តុលាការ​បើក​សវនាការ​កាត់ទោស​ថ្នាក់ដឹកនាំ​និង​អតីត​មន្ត្រី​បក្សប្រឆាំង​៤២​នាក់​នៅព្រឹកនេះ

ក្រុម​អ្នកគាំទ្រ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ​​នេះ កំពុង​បើក​សវនាការ​កាត់​ទោស​ថ្នាក់ដឹក​នាំ​អតីត​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងសកម្មជនអតីតគណបក្សប្រឆាំង​សរុប៤២​នាក់ ពីបទ «ក្បត់ជាតិ» និង «រួមគំនិតក្បត់»។

យោងតាមដីកាបញ្ជូនរឿងរបស់ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្គាប់​ឱ្យលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ​និងសកម្មជននយោបាយក្នុងអតីត​គណបក្ស​នេះចំនួន​៤១នាក់​ផ្សេង​ទៀត ត្រូវចូល​​រួម​​ស​​​វ​​នាការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ ពួកគេបានរងនូវ​ការចោទ​​​ប្រកាន់​​​ក្នុង​​​​សំណុំ​​រឿង​​ «ក្បត់ជាតិ» និង «រួមគំនិតក្បត់ជាតិ» សម្រាប់ព្រឹត្តិការណ៍ «មាតុ​ភូមិ​​និវត្តន៍ ថ្ងៃ៩​វិច្ឆិកា» របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២១។

តុលាការ​ក្រុង​ភ្នំពេញ​ ធ្លាប់​បាន​បើក​សវនាការ​សំណុំ​រឿង​នេះ​​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ដោយ​​មាន​ថ្នាក់ដឹកនាំ​និង​សកម្មជន​បក្សប្រឆាំង​ជាង​១៣០នាក់​​ តាំងពី​ចុងឆ្នាំ​​២០២០​។ ប៉ុន្តែតុលាការបាន​ផ្អាក​សវនាការ​វិញ​ជាបន្តបន្ទាប់ចាប់តាំង​ខែកុម្ភៈ ​ឆ្នាំ២០២១​ ដោយ​សារការ​រីករាលដាលនៃ​​ជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ