអន្តរជាតិនានា។

លោកបន្ថែមថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាខ្លះមានចំណុចវិជ្ជមាន និងខ្លះទៀតនៅមានចំណុចអវិជ្ជមានមួយចំនួន​ ​ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវធ្វើការកែលម្អ ដើម្បីឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

លោកថា៖ «បើយើងនិយាយដោយឈរលើភាពជាក់ស្ដែង​ ​មានចំណុចខ្លះក៏ល្អប្រសើរដែរ​ ពាក់ព័ន្ធនឹងរឿងមួយចំនួនដូចជា សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌​ហ្នឹង មាន​ការអនុវត្តប្រសើរខ្លះៗ។​ ប៉ុន្តែបើយើងងាកមកលើសិទ្ធិធ្លាក់ចុះ ទាក់ទងនឹងសិទ្ធិពលរដ្ឋ​និងនយោបាយ​ដែល​ត្រូវបានរកការរឹតត្បិតក្នុងរយៈកាល​ចុះក្រោយនេះ​»។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានស្នើទៅរដ្ឋាភិបាលឱ្យ​មានការបើកលំហសិទ្ធិសេរីភាពនិងសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​និងសន្ធិសញ្ញាអន្តរជាតិនានា ខណៈសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះបន្តបន្ទាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិមកម្ល៉េះ ដែល​ជាហេតុ​ធ្វើឱ្យសាធារណជនមិនអាចអនុវត្តសិទ្ធិរបស់ខ្លួនឱ្យបានពេញលេញ។

លោកលើកឡើងថា៖ «យើងឃើញថា ការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ហាក់បីដូចជាសារនយោបាយមួយសម្រាប់ពលរដ្ឋ​ទាំងអស់គ្នាថា គឺសិទ្ធិសេរីភាព សិទ្ធិនយោបាយរបស់ខ្លួន ​ហាក់បីដូចជាពុំទាន់មានការគោរពពេញលេញពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច»។

លោក​បន្ថែមថា៖ «ពីព្រោះអីគណបក្សដ៏ធំមួយដែលមានអ្នកគាំទ្រជាង៣លាននាក់ មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជិតពាក់កណ្ដាល បែរជារំលាយដោយសារអំណាចសាលដីការបស់តុលាការ បន្តឱ្យពលរដ្ឋមានចម្ងល់ ហើយមានការព្រួយបារម្ភអំពីអនាគតពីសិទ្ធិនយោបាយរបស់ពលរដ្ឋកម្ពុជា​»។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជាអតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក ​រ៉ុង ឈុន​ មានប្រសាសន៍ថា ​ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សមានការ​ធ្លាក់ចុះ​ខ្លាំង ​បន្ទាប់ពីមានការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង​ ការរំលាយគណបក្សសង្គ្រោះជាតិ ​ហើយបន្ទាប់មកទៀតមានការចាប់សកម្មជន​នយោបាយ​ ចាប់សកម្មជនបរិស្ថាន​ និងអ្នកធ្វើកិច្ចការងារសង្គមជាបន្តបន្ទាប់។

ករណីនេះ លោកស្នើទៅ​រដ្ឋាភិបាលស្ដារសិទ្ធិ​មនុស្សឡើងវិញ តាមរយៈការដោះលែង​អ្នកកំពុងជាប់ឃុំ​ ​ទម្លាក់ចោល​ការចោទប្រកាន់ទាំងឡាយទៅលើ​​សកម្មជននយោបាយ បរិស្ថាន សិទ្ធិមនុស្ស រួមទាំង​រូបលោកផ្ទាល់ ដើម្បីផលប្រយោជន៍កម្ពុជា។

លោកលើកឡើងថា៖ «​ហើយសុំឱ្យរដ្ឋាភិបាលត្រូវតែ​ស្ដារឡើងវិញនូវសេរីភាព​ ការគោរពសិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីទទួលបានការគាំទ្រ​ពីឆាកអន្តរជាតិ ជាពិសេស​យើងរក្សា EBA ឬក៏ GSP របស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក»។

សកម្មជនការពារសិទ្ធិមនុស្សមួយរូបដែលទើបចេញពីពន្ធនាគារដែរនោះ លោក មាន ព្រហ្មមុនី​ បានលើកឡើងថា ​ប្រសិនបើរដ្ឋាភិបាលបន្តរឹតត្បិតសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ និងសេរីភាពខាងនយោបាយ ជាដើម នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងមុខមាត់រដ្ឋាភិបាលផងដែរ។

លោកថា៖ «ប៉ះពាល់ទី១ មុខមាត់! ទី២ ប្រជាពលរដ្ឋ ​បើប្រជាពលរដ្ឋគាត់យល់ច្បាប់ ប្រជាធិបតេយ្យ គោលការណ៍ប្រជាធិបតេយ្យច្បាស់​ គាត់លែងគាំទ្រហើយ។​ ដូច្នេះ ប៉ះពាល់សេដ្ឋកិច្ចរបស់ជាតិ​ ប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ វាប៉ះពាល់លើសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ​»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កត្តា អ៊ន បានច្រានចោលការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិល ដែលថាកម្ពុជានៅតែមានការរឹតត្បិតសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ ពីព្រោះកម្ពុជាអនុវត្តច្បាប់លើបុគ្គលមួយចំនួនដែលរំលោភច្បាប់តែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «កន្លងមកនេះមានសកម្មជនអង្គការសង្គមស៊ីវិលមួយចំនួន សកម្មជននៃគណបក្សមួយចំនួន គាត់បានប្រើប្រាស់សិទ្ធិរបស់ខ្លួន សេរីភាពរបស់ខ្លួនដោយបំពានទៅនឹងគោលការណ៍ដែលមានចែងក្នុងច្បាប់។ ហើយសមត្ថកិច្ចបានប្រើប្រាស់វិធានការច្បាប់ ដើម្បីធានាសណ្ដាប់សាធារណៈ ផលប្រយោជន៍សាធារណៈ និងសន្តិសុខសាធារណៈ ការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស មិនមែនជាការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិលនៅកម្ពុជាទេ»។

អ្នក​នាំពាក្យក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានកាសែត រ៉យទ័រ (Reuters) ដក​ស្រង់​​សម្ដីមកចុះផ្សាយ​​កាលពីថ្ងៃសុក្រ​កន្លងទៅ​ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នឹង​ប្រកាស​​អំពី​​​ការ​​ដាក់​​​​ទណ្ឌកម្មនៅសប្ដាហ៍ក្រោយ​ ប្រឆាំងមេដឹកនាំឬមន្រ្តីទាំងឡាយ​ណាដែលធ្វើឱ្យ​​ប្រជា​​​ធិប​​តេ​យ្យ​​​​ត្រូវធ្លាក់​ចុះ ការរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។ ប៉ុន្តែអ្នក​នាំពាក្យ​​​​រូ​ប​​នេះបានបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណបុគ្គលដែល​​ត្រូវប្រឈ​ម​មុខ​​នឹង​​ការ​ដាក់​​ទណ្ឌកម្មនេះ។ 

ប្រភពដដែលនេះបានស្រង់សម្ដីអ្នកនាំពាក្យរូប​នេះ​បន្ថែម​ថា រតនាគារ​អាមេរិកនឹង​ចាត់​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​កំណត់​បុគ្គលដែល​​ចូល​​រួមក្នុងសកម្មភាពអាក្រក់​​នាំដ​ល់​ការ​បំផ្លាញ​លទ្ធិប្រជាធិប​តេយ្យ និងស្ថាប័នប្រជាធិ​​បតេ​​យ្យ​​នៅជុំវិញពិភពលោក រួមទាំងអំពើពុករលួយ ការ​គាប​សង្កត់ ឧក្រិដ្ឋកម្មដែល​​បាន​​​រៀប​​ចំ​​ឡើង និង​​ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាដើម។

ប៉ុន្តែលោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាល អះអាងកាលពីថ្ងៃចន្ទ​ថា តាមពិត​ទៅ រវាងកម្ពុជានិងសហរដ្ឋអាមេរិក មិនទាន់មានអ្វីដែលជាការសៅហ្មងនាំទៅដល់សភាពធ្ងន់ធ្ងរនៅឡើយទេ​ ហើយ​​កម្ពុជា​​វិញហាក់មិនមានអ្វីដែល​ត្រូវបារម្ភចំពោះការសម្រេចរបស់សហរដ្ឋអាមេរិករឿងទណ្ឌកម្ម​​ថ្មី​​ទៀតនោះដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ