លោក ហ៊ុន សែន នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ដើម​ខែមករា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី​៧-៨ ខែ​មករា ឆ្នាំ២០២២ ខាងមុខនេះ តាមការអញ្ជើញរបស់មេដឹកនាំរដ្ឋប្រហារយោធា លោក ​Min Aung Hlaing។

ការគូសបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៧ ខែធ្នូនេះ

នៅក្នុងជំនួបនោះ លោក វុនណា ម៉ោងលីន (Wunna Maung Lwin) បាននាំយកនូវលិខិតរបស់លោក ​Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអញ្ជើញលោកឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ តបតាមការអញ្ជើញនេះ។

លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាស្ងាត់ៗ នៅថ្ងៃទី៧ ខែធ្នូនេះ។ ភាគីទាំងពីរបានពិភាក្សា​គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ាផង។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាស៊ានមានកិច្ចសហប្រតិបត្តិការល្អនិងមានសាមគ្គីភាពល្អឡើងវិញ។

កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បានប្រកាសជាសាធារណៈពីខេត្តព្រៃវែងថា ​លោក​នឹង​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​ទោះបី​មាន​ការ​រិះគន់​ក៏​ដោយ។ លោក​ថា ​មាន​លទ្ធភាព​ជា​ច្រើន​ដែល​លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់​ម៉ា ​និង​ជជែក​ជាមួយ​លោក ​Min Aung Hlaing​ មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារទម្លាក់​មេដឹកនាំ​ប្រជាធិបតេយ្យ ​លោកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ ​ឆ្នាំ​២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ