ពលរដ្ឋ​នៅ​សហគមន៍​ក្រីក្រ៖ យើង​មិន​អាច​រស់នៅ​ដោយ​គ្មាន​ឯកសារ​គ្រួសារ​បានទេ

អ្នកស្រី ជួប ខាំង រស់នៅក្នុងសហគមន៍សំរោងត្បូង សង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ប្រជាពលរដ្ឋមួយចំនួនរស់នៅសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ អះអាងថា ពួកគេមិនទាន់ទទួលបានសិទ្ធិរស់នៅជាពលរដ្ឋពេញលេញ ខណៈមិនអាចស្នើសុំឯកសារគ្រួសារ ដូចជា សៀវភៅគ្រួសារ  អត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតពីអាជ្ញាធរក្នុងមូលដ្ឋានដែលពួកគេកំពុងរស់នៅបានឡើយ។

អត់សៀវភៅគ្រួសារ បាត់បង់ឱកាសការងារ

រំឭកកាលពី៥ឆ្នាំមុន អ្នកស្រី ជួប ខាំង វ័យ៥៨ឆ្នាំ រស់នៅសហគមន៍ក្រីក្រមួយ ជាប់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ មានក្ដីរំពឹងថា ជីវភាពក្រុមគ្រួសារអ្នកស្រីនឹងបានធូរធារ ក្រោយពេលកូនប្រុសរបស់គាត់ម្នាក់បានប្រឡងជាប់ទៅធ្វើការនៅប្រទេសកូរ៉េ ប៉ុន្តែក្តីស្រមៃនេះត្រូវរលាយបាត់ ព្រោះគាត់មិនមានសៀវភៅគ្រួសារភ្ជាប់ជាឯកសារឱ្យកូនគាត់តាមការកំណត់របស់ក្រសួងការងារ។

អ្នកស្រី ជួប ខាំង ប្រាប់ថា៖ «ស្ដាយខ្លាំង [កូនបាត់បង់ការងារ] ! ថាជីវិតខ្ញុំបានកូនទៅកូរ៉េមួយ បានធូរធារ! ខំឱ្យកូនរៀនសូត្រ រកត្រីលក់ដើម្បីឱ្យកូនរៀន។ ពេលប្រឡង ៣យប់ ៣ថ្ងៃ គឺខ្ញុំទៅលើកទឹកចិត្តកូនខ្ញុំ អស់លុយប៉ុន្មានខ្ញុំសុខចិត្តចងការ[លុយ]គេ លើកកម្លាំងចិត្តកូន។ ខ្ញុំតេទៅបងប្អូនខ្ញុំគ្រប់សព្វថា កូនខ្ញុំជាប់ទៅកូរ៉េហើយ»

ក្នុងទឹកមុខស្រងូតស្រងាត់ អ្នកស្រីរៀបរាប់ថា គាត់បានចំណាយថវិកាជិត២០០ដុល្លារក្នុងមួយខែ ដើម្បីបង់ថ្លៃឱ្យកូនគាត់រៀននៅសាលាភាសាកូរ៉េឯកជនមួយក្នុងក្រុងភ្នំពេញ។ អ្នកស្រីថា លុយនេះបានមកពីការខិតខំនេសាទត្រីក្នុងបឹងតាមោក លុយខ្ចីគេមួយចំនួន និងត្រៀមខ្ចីលុយបងប្អូនរបស់គាត់ចំនួន១០ ០០០ដុល្លារបន្ថែមទៀត ដើម្បីជាសោហ៊ុយឱ្យកូនគាត់ទៅកាន់ប្រទេសកូរ៉េ។ ក្រោយពេលបាត់បង់ឱកាសទៅប្រទេសកូរ៉េ កូនប្រុសរបស់អ្នកស្រី ជួប ខាំង ត្រូវនេសាទត្រីលើផ្ទៃបឹងតាមោកវិញ។

សហគមន៍សំរោងខាងត្បូង ជាសហគមន៍ក្រីក្រមួយស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ផ្ទះឈើប្រក់ស័ង្កសីរាប់សិបគ្រួសារនៅតម្រៀបជួរគ្នាប្របមាត់បឹងធម្មជាតិតាមោក ប៉ុន្តែមានប្លាស្ទិករាយប៉ាយ លាយឡំជាមួយទឹកល្អក់នៅខាងក្រោមផ្ទះ។

ទិដ្ឋភាពក្នុងសហគមន៍ពង្រសែនជ័យ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
ទិដ្ឋភាពក្នុងសហគមន៍ពង្រសែនជ័យ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អង្គការសមាគមធាងត្នោត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយរបាយការណ៍មួយ បានសម្ភាសគ្រួសារចំនួន៩៥៨គ្រួសារ កំពុងរស់នៅសហគមន៍ក្រីក្រ ចំនួន៤២ ក្នុងរាជធានីភ្នំពេញ រកឃើញថា មានពលរដ្ឋចំនួន ៤៧% អះអាងថា ពួកគេមិនមានសៀវភៅគ្រួសារ និង២៣​% មិនមានសៀវភៅស្នាក់នៅ។

អង្គុយក្បែរមាត់បឹងតាមោក ពាក់អាវពណ៌ទឹកប៊ិក អ្នកស្រី ជួប ខាំង បន្តថា គាត់បានមករស់នៅក្បែរបឹងតាមោកជាង២០ឆ្នាំមកហើយ ប៉ុន្តែមិនមានសៀវភៅគ្រួសារនៅឡើយ ទោះបីជាធ្លាប់ស្នើសុំអាជ្ញាធរជាច្រើនលើកហើយក្តី។

អ្នកស្រីថា៖ «យើងសួរដែរថាហេតុអីបានមិនធ្វើសៀវភៅគ្រួសារ! ចង់ធ្វើសៀវភៅគ្រួសារ! បានកូនចូលធ្វើការ គាត់[អាជ្ញាធរ]ថាដីហ្នឹងអត់មានឱ្យទេ ព្រោះដីហ្នឹងគេមិនឱ្យយើងនៅ [ព្រោះ]ដីចំណីថ្នល់»។

តំណាងសហគមន៍សំរោងត្បូង អ្នកស្រី សឿន ស្រីសុទ្ធ វ័យ៣២ឆ្នាំ ឱ្យដឹងថា ក្នុងសហគមន៍នេះមានប្រជាពលរដ្ឋចំនួន២៥០គ្រួសារ និងមានផ្ទះពលរដ្ឋចំនួន១០៤ខ្នង។ អ្នកស្រីបន្តថា ពលរដ្ឋដែលតាំងទីលំនៅគឺជាង២០ឆ្នាំមកហើយ ប៉ុន្តែមានប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ គឺមិនមានសៀវភៅគ្រួសារនោះទេ។

អ្នកស្រី សឿន ស្រីសុទ្ធ និយាយថា៖ «គេថាដីយើងអត់មានប្លង់ស្របច្បាប់ គេអត់ធ្វើឱ្យ»។

អ្នកស្រីបន្ថែមថា អ្នកស្រីបានទិញដីនៅក្បែរមាត់បឹងក្នុងឆ្នាំ១៩៩៨ ហើយក៏មានឯកសារទិញលក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានរួចរាល់ហើយដែរ។

កំពុងអង្គុយជជែកគ្នាជាមួយអ្នកភូមិជាប់មាត់បឹងតាមោក ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី អំ យ៉េត វ័យ៦៤ឆ្នាំ បានប្រាប់ថា គាត់បានមកសង់ទីលំនៅក្នុងសហគមន៍សំរោងត្បូង តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ ប៉ុន្តែមិនទាន់ទទួលបានសៀវភៅគ្រួសារនៅឡើយទេ។

អ្នកស្រីបន្តថា កូនរបស់អ្នកស្រីវ័យ២៧ឆ្នាំមួយរូបបានដាក់ពាក្យចូលធ្វើការរោងចក្រ ប៉ុន្តែគេមិនទទួល ទើបកូនគាត់បានស៊ីឈ្នួលធ្វើជាអ្នកបម្រើតាមផ្ទះគេវិញ ចំណេកកូនៗរបស់អ្នកស្រីចំនួន៨នាក់ទៀតបាននេសាទត្រីលើផ្ទៃបឹងនេះ។

អ្នកស្រី អំ យ៉េត និយាយថា៖ «ពិបាកខ្លាំងណាស់ ! យើងអត់សៀវភៅគ្រួសារ កូនធ្វើការក៏អត់បាន គេអត់យក! បើយើងមានសៀវភៅគ្រួសារ បានធ្វើការបាន! [ពេលអត់សៀវភៅគ្រួសារ] បានតែធ្វើសំណង់»។

ពាក់ព័ន្ធទៅនឹងសំណួរថា តើមានលិខិតអ្វីអាចជំនួសសៀវភៅគ្រួសារដើម្បីជាឯកសារចំណាកស្រុកធ្វើការនៅក្រៅប្រទេសដែរឬទេ?

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានឆ្លើយតបតាមរយៈបណ្ដាញសង្គមយ៉ាងខ្លីថា៖ «សុំសួរទៅរដ្ឋបាលខណ្ឌឬស្រុក តើមានករណីនេះឬទេ?»

បុរសម្នាក់ជិះម៉ូតូនៅមុខសាលាសង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
បុរសម្នាក់ជិះម៉ូតូនៅមុខសាលាសង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ចៅសង្កាត់សំរោង លោក យិន អ៊ីម ទទួលស្គាល់ថា ពិតជាមានករណីនេះក្នុងមូលដ្ឋានរបស់លោកពិតមែន។ លោកបានពន្យល់ថា ករណីដែលអាជ្ញាធរមិនចេញសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឱ្យពលរដ្ឋនៅក្នុងតំបន់សហគមន៍ក្រីក្រទាំងនោះ គឺដោយសារពួកគេរស់នៅលើដីរបស់រដ្ឋដោយខុសច្បាប់។

លោក យិន អ៊ីម ថ្លែងថា៖ «ដំណោះស្រាយហ្នឹង គឺគាត់ឡើងទៅដល់សភាទាមទារអាហ្នឹង[ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ]នោះ។ តាមការណែនាំរបស់ក្រុង [សាលាក្រុង] គេចង់ឱ្យគាត់មករស់នៅដីដែលគេត្រៀមទុកឱ្យ»។

ដីដែលអាជ្ញាធរត្រៀមទុកឱ្យពលរដ្ឋនោះ លោក យិន អ៊ីម ប្រាប់ថា គឺមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីសហគមន៍សំរោងត្បូង។

ក្ដីបារម្ភពីការបណ្ដេញចេញពីលំនៅឋានទាំងបង្ខំ

របាយការណ៍របស់អង្គការសមាគមធាងត្នោត ឱ្យដឹងថា កង្វះឯកសារគ្រួសារជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់សហគមន៍ក្រីក្រនៅក្នុងទីក្រុង។ ជាពិសេស សៀវភៅគ្រួសារមានសារៈសំខាន់សម្រាប់ចុះឈ្មោះបោះឆ្នោត សិទ្ធិកាន់កាប់ដីធ្លី ការទទួលបានអាហារ និងសេវាសាធារណៈនានា។

របាយការណ៍ក៏បានរកឃើញថា គ្រួសារមួយចំនួនបានប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ក្រឡេកមើលក្នុងសហគមន៍ពង្រសែនជ័យ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញឯណោះវិញ ក៏មានប្រជាពលរដ្ឋមិនអាចទទួលបានឯកសារគ្រួសារពីអាជ្ញាធរមូលដ្ឋានដែលពួកគេកំពុងរស់នៅដែរ។

កំពុងអង្គុយនៅច្រកផ្លូវចូលសហគមន៍ អ្នកស្រី ជ័រ ស្រី វ័យ៤៤ឆ្នាំ និយាយថា គាត់រស់នៅក្នុងសហគមន៍ពង្រសែនជ័យ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាង២០ឆ្នាំហើយ។

ស្ត្រីមានសម្បុរខ្មៅស្រអែមរូបនេះ បន្តថា គាត់បានចំណាកស្រុកពីខេត្តតាកែវ ក្នុងឆ្នាំ១៩៩៩ ដើម្បីមករស់នៅសហគមន៍ពង្រសែនជ័យ ដែលកាលនោះនៅជាដីវាលទំនេរ មានបឹង និងស្រែនៅព័ន្ធជុំវិញ។ បច្ចុប្បន្ន អ្នកស្រីមានកូនចំនួន៥នាក់ ក្នុងនោះមានកូនប្រុស២នាក់ ស្រី៣នាក់ ប៉ុន្តែកូនប្រុសវ័យ ២០ឆ្នាំរបស់គាត់ម្នាក់មិនទាន់មានអត្តសញ្ញាណបណ្ណទេ។

អ្នកស្រីថា គាត់បានស្នើសុំអាជ្ញាធរមូលដ្ឋានធ្វើអត្តសញ្ញាណបណ្ណឱ្យកូនគាត់ជាច្រើនលើកមកហើយ តែចៅសង្កាត់ឆ្លើយតបថាមិនអាចឱ្យបានទេ ព្រោះអ្នកស្រីមិនមានសៀវភៅគ្រួសារ និងជំរុញឱ្យគាត់បញ្ជាក់ឯកសារទាំងនោះនៅស្រុកកំណើតមកវិញ។

អ្នកស្រី ជ័រ ស្រី អង្គុយកាន់សៀវភៅគ្រួសារ (ទទួលបានពីអាជ្ញាធរនៅស្រុកកំណើត) ផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន ស្ថិតក្នុងសហគមន៍ពង្រសែនជ័យ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
អ្នកស្រី ជ័រ ស្រី អង្គុយកាន់សៀវភៅគ្រួសារ (ទទួលបានពីអាជ្ញាធរនៅស្រុកកំណើត) ផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន ស្ថិតក្នុងសហគមន៍ពង្រសែនជ័យ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

អ្នកស្រីថា៖ «គេថាយើងអត់មានសៀវភៅស្នាក់នៅហ្នឹងផង។ គេថាទាល់យើងមានសៀវភៅស្នាក់នៅហ្នឹងបានយើងអាចធ្វើបាន។ ខ្ញុំទៅសួរប៉ុន្មានដងហើយហ្នឹង ហើយឱ្យទៅធ្វើនៅស្រុក យើងរវល់ មានបានទៅធ្វើនៅស្រុកណា»។

ក្នុងសហគមន៍ពង្រសែនជ័យ មានផ្ទះរបស់ប្រជាពលរដ្ឋបានសង់ជាជួរប្រវែងប្រមាណ៦០០ម៉ែត្រ នៅចន្លោះរបងដីឯកជនដែលនៅអមសងខាង ខណៈផ្លូវចូលក្នុងសហគមន៍ក្រីក្រមួយនេះវិញមានប្រវែងប្រមាណ៣ម៉ែត្រ ល្មមតែអាចឱ្យម៉ូតូជិះចេញចូលបាន។

តំណាងសហគមន៍ពង្រសែនជ័យ អ្នកស្រី ថៃ ចាន់ណា វ័យ៤៤ឆ្នាំ ឱ្យដឹងថា​ មានប្រជាពលរដ្ឋចំនួន១៥៤គ្រួសារកំពុងស្នាក់នៅសហគមន៍មួយនេះ គឺជាប្រជាពលរដ្ឋក្រីក្រ ចំណាកស្រុកមកពីខេត្តស្វាយរៀង ព្រៃវែង តាកែវ ជាដើម។

អ្នកស្រី ថៃ ចាន់ណា បានចំណាកស្រុកមកពីខេត្តព្រៃវែង មករស់នៅសហគមន៍នេះជាង២០ឆ្នាំមកហើយ ខណៈអ្នកស្រីថា អាជ្ញាធរមិនបានហាមឃាត់នោះទេ។ បច្ចុប្បន្ន អ្នកស្រីមានកូនស្រីចំនួន៣នាក់ ដោយកូនច្បងអាយុ២១ កូនទី២អាយុ១៨ឆ្នាំ និងកូនទី៣មានអាយុ១០ឆ្នាំ។

អ្នកស្រីថា កូនៗទាំងអស់របស់គាត់ត្រូវទៅចុះសំបុត្របញ្ជាក់កំណើតនៅឯស្រុកកំណើតក្នុងខេត្តព្រៃវែង។

តំណាងសហគមន៍រូបនេះ ឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ពង្រសែនជ័យ មួយចំនួនដែលមានអត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ជាដើម គឺត្រូវធ្វើនៅស្រុកកំណើត ខណៈអាជ្ញាធរក្នុងតំបន់ដែលគាត់កំពុងស្នាក់នៅថា គាត់រស់នៅលើដីរដ្ឋ ទើបមិនអាចចេញឯកសារឱ្យគាត់បាន។

អ្នកស្រីថា៖ «គេថាយើងរស់នៅលើដីសាធារណៈរបស់រដ្ឋ យើងអត់មានសិទ្ធិក្នុងការទទួលយកបានទេ ប្លង់កម្មសិទ្ធ។ គេអត់ធ្វើឱ្យសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ សំបុត្រកំណើតក្មេង អត់ទាំងអស់គ្នា»។

លោក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ពន្យល់ថា ប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រទាំងនោះ នៅតែអាចទទួលបានឯកសារ ដូចជា សំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ ជាដើម ក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ ឱ្យតែមានឯកសារគ្រប់គ្រាន់។

លោក សាយ ម៉េងឈាង ពន្យល់ថា៖ «គាត់អាចស្នើធ្វើបាន ទាក់ទងសៀវភៅគ្រួសារ យើងបំពេញបែបបទតាមលក្ខខណ្ឌរបស់យើងទៅ។ ត្រូវមានសំបុត្រកំណើត អត្តសញ្ញាណបណ្ណ យើងត្រូវមានលិខិតអាពាហ៍ពិពាហ៍អ៊ីចឹងទៅ។ សេចក្តីចម្លងអាពាហ៍ពិពាហ៍ យើងភ្ជាប់ទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើជូនហើយ ឱ្យតែគាត់មានឯកសារគ្រប់»។

លោកបន្ថែមថា ក្នុងករណីដែលអាជ្ញាធរមូលដ្ឋានដែលពួកគាត់កំពុងរស់នៅ មិនបានធ្វើឯកសារទាំងនោះឱ្យ គឺពលរដ្ឋអាចទំនាក់ទំនងទៅលេខ ១២៧១ ឬលេខ ០១៧ ៨៩៨ ៩១៥ ដើម្បីសម្របសម្រួលការធ្វើលិខិតទាំងនោះ។

លោកថា៖ «ជាទូទៅ មន្រ្តីយើងគាត់តែងតែទាមទារឱ្យមានគ្រប់ឯកសារ បានយើងអាចបំពេញបែបបទជូនគាត់បានជាគោលការណ៍ច្បាប់។ ក្នុងករណីដែលទៅ មន្រ្តីយើងមិនធ្វើឱ្យ ឬក៏យ៉ាងម៉េច គាត់អាចរាយការណ៍មកក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្មយើង»។

ទោះជាយ៉ាងណា អ្នកស្រី ថៃ ចាន់ណា បារម្ភពីការបណ្ដេញចេញទាំងបង្ខំ នៅពេលដែលប្រជាពលរដ្ឋក្នុងសហគមន៍របស់គាត់មិនមានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់បែបនេះ។

អ្នកស្រីថា៖ «ថ្ងៃក្រោយមិនឱ្យគ្នានៅកន្លែងហ្នឹង ឱ្យគ្នាទៅនៅតំបន់ផ្សេង រុះរើដេញ[ទៅ]តំបន់ផ្សេង ក៏គ្នាមានសៀវភៅស្នាក់នៅ អាហ្នឹងវាសំខាន់គ្រប់ពេលវេលាសម្រាប់ប្រជាជន»។

ចៅសង្កាត់ចោមចៅទី១ លោក កង វង បដិសេធឆ្លើយតបជុំវិញការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណរបស់ពលរដ្ឋក្នុងសហគមន៍ពង្រសែនជ័យ។

លោក កង វង៖ «ខ្ញុំអត់អាចឆ្លើយបានទេ ព្រោះកន្លែងហ្នឹងពាក់ព័ន្ធដីកម្មសិទ្ធិរដ្ឋ»

ស្រ្តីម្នាក់ជិះម៉ូតូនៅមុខសាលាខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ស្រ្តីម្នាក់ជិះម៉ូតូនៅមុខសាលាខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន ថ្លែងថា ប្រជាពលរដ្ឋនឹងប្រឈមខ្លាំងក្នុងការទទួលបានសេវាសាធារណៈ ដូចជា ខកខានទទួលបានការអប់រំ ការដាក់ពាក្យធ្វើការ ការទទួលបានបណ្ណសមធម៌ បណ្ណក្រីក្រ ជាដើម ប្រសិនបើពួកគេនៅតែមិនមានឯកសារបញ្ជាក់អត្តសញ្ញាណជាមូលដ្ឋាន។

លោក សឿង សារ៉ន ថ្លែងថា ប្រជាពលរដ្ឋដែលអាជ្ញាធរអះអាងថាពួកគាត់រស់នៅលើដីសាធារណៈរបស់រដ្ឋ គួរតែអនុវត្តតាមច្បាប់ភូមិបាលដែលចែងថា ពលរដ្ឋមានសិទ្ធិកាន់កាប់ដីស្របច្បាប់ បើពួកគេបានមកតាំងទីលំនៅមុនឆ្នាំ២០០១។

លោកថា៖ «នីតិវិធីនៃការដោះស្រាយហ្នឹង មែនទែនទៅ តាមច្បាប់ភូមិបាល អ្នកដែលរស់នៅទីតាំង ក ខ គ មុនឆ្នាំ២០០១ហ្នឹង គឺគាត់មានសិទ្ធិក្នុងការកាន់កាប់ដីធ្លី និងអាស្រ័យផល ដោយស្របច្បាប់ហើយ»។

លោក សឿង សារ៉ន បន្ថែមថា ក្នុងករណីមានការបណ្ដេញពួកគាត់ចេញពីលំនៅឋាន រដ្ឋាភិបាលផ្ដល់សំណងសមរម្យ ហើយទីតាំងថ្មីគួរមានហេដ្ឋារចនាសម្ពន្ធត្រឹមត្រូវផងដែរ។

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​​ បញ្ជាក់ថា ពលរដ្ឋក្រីក្រ ឬខ្វះខាតដីធ្លី គ្រួសារខ្វះទីលំនៅដោយសារគម្រោងហេដ្ឋារចនាសម្ពន្ធសាធារណៈ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ និងកម្មករធ្វើការក្នុងចម្ការដីសម្បទានសេដ្ឋកិច្ចធំៗ អាចទទួលបានដីស្របច្បាប់តាមរយៈយន្តការដីសម្បទានសង្គមកិច្ច។

ទោះជាយ៉ាងណាក្ដី ត្រលប់មកអ្នកស្រី ថៃ ចាន់ណា ដែលបានចំណាកស្រុកពីខេត្តព្រៃវែង មករស់សហគមន៍ពង្រសែនជ័យ តាំងពីឆ្នាំ២០០០មក បានស្នើរដ្ឋាភិបាលមានយន្តការសមស្របមួយឱ្យគាត់ទទួលបានឯកសារគ្រួសារ ដូចជា សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ សំបុត្រកំណើត ពីអាជ្ញាធរក្នុងមូលដ្ឋានដែលគាត់កំពុងរស់នៅ។

អ្នកស្រី ថៃ ចាន់ណា ថ្លែងថា៖ «ជួយគិតគូរពីប្រជាពលរដ្ឋរបស់ខ្ញុំផង ដោយសារយើងជាកូនខ្មែរ យើងមិនអាចរស់នៅដោយគ្មានរបស់អស់ហ្នឹង [សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ សំបុត្រកំណើត] ទេ។ វាសំខាន់សម្រាប់គ្រួសារ គ្រប់គ្រួសារទាំងអស់ មិនថាបុគ្គលណាទេ វាសំខាន់ខ្លាំងហ្មង ដោយសារយើងចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ