អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​ជាង​៨ម៉ឺន​ដុល្លារ​ដល់​ការ​អភិរក្ស​វប្បធម៌​នៅ​ប្រាសាទព្រះវិហារ

ទិដ្ឋភាពនៅប្រាសាទព្រះវិហារ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋាភិបាលអាមេរិក​ បានប្រកាសផ្ដល់ជំនួយចំនួន៨៦ ៦៦៤ដុល្លារ ដល់ការអភិរក្សនិងជួសជុលនូវជណ្ដើរភាគខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានកសាងឡើងអំឡុងសតវត្សរ៍ទី១១។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីម្សិលមិញបានឱ្យដឹងថា ពិធីចុះហត្ថលេខាផ្ដល់និងទទួលជំនួយជិត១០ម៉ឺនដុល្លារនេះ ធ្វើឡើងរវាងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​នៅប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានរួមនោះបានស្រង់ប្រសាសន៍របស់ឯកអគ្គរដ្ឋទូតអាមេរិក លោក Murphy យ៉ាងដូច្នេះថា៖ «ខ្ញុំមានមោទកភាពក្នុងការប្រកាសនូវការបរិច្ចាគបន្ថែមទៀត ដើម្បីជួយដល់ការអភិរក្សប្រាសាទព្រះវិហារដ៏អស្ចារ្យមួយនេះ។ សហរដ្ឋអាមេរិកនឹងបន្តជាដៃគូដ៏សំខាន់មួយក្នុងកិច្ចប្រឹងប្រែងអភិរក្សនូវសម្បត្តិអច្ឆរិយៈរបស់ព្រះរាជាណាចក្រនេះ»

ប្រភពដដែលបញ្ជាក់ថា គម្រោងលើកទី១ និងទី២ ដែលបានធ្វើចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២១នេះ បានបញ្ចប់ជាស្ថាពរ ក្នុងទឹកប្រាក់៣២០ ០០០ដុល្លារអាមេរិក។ នេះជាជំនួយលើកទី៣ ដែលនឹងជួយគម្រោងអភិរក្សនិងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ជណ្ដើរថ្នាក់ទី៦ និងថ្នាក់ទី៧ និងជួសជុលចម្លាក់តោចំនួន២។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានរួមនោះ ដោយបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះជំនួយពីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក សម្រាប់គម្រោងដំណាក់កាលទី៣ នៃការអភិរក្សនិងជួសជុលជណ្ដើរខាងជើងប្រាសាទព្រះវិហារនេះ។

លោកស្រីបន្តថា៖ «ខ្ញុំជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងអាចរក្សាបាននូវស្នាដៃសិល្បៈនេះសម្រាប់មនុស្សជំនាន់ក្រោយ ហើយវានឹងតំណាងឱ្យទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរ»

កម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើងដើម្បីជួយអភិរក្សការពារនូវបេតិកភណ្ឌវប្បធម៌សំខាន់ៗជុំវិញពិភពលោក។ ​រដ្ឋាភិបាលអាមេរិកបានផ្ដល់ជំនួយជួយដល់កម្ពុជាជាង៥លានដុល្លារអាមេរិក តាំងពីឆ្នាំ២០០១មក ដើម្បីជួយដល់ការអភិរក្សទីតាំងបេតិកភណ្ឌសំខាន់ៗផ្សេងទៀត មានទាំងសម្ភារឯកសារប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា។

ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ