មន្ត្រី​ថា​ពលរដ្ឋ​មិន​គួរ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​បំប្លែងថ្មី​«អូមីក្រុង»​ពី​ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា​ពេក​ទេ

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

មន្ត្រី​ជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា ថ្លែងថា ​ប្រជា​​ពលរដ្ឋ​មិន​គួរ​បារម្ភ​ពី​ការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ពីប្រទេសជិតខាងចូលមកកម្ពុជាពេកទេ ព្រោះអាជ្ញាធរប្រទេសនោះ​ក៏​មានវិធានការគ្រប់គ្រងរឹងមាំ ដែល​មិនងាយនឹងឆ្លងលឿន​ក្នុងប្រទេសរបស់​គេ ហើយក៏​មិន​ងាយ​ឆ្លងមកដល់កម្ពុជាភ្លាមៗនោះដែរ។

សារព័ត៌មាន Bangkok Post កាលពីថ្ងៃម្សិលមិញ បាន​ចុះផ្សា​យ​ថា ប្រទេសថៃ​បាន​​រ​កឃើញករណី​អ្នក​​ឆ្លងជំងឺកូវីដ-១៩​​បំប្លែង​ខ្លួន​ប្រភេទ «អូ​មី​ក្រុង» ជាលើកដំបូង លើអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលទើបធ្វើដំណើរ​មក​ពី​អេ​ស្ប៉ាញ​​កាលពីចុង​ខែ​វិច្ឆិកា។

ប្រភពដដែល​បន្តថា អ្នក​ដំណើរ​រូបនោះ​បានប្រាស្រ័យទាក់ទងជាមួយ​បុគ្គលិកអាកាស​យានដ្ឋាន​ចំនួន២នាក់ និងបុគ្គលិកសណ្ឋាគារចំនួន១៧នាក់។ ការប្រកាស​រក​ឃើញ​នេះ ​ធ្វើឱ្យ​ថៃ​ក្លាយជា​ប្រទេស​ទី​៤៧​នៅក្នុង​ពិភព​​លោក ដែល​បាន​ប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុស​ «អូ​មី​ក្រុង​»។​

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ហុក គឹមចេង ថ្លែងប្រាប់ វីអូឌី នៅ​ថ្ងៃ​ទី៧ ខែធ្នូនេះ ថាពលរដ្ឋមិនគួរព្រួយបារម្ភពីការឆ្លងវីរុសបំប្លែងថ្មី «អូមីក្រុង» ពីប្រទេសជិតខាង​ចូល​មកកម្ពុជា​នោះ​ទេ ខណៈកម្ពុជាក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

លោកថា៖ «យើងមិនគួរព្រួយបារម្ភពេកទេ ដោយសារ​ថានៅ​ប្រទេសជិតខាងយើងហ្នឹង គេក៏មានវិធានការ​សុខាភិបាល​របស់គេ។ ដូច្នេះ នៅក្នុង​ករណី​ដែល​គេរកឃើញបានលឿន គេក៏មានវិធានការសុខាភិបាល​របស់គេរឹងមាំនៅក្នុងការគ្រប់គ្រង​ទៅលើ​អ្នកឆ្លងអូមីក្រុងហ្នឹងដែរ។ អ៊ីចឹងប្រទេសនីមួយៗគឺមានវិធានការ​រៀងខ្លួនរឹងមាំហើយ យើងក៏មាន​ការប្រុងប្រយ័ត្នដែរ។ អ៊ីចឹងមិនមែនជាការព្រួយបារម្ភពេកទេ ដោយសារថា​ យើងមានបទពិសោធន៍​ក្នុងការគ្រប់គ្រងកូវីដ-១៩ក្នុងរយៈពេលកន្លងមកហើយ»។

មន្ត្រីរូបនេះបន្ថែមថា ពលរដ្ឋត្រូវជំនួស​​ការព្រួយបារម្ភ​មកជាការតាមដានស្ថានភាពជំងឺឱ្យបានម៉តចត់។ ​លើសពីនេះ លោកថា ដើម្បីទប់ទល់នឹងវីរុសបំប្លែងថ្មីនេះ កម្ពុជា​បានផ្ដោតលើវិធានការសុខាភិបាល ដូចជា ការធ្វើចត្តាឡីស័ក ការធ្វើតេស្ត ៣កុំ៣ការពារ និងគោរព​តាមច្បាប់អង្គការសុខភាពពិភពលោក​ឆ្នាំ២០០៥ ស្ដីពី «ការប្រុងប្រយ័ត្ន ការគ្រប់គ្រង​លើសុខភាព​សាធារណៈក្នុងពេលបន្ទាន់»។ លោកថា ក្រៅពីនោះ កម្ពុជាផ្ដោតលើ​ប្រទេស​ទាំង១០​ដែល​មានការព្រួយបារម្ភពីហានិភ័យចម្លង និងប្រទេសផ្សេងទៀតដែល​មាន​អ្នកដំណើរចូលមក។

អាជីវករលក់សាច់អាំងនៅរាជធានីភ្នំពេញមួយរូប សុំមិនបញ្ចេញឈ្មោះ លើកឡើងថា លោក​បាន​ឃើញព័ត៌​មាន​ពី​វីរុស​បំប្លែង​ខ្លួន «អូមីក្រុង» តាមបណ្ដាញសង្គម និងតាមរយៈព័ត៌មានអន្តរជាតិ។ យ៉ាងណា លោកថា លោកមិនទាន់ច្បាស់ពីកម្រិតនៃភាពធ្ងន់ធ្ងរនៃវីរុសថ្មីនេះថាយ៉ាងណានោះទេ ពោលគឺគ្រាន់តែឮថាជំងឺនេះឆ្លងលឿន។

លោកបន្តថា៖ «បើឧបមាថា ខាងក្រសួងគេរាយការណ៍ ឬព័ត៌មានផ្សាយថាអាជំងឺហ្នឹងឱ្យតែឆ្លង វានឹងវិវត្តៗធ្វើឱ្យមនុស្សយើងធ្ងន់ធ្ងរ! អ្នកចាក់វ៉ាក់សាំងហើយ វាទប់អត់បាន! អាហ្នឹងអាចថាពួកយើងនឹងព្រួយបារម្ភខ្លាំង។ តែឥលូវ និយាយរួម វាមិនទាន់មានករណីហ្នឹងក្នុងស្រុកយើង និងសហគមន៍យើង អ៊ីចឹងមួយៗគាត់ដឹងព័ត៌មានដែរ តែគ្រាន់តែគាត់មិនទាន់ដូចថាផ្អើលខ្លាំងអ៊ីចឹង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាលពីថ្ងៃចន្ទម្សិលមិញ​​ថា ការបន្តថែរក្សាសុខភាព «៣ការពារ ៣កុំ» ទោះបីប្រភេទថ្មី អូមីក្រុង ក៏មិនអាចធ្វើអីកម្ពុជាបានដែរ។

លោកថា៖ «អាអូមីក្រុងហ្នឹង! យើងវាស្លន់ស្លោពេក ស្លន់ស្លោ​តាំងពី​អង្គការ​សុខភាពពិភពលោក ស្លន់ស្លោតាំងពីអឺរ៉ុប ស្លន់ស្លោតាំងពីអាមេរិក។ តែទីបំផុត អ្នកដែលស្លាប់​ដោយ​សារអូមីក្រុង អត់ទាន់មានសោះ ទទេស្អាត ស្លាប់ដោយសារអា[ប្រភេទ]ដែលតា និង[ប្រភេទ]អាល់ហ្វាទាំងអស់! មកដល់ម៉ោងនេះហើយ អូមីក្រុងអត់ទាន់មានធ្វើអីសោះ។ អ៊ីចឹងបានជាយើងបាន​សម្រេចពីម្សិល​ហើយ យើងលុបចោលការហាមប្រាម១០ប្រទេស ទាំងអ្នកធ្វើដំណើរឆ្លងកាត់១០ប្រទេសនេះ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា បើសិនជាមានករណីរាលដាលវីរុស​បំប្លែងខ្លួន «អូមីក្រុង» ​នេះមែន ស្ថាប័នសុខាភិបាល​ថៃ និង​កម្ពុជា នឹងរួមគ្នាទប់ស្កាត់មិនខាន។

លោកថា៖ «ឥលូវនេះ យើងគ្រាន់តែមិនទាន់ច្បាស់ អូមីក្រុងហ្នឹង! គ្រាន់តែថា វាជារឿងមួយដែលឮថាមកពីអាហ្វ្រិកខាងត្បូង និងអាហ្វ្រិកប៉ុន្មានដែលនៅជាប់ហ្នឹង។ ក៏ប៉ុន្តែយើងអត់ទាន់ឃើញអាការអ្នកជំងឺហ្នឹងវាយ៉ាងម៉េចៗ ដែលគេបានយកមកដើម្បីអំណះអំណាងថា អូមីក្រុងវាសាហាវជាងដែលតាយ៉ាងម៉េច! វាអត់ទាន់មាន! ហើយក៏វាអត់ទាន់មានហានិភ័យស្លាប់ដោយសារវីរុសបំប្លែងខ្លួនអូមីក្រុងហ្នឹងដែរ។ […] យើងភ័យខ្លាចបំផុតគឺដែលតា ព្រោះវាវាយលុកសួតខ្លាំង វាជាវីរុសច្បាស់លាស់ដែលគេរកឃើញ»។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្រ្វិក ឬអ្នកមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ រួមមាន Botswana, Eswatini, ​L​esotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia ក្នុងអំឡុងពេល៣សប្ដាហ៍ មុនពេលធ្វើដំណើរចូលប្រទេសកម្ពុជា។

យ៉ាងណា នៅ​ថ្ងៃទី៥ ខែធ្នូ ក្រសួងសុខាភិបាល​បាន​​​ប្រកាស​លុបចោលបម្រាមដែលហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់​អាហ្វ្រិកចំនួន​១០ចូល​កម្ពុជានោះវិញ​ ប៉ុន្តែក្រសួង​តម្រូវ​ឱ្យ​​​អ្នកធ្វើដំណើរ​ត្រូវ​បង្ហាញវិញ្ញា​បនបត្របញ្ជាក់ថា​ គ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី ឬប្រទេសសំណាក់ចុងក្រោយ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ