ពលករខ្មែរ​នៅ​ថៃ​មួយចំនួន​វិល​ត្រលប់​មក​កម្ពុជា​វិញ ក្រោយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ប្រភេទ​ថ្មី

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ត្រឹមរយៈពេល​ប្រមាណ​២សប្ដាហ៍ចុងក្រោយនេះ ពលករ​ខ្មែរ​មកពីថៃបានកើន​ឡើងនៅ​តាម​ច្រកព្រំដែនមួយចំនួនក្នុង​ខេត្តឧត្ដរមានជ័យ​ ខណៈពួកគេមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី «អូមីក្រុង»។

អភិបាល​រង​ខេត្ត​ឧត្ដរមាន​ជ័យ លោក ឌី រ៉ា​ជូ បានសង្កេតឃើញថា ពលករ​ដែល​វិលត្រលប់​មកពីប្រទេសថៃចូល​មកកម្ពុជាវិញ​ ភាគច្រើនតាមរយៈច្រក​អូរស្មាច់​មាន​ចំនួន​ច្រើន​ខុសពីថ្ងៃធម្មតា​ ជាពិសេសនៅរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ។

លោកបាន​បន្ថែម​ថា​ ស្រប​ពេល​​ការវិល​ត្រលប់​របស់​ពលករ​មក​ពី​ប្រទេសថៃ លោក​បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ។ ប៉ុន្តែ​ស្របពេល​ការទទួល​ស្វាគមន៍នេះ ​ក៏​ត្រូវ​​ត្រួត​ពិនិត្យ​សុខភាព​របស់​ពួក​គេផង​ដែរ។

លោក​មាន​ប្រសាសន៍ថា៖ «​ក្នុងនាម​ជា​អាជ្ញាធរខេត្ត​ ពួក​យើងបានផ្ដល់​ភាពកក់​ក្ដៅដល់​ពួកគាត់ ​ពេល​ពួកគាត់​ត្រលប់​មក​វិញ។ ប៉ុន្តែសំខាន់​បំផុត​ ចង់​និយាយថា ពេល​ពួក​គាត់​ត្រលប់​មក​វិញ គឺយើងត្រូវ​ពិនិត្យសុខភាព​គាត់​អ៊ីចឹងទៅណា! យើង​មាន​មន្រ្តី​ប្រចាំការនៅ​ទី​នោះ ​និង​មន្រ្តីសុខាភិបាល​​ មន្រ្តី​ព្រំ​ដែន។​ ហើយ​បើ​យើង​ពិនិត្យឃើញថាបាន​ចាក់​វ៉ាក់​សាំង​រួច​រាល់​បាន​គ្រប់​ដូស​អ៊ីចឹង តាម​បទបញ្ជារបស់​រាជរដ្ឋាភិបាល ​គឺថា​អនុញ្ញាតឱ្យគាត់​វិល​ត្រលប់ទៅ​ស្រុក​កំណើត​គាត់​វិញ​។ ប៉ុន្តែបើ​យើង​ពិនិត្យឃើញ​ពល​ករ​ដែល​គាត់​ត្រលប់​មក​វិញ​ ហើយ​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​ គឺ​ថាតម្រូវ​ឱ្យគាត់​ធ្វើ​ចត្តាឡីស័កអ៊ីចឹងទៅ​ណា»

មន្រ្តី​ទទួលបន្ទុកផ្នែក​ពលករទេសន្ត​ប្រវេសន៍​នៃ​អង្គ​ការសង់ត្រាល់​ លោក​ ឌី ថេហូ​យ៉ា បាន​ឱ្យ​​ដឹងថា នៅតាម​ព្រំដែន​ សកម្មភាព​លករ​ធ្វើការឆ្លង​ដែន​​មាន​ចំនួន​ប្រហាក់​ប្រហែល១០០នាក់ទៅ២០០នាក់​​ក្នុង​មួយថ្ងៃ។ ​​លោកថា ការចំណាក​ស្រុកអាច​មក​ពី​ការបើក​ទូលាយ​នៃ​ច្រក​ព្រំដែន​។

លោកថា៖ «ការចំណាកស្រុកនេះប្រហែលតែដោយសារមាន​ការបើក​ទូលំទូលាយ​នៅ​ក្នុង​ស្រុក​ផង ​ប៉ុន្តែ​មិន​ទាន់​បើក​ព្រំដែននៅ​ឡើយ។ ​ក៏​ប៉ុន្តែ​ពួកគាត់​មួយចំនួន​ច្រូត​ស្រូវ​ បាន​មាន​ន័យ​ថា​ បញ្ចប់​រដូវច្រូតកាត់​ស្រូវ​ហ្នឹង​ យើង​នឹង​​ឃើញមាននិន្នាការចំណាក​ស្រុក​ច្រើនថែម​ទៀត»

លោក​ក៏បានសម្ដែង​ក្ដីបារម្ភចំពោះពលករដែលធ្វើ​ចំណាក​ស្រុកឬវិលត្រល​ប់មកវិញ​ ដោយសារតែ​នៅប្រទេស​ថែមាន​ករណី​រក​ឃើញ​វីរុសបំប្លែងថ្មី អូមីក្រុង ចំនួន២ទៅ ៣ករណីរួចហើយ។ ​

លោកថា៖ «ប្រសិនបើជា​វា​មាន​ភាព​រីករាលដាល​ខ្លាំង​ទៀត វា​អាច​ប្រឈម​នឹង​ជាមួយពលករចំណាកស្រុក​ដែរ​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ