សង្គមស៊ីវិល​ថា​រដ្ឋាភិបាល​ផ្ដល់​សេវា​អត្រានុកូលដ្ឋាន​ល្អ​ជាង​មុន ខណៈ​សេវា​អាជីវកម្ម​និង​ការ​ធ្វើ​ជំនួញ​នៅ​មាន​អំពើពុករលួយ

សាលាឃុំ​គរ មាន​ចម្ងាយ​ប្រហែល១០គីឡូម៉ែត្រ​ពី​ផ្សារ​ព្រៃទទឹង ស្ថិត​ក្នុង​ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ (ហេង វិចិត្រ​)

ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលផ្ដល់សេវាអត្រានុកូលដ្ឋានល្អប្រសើរជាងមុន ខណៈការផ្ដល់សេវាផ្នែកអាជីវកម្មនិងការធ្វើជំនួញ អាជ្ញាធរមួយចំនួននៅតែគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយជាថ្នូរនឹងការផ្ដល់សេវាឱ្យបានរហ័សនិងទាន់សភាពការណ៍ជូនអ្នកទទួលសេវាទាំងនោះ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអំពាវនាវនិងណែនាំបន្ថែមទៀតដល់មន្ត្រីរាជការ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ ដោយមិនត្រូវយកកម្រៃក្រៅពីច្បាប់មានចែងបានឡើយ។ ជាពិសេស គឺសេវាអត្រានុកូលដ្ឋាន សេវាសុរិយោដី (កាត់ប្លង់ រត់ប្លង់រឹង ដាក់បន្ទុក ដោះបន្ទុក ដើម្បីខ្ចីប្រាក់ធនាគារ) បង់ពន្ធប្រថាប់ត្រាផ្ទេរដីធ្លី សេវាសុខាភិបាល សេវាអប់រំ ភាស៊ីផ្សារ ចំណតរថយន្ត ជាដើម។

អភិបាលខេត្តរូបនោះព្រមានថា បើមន្ត្រីរូបណាយកលុយពីប្រជាពលរដ្ឋជាថ្នូរផ្ដល់សេវាសាធារណៈលើសច្បាប់ ត្រូវ​ចាត់វិធានការច្បាប់លើមន្ត្រីនោះផងដែរ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលផ្ដល់សេវាអត្រានុកូលដ្ឋាន ដូចជា ការធ្វើឬបញ្ជាក់សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងការធ្វើអត្តសញ្ញាណបណ្ណ មានភាពល្អប្រសើរជាងមុន។ ប៉ុន្តែលោកថា ចំពោះសេវាសុំអាជីវកម្មនិងការធ្វើជំនួញនានា ជាពិសេសការស្នើសុំសាងសង់អគារ ការផ្ទេរសិទ្ធិប្លង់ដី និងផ្ទះសម្បែង ហាក់មានភាពស្មុគស្មាញ និងត្រូវចំណាយលុយក្រោមតុជូនទៅមន្ត្រីមួយចំនួន ដើម្បីទទួលបានសេវាលឿននិងទាន់ពេលវេលាផងដែរ។

លោកមានប្រសាសន៍ថា៖ «បើនិយាយពីតម្លៃសេវារបស់រដ្ឋតែមួយមុខ យើងឃើញថាមានភាពល្អប្រសើរ តម្លៃល្អ ដោយសារតែរដ្ឋាភិបាលបានកំណត់។ ហើយការសុំច្បាប់សាងសង់ទំហំដីប៉ុន្មានផ្សេងៗ យើងឃើញថាមាន[បញ្ហា] ប៉ុន្តែបញ្ហាបច្ចេកទេសនៅពីក្រោយហ្នឹង លក្ខខណ្ឌតម្រូវ»។

លោកលើកជាឧទាហរណ៍ដូច្នេះថា៖ «ឧទាហរណ៍ថា ការសុំច្បាប់សាងសង់មួយ ថាតើត្រូវមានលក្ខខណ្ឌបច្ចេកទេស លក្ខខណ្ឌអ្វីជាក់លាក់ផ្សេងទៀត ដែលត្រូវបំពេញជាមួយនឹងការសុំច្បាប់។ អ៊ីចឹងឯកសារផ្សេងៗបន្ថែមទៀត ហ្នឹងហើយគឺនៅតែជាចម្ងល់ នៅតែជាការខ្វះព័ត៌មានលម្អិតសម្រាប់ប្រជាពលរដ្ឋ។ អ៊ីចឹងកាលណាពលរដ្ឋខ្វះព័ត៌មាន អាចធ្វើឱ្យពួកគេប្រឈមនឹងការចំណាយប្រាក់ក្រៅផ្លូវការ»។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ប្រសិនបើអំពើរពុករលួយក្នុងសេវាសាធារណៈនៅតែបន្តកើតមានឡើង នឹងធ្វើឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ និងប៉ះពាល់កំណើនសេដ្ឋកិច្ច រួមទាំងប៉ះពាល់ដល់មុខមាត់របស់កម្ពុជាថែមទៀតផង។

លោកលើកឡើងថា៖ «​វាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដែរ ​ប្រសិនបើប្រជាពលរដ្ឋដែលគាត់ត្រូវការសេវាផ្សេងៗ​​ដើម្បីប្រកបរបររកស៊ីអីផ្សេងៗ ប៉ុន្តែ​ស្ថាប័នរបស់រដ្ឋហ្នឹងមិនអាចសម្រួលសេវាបានទាន់ពេលវេលា​ឬក៏មានការរាំងស្ទះ ​ដោយសារតែមានអំពើពុករលួយហ្នឹង»។

លោកមានប្រសាសន៍បន្ថែមថា៖ «ហើយប៉ះពាក់មួយទៀតដល់មុខមាត់កម្ពុជា ដែលគេមិនអាចចូលមកវិនិយោគនៅប្រទេសកម្ពុជា ដោយសារតែគេមានការធុញទ្រាន់នឹងអំពើពុករលួយដែលវាកើតមាន ដែលយើងមិនអាចលុបបំបាត់បានឬកាត់បន្ថយឱ្យវានៅកម្រិតអប្បបរមាបាន»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាស៍ថា តាមរបាយការណ៍ដែលធ្វើការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០២០ ទោះបីជាការរកឃើញបង្ហាញថា អំពើពុករលួយឬភាពមិនប្រក្រតី​នៅក្នុងការផ្ដល់សេវាសាធារណៈមានភាពល្អជាងពីរបាយការណ៍មុនៗក៏ដោយ តែអំពើពុករលួយ​ទ្រង់ទ្រាយធំមិនទាន់មានការ​ថមថយនៅឡើយទេ​​។

ករណីនេះ លោក ប៉ិច ពិសី លើកទឹកចិត្តដល់រដ្ឋាភិបាលជំរុញទៅមន្ត្រីស្ថាប័នរដ្ឋទប់ស្កាត់កុំឱ្យមានអំពើពុករលួយ ដើម្បីឱ្យអ្នកវិនិយោគជឿទុកចិត្ត ហើយមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន និងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពល្អប្រសើរជាងមុនផងដែរ។

លោកមានប្រសាសន៍ថា៖ «ការកាត់បន្ថយអំពើពុករលួយ គឺអាចជះឥទ្ធិពលវិជ្ជមានច្រើន ធ្វើ​ឱ្យវិស័យផ្សេងៗងើបទាំងអស់​។ បើសិនជាយើងអាចធ្វើបាន គ្រប់ក្រសួង គ្រប់ស្ថាប័ន ត្រូវលុបបំបាត់អំពើពុករលួយ ភាពមិនប្រក្រតីផ្សេងៗ​។ ទី២ ជំរុញនូវប្រសិទ្ធភាព​និងប្រសិទ្ធផលនៃការអនុត្តការងាររបស់មន្ត្រីសាធារណៈ ដើ​ម្បីឱ្យមន្ត្រីគាត់ជាអ្នកទទួលបានប្រាក់ខែពីពលរដ្ឋ គាត់ត្រូវបម្រើពលរដ្ឋ ហើយផ្ដល់សេវាឱ្យមានប្រសិទ្ធភាព​ជូនប្រជាពលរដ្ឋ ដោយមិនតម្រូវឱ្យពលរដ្ឋបង់លុយបន្ថែមទៀត»។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធានអង្គភាព​ប្រឆំាងអំពើពុករលួយ លោក ឱម យិនទៀង បានទេ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកនាំពាក្យអង្គភាពប្រឆំាងអំពើពុករលួយ លោក ឃាង សេង អះអាងថាជាប់រវល់ប្រជុំ ។

យោង​តាម​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ បង្ហាញថា លទ្ធផល​សន្ទស្សន៍​នៃ​ការយល់ឃើញ​អំពើពុករលួយ​ក្នុង​ឆ្នាំ២០២០ បង្ហាញថា ប្រទេស​កម្ពុជាឈរ​នៅ​ចំណាត់ថ្នាក់​ទី១៦០ ក្នុងចំណោម​ប្រទេសនិង​ដែនដី​សរុប១៨០ ដែល​បាន​ដាក់បញ្ចូល​ក្នុង​ការវាយតម្លៃ​អំពី​បញ្ហា​អំពើពុករលួយ។ ចំណាត់ថ្នាក់នោះបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានអំពើពុករលួយអាក្រក់ជាងគេក្នុងតំបន់និងនៅលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ