លោក ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ខណៈ​អ្នកវិភាគ​ថា​កម្ពុជា​នឹង​រង​ការ​រិះគន់​ពី​អន្តរជាតិ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី​៧-៨ ខែ​មករា ឆ្នាំ២០២២ខាងមុខនេះ ខណៈអ្នកវិភាគបានលើកឡើងថា កម្ពុជានឹងរងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិចំពោះដំណើរទស្សនកិច្ចលើកនេះ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក ​Min Aung Hlaing នៅថ្ងៃទី៧ ខែធ្នូនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមកទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បាននាំយកនូវលិខិតរបស់លោក ​Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអញ្ជើញលោកឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខ តបតាមការអញ្ជើញនេះ។

លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាស្ងាត់ៗ នៅថ្ងៃទី៧ ខែធ្នូនេះ។

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ភាគីទាំងពីរបានពិភាក្សា​គ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ាផង។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាស៊ានមានកិច្ចសហប្រតិបត្តិការល្អនិងមានសាមគ្គីភាពល្អឡើងវិញ។

អ្នក​សិក្សា​ស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា បានលើកឡើងថា កម្ពុជានឹងរងការរិះគន់ពីសហគមន៍អន្តរជាតិ បន្ទាប់ពីទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឱ្យមកធ្វើទស្សនកិច្ចនៅកម្ពុជា និងគម្រោងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅដើមខែក្រោយនេះ។ លោក ប៊ុនណា បានលើកឡើងថា កម្ពុជាហាក់បានដើរបញ្ច្រាសពីសហគមន៍អន្តរជាតិនៅក្នុងសំណុំរឿងមីយ៉ាន់ម៉ានេះ។

លោកមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងក្រសែភ្នែកអន្តរជាតិ ច្បាស់ណាស់ ដូចជាសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀតដែលប្រកាន់របបប្រជាធិបតេយ្យ ដែលគេមានជំហរដាច់ខាតចំពោះរបបសឹកយោធាហ្នឹង វាកាន់តែធ្វើឱ្យរូបភាពកម្ពុជាហ្នឹងអាក្រក់ផងដែរក្នុងក្រសែភ្នែករបស់គេ។ ហើយវាអាចប៉ះពាល់ទៅដល់កិច្ចប្រជុំអាស៊ាននិងដៃគូពាក់ព័ន្ធរបស់អាស៊ានផងដែរ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឧទាហរណ៍ ដូចមានកិច្ចប្រជុំមួយចំនួនបានពន្យារពេលរួចមកហើយ ដោយសារគេមិនចង់ឃើញវត្តមានរបស់លោក Min Aung Hlaing នៅក្នុងកិច្ចប្រជុំអាស៊ានជាមួយអង្គការសហប្រជាជាតិ កម្រិតរដ្ឋមន្ត្រីអាស៊ាន និងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ ហើយមួយទៀត ប្រទេសកូរ៉េ [កូរ៉េខាងត្បូង] ក៏បានពន្យារពេលកិច្ចប្រជុំកូរ៉េមេគង្គម្ដងរួចហើយ ដោយសារគេមិនចង់ឃើញវត្តមានលោក Min Aung Hlaing។ អ៊ីចឹងទេ! បញ្ហាហ្នឹង ចង់មិនចង់ វាធ្វើឱ្យដៃគូរបស់អាស៊ានមានការអល់អែកក្នុងការចូលប្រជុំជាមួយអាស៊ាន នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយផងដែរ»។

ប៉ុន្តែលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារជំហររបស់កម្ពុជាថា នេះគឺជាការចាប់ផ្ដើមធ្វើការងាររបស់កម្ពុជានៅក្នុងការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា៖ «ដំណោះស្រាយនេះ គឺអត់ទាន់ដាក់ពិន្ទុនរណាខុស នរណាត្រូវ គឺអត់ទេ! ចង់ដឹងថាភាគីទាំងពីរហ្នឹងចាប់ផ្ដើមពីអ្នកនៅក្នុងស្រុក ហើយត្រូវដោះស្រាយយ៉ាងម៉េច អាហ្នឹងយើងចង់ដឹងចង់ឮពីហ្នឹង ក្នុងកិច្ចអនុវត្តចំណុចទាំង៥ ដែលមិនទាន់គេអនុវត្តបាននោះ។ អាហ្នឹងជាភារកិច្ចរបស់កម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ាន។ ហើយអ្នកទិតៀនហ្នឹង គ្រាន់តែទិតៀនរកខុសរកត្រូវ អ្នកឈ្នះអ្នកចាញ់ គ្រាន់តែប៉ុណ្ណឹងទេ។ ប៉ុន្តែក្នុងអាស៊ាន គោលការណ៍ធំបំផុត គឺមិនចង់ឱ្យនរណាមួយដែលបែកឆ្ងាយចេញពីគោលការណ៍អាស៊ានទាំង១០»។

កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បានប្រកាសជាសាធារណៈពីខេត្តព្រៃវែងមកថា ​លោក​នឹង​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​ទោះបី​មាន​ការ​រិះគន់​ក៏​ដោយ។ លោក​ថា ​មាន​លទ្ធភាព​ជា​ច្រើន​ដែល​លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់​ម៉ា ​និង​ជជែក​ជាមួយ​លោក ​Min Aung Hlaing​ មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារទម្លាក់​មេដឹកនាំ​ប្រជាធិបតេយ្យ ​លោកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ ​ឆ្នាំ​២០២១។

សូមជម្រាបជូនថា នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ