ព្រះរាជ​ពិធី​បុណ្យសព​សម្ដេចក្រុមព្រះ ប្រារព្ធ​ឡើង​នៅ​មុខ​វត្តបទុមវតី ក្រោម​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ​និង​ឥស្សរជន​នានា

ព្រះរាជពិធីបូជាព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅព្រះមេរុ មុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ត្រូវបានបូជាដោយព្រះភ្លើង នៅព្រឹកថ្ងៃពុធនេះ នៅ​​មុខ​វត្តបទុមវតី រាជធានីភ្នំពេញ ក្រោមការ​យាងប្រោសព្រះរាជទានព្រះភ្លើងដោយ​ព្រះ​មហា​ក្សត្រ​ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។  

ព្រះរាជ​ពិធីថ្វាយព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក៏បានយាង​ចូលរួម​ និងមានការ​ចូលរួមពីសំណាក់ឥស្សរជន​ជាន់ខ្ពស់ជាច្រើនរូបផងដែរ ក្នុងនោះរួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង, ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងប្រធានរដ្ឋសភា លោក ហេង សំរិន។

ព្រះរាជពិធីបុណ្យនេះក៏មានវត្តមានព្រះរាជវង្សានុវង្ស រួមនឹងអ្នកចូលរួមផ្សេងទៀត និងឯក​អគ្គរដ្ឋទូតមួយចំនួន ដែលស្ថិតនៅក្នុងទីតាំងដែលត្រូវបានរៀបចំដាច់ដោយឡែក ក្រោមការយាម​កាម​ដោយការយកចិត្តទុកដាក់ពីកងកម្លាំងសន្តិសុខ។

អ្នកចូលរួមរាប់រយនាក់បានអមដំណើរព្រះរាជពិធីដង្ហែព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងរាជធានីភ្នំពេញ នៅព្រឹកនេះ ដែលធ្វើដំណើរចេញពីគេហដ្ឋានរបស់ព្រះអង្គក្នុងខណ្ឌដូនពេញ ឆ្ពោះទៅកាន់ទីតាំងព្រះមេរុមុខវត្តបទុម។

បន្ទាប់ពីព្រះរាជពិធីបូជាព្រះសពបញ្ចប់ទៅ ព្រះមហាក្សត្រ និងសម្ដេចម៉ែ ក៏បានធ្វើព្រះរាជដំណើរចាកចេញ ខណៈដែលឯកអគ្គរាជទូតនិងមន្ត្រីផ្សេងទៀតក៏បានចាកចេញជាបន្តបន្ទាប់ពីទីតាំងព្រះរាជពិធីបុណ្យផងដែរ។

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាទីមួយ ចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ បានយាងសោយព្រះទិវង្គតនៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយរោគាពាធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ